កូនៗ គឺជាមនុស្សដែលម្តាយស្រលាញ់ និងស្និទ្ធស្នាលបំផុត ពេលដែលកូនៗនៅតូច ពួកគេតែងចង់នៅក្បែរម្តាយគ្រប់ពេល។ ពេលដែលពួកគេជួបរឿងសប្បាយចិត្ត តែងតែចង់ចែករំលែកជាមួយម្តាយរបស់ខ្លួន ហើយពេលពួកគេជួបរឿងដែលមិនសប្បាយចិត្តនោះ ពួកគេសង្ឃឹមថាទទួលបានការលួងលោមពីម្តាយគេដូចគ្នា។ ម្តាយល្អម្នាក់ អាចធ្វើឱ្យកូនៗទទួលអារម្មណ៍ថា មានសន្តិភាពផ្លូវចិត្តជាទីបំផុត វាក៏ជាចំណែកជួយយ៉ាងសំខាន់ចំពោះការលូតលាស់របស់កូនៗផងដែរ។ ប៉ុន្តែមានម្តាយប៉ុន្មានប្រភេទ គឺធ្វើឱ្យកូនៗកើតចិត្តស្អប់ទាំងមិនដឹងខ្លួន តោះ! មកដឹងទាំងអស់គ្នា តើអ្នកមាននៅក្នុងប្រភេទមួយណាទេ?
១. នៅចំពោះមុខមហាជននិយាយបញ្ឈឺកូន
កូនឯងមើលគេចុះ គេខ្លាំងជាងកូនឯង មើលកូនឯងសរសរអក្សរចុះដូចស្រមោចវារ។ មានអាណាព្យាបាលជាច្រើនយល់ថា បែបនេះធ្វើឱ្យកូនខ្លួនឯងមានការដាក់ខ្លួន ម្យ៉ាងទៀតយល់ថា កូនក្មេងសេចក្តីថ្លៃថ្នូរ និងតម្លៃអ្វីទៅ ហូបឆ្ងាញ់គេងស្រួលទៅបានហើយ។ តាមពិតទៅកូនក្មេង គឺស្រលាញ់មុខមាត់ណាស់ ចូលចិត្តពាក្យសរសើរជាងបង្អាប់ ក៏ត្រូវការតម្លៃរបស់ខ្លួនគេដែរ បើក្នុងនាមម្តាយមួយរូបតែងតែនិយាយចំណុចខ្វះខាត ឬកំហុសឆ្គងរបស់កូនចំពោះមុខមហាជន ធ្វើឱ្យកូនមានអារម្មណ៍ខ្មាសគេ នៅចំពោះមុខបងប្អូនមិត្តភ័ក្រ្តងើបមុខមិនរួចនោះ យូរៗទៅគេនឹងកើតមានការតូចចិត្ត អន់ចិត្តចំពោះខ្លួនឯង រហូតដល់ស្អប់ម្តាយរបស់ខ្លួនទៀតផង។
២. ម្តាយដែលសោះកក្រោះ
ម្តាយដែលយកចិត្តទុកដាក់ចំពោះអាជីពមុខរបរពេក នៅជាមួយកូនតែងតឹងរឹងខ្លាំងពេក ធ្វើឱ្យកូនមិនអាចទទួលបានអារម្មណ៍ស្រលាញ់ពីម្តាយ ចេះតែព្រងើយដាក់កូនមិនសូវស្និទ្ធស្នាលនឹងកូន បែបនេះអាចធ្វើឱ្យកូនបាត់បង់សន្តិភាពផ្លូវចិត្ត ធ្វើការងារចេះតែប្រយ័ត្នខ្លាចមុខខ្លាចក្រោយ ហើយយូរៗទៅទំនាក់ទំនងម្តាយកូនមានតែអារម្មណ៍ភ័យខ្លាច មិនហ៊ានមាត់ករ មិនហ៊ាននិយាយពាក្យពិតប្រាប់ម្តាយ កាន់តែអាចឱ្យកូនៗកើនមានបញ្ហាផ្លូវចិត្តទៀតផង។
៣. វាយប្រហារកូន
មានម្តាយខ្លះមានចរិតពីធម្មជាតិ ឱ្យតែកូនចែករំលែក ឬនិយាយប្រាប់រឿងក្នុងចិត្តតែងប្រើពាក្យថា “កូនឯងអ៊ីចឹងនិង? ឬហ្អែងមនុស្សអ៊ីចឹងហ្នឹង?” ពាក្យនេះស្តាប់មើលទៅដូចធម្មតាទេ តែតាមពិតទៅ គឺបង្កប់ភាពមើលស្រាលចំពោះកូននៅក្នុងនោះ ជួនកាលពាក្យនេះស្តាប់ស៊ាំត្រចៀកទៅ កូនក៏លែងហ៊ានចែករំលែករឿងក្នុងចិត្តជាមួយម្តាយទៀតដែរ។ មានម្តាយមួយចំនួននិយាយត្អួញថា ៖ កូនរបស់គាត់គ្មានចិត្តសោះ ខ្លួនកាន់តែធំកាន់តែលែងនិយាយស្តីជាមួយម្តាយ។ តាមពិតទៅមកពីមិនបានសង្កេតមើលទង្វើវាចាររបស់ខ្លួន ពេលដែលពោលពាក្យចេញមកម្តងណាតែងវាយប្រហារកូន ប្រឆាំងកូន អ្វីដែលកូនលើកយោបល់ខុសទាំងអស់ ដូច្នេះកូនៗមិនហ៊ាននិយាយពាក្យក្នុងចិត្ត មិនហ៊ានបញ្ចេញមតិ សុខចិត្តនៅស្ងាត់ស្ងៀមម្នាក់ឯងល្អជាង។
៤. ម្តាយមានចរិតអន្ទះសារ
ម្តាយដែលមានចរិតអន្ទះសារចូលចិត្តតឿនកូន ឱ្យតែកូនធ្វើការងារយឺត ឬធ្វើខុសនោះ តែងតែចាប់ផ្តើមរអ៊ូរទាំ មិនព្រមផ្តល់ឱកាសឱ្យកូនៗបានធ្វើឱ្យបានច្រើនសារឡើយ ហើយតែងប្រើពាក្យស្តីបន្ទោសថា ៖ “ថីបានឯងយឺតយ៉ាងនេះ ល្ងង់ងាប់តែម្តង” “ គ្រាន់តែរឿងប៉ុណ្ណឹងធ្វើមិនបានដែរ ឯងអាចធ្វើអីបានទៀត” ពាក្យទាំងនេះយូរៗទៅនឹងក្លាយទៅជាដំបៅនៅក្នុងចិត្តរបស់កូន លទ្ធផលនោះគឺ កូនបាត់បង់ជំនឿចិត្តក្នុងការធ្វើការងារអ្វីមួយ និងអាចធ្វើឱ្យកូនកាន់តែល្ងង់ទៅៗ។
៥. ម្តាយស្រលាញ់កូនលម្អៀង
ដ្បិតតែកូនកើតក្នុងផ្ទៃតែមួយមែន ជួនកាលមានអ្នកម្តាយមួយចំនួនតូច ក៏មានចិត្តលួចលម្អៀងទៅលើកូនណាម្នាក់ជាងគេដែរ បែបនេះទោះជាមិននិយាយចេញមក តែទង្វើក៏អាចបង្ហាញឱ្យកូនៗចាប់អារម្មណ៍បានដែរ ជាពិសេសនៅពេលដែលកូនសំណព្វធ្វើអ្វីខុសតែងមិនត្រូវបានស្តីបន្ទោសឡើយ ឬក៏ស្តីឱ្យកូនម្នាក់ទៀតជំនួសវិញ យូរៗទៅទំនាក់ទំនងបងប្អូននាថ្ងៃមុខកាន់តែល្អក់កករ ហើយធ្វើបាបកូនៗដោយមិនដឹងខ្លួនទៀត ។
៦. ម្តាយមានគំនិតចាស់កម្រិល
អ្នកម្តាយគ្រប់រូបអាចរៀនមិនសូវបានច្រើន ចំណេះដឹងមិនសូវខ្ពស់ តែក៏មិនអាចយកបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់ និងការគិតរបស់ខ្លួនកាលពីសម័យដែលខ្លួននៅក្មេងមិនអប់រំកូនៗនោះដែរ ព្រោះបច្ចុប្បន្នជាសម័យបច្ចេកវិទ្យា មិនថាជាបរិស្ថាន គំនិតខួរក្បាលរបស់ក្មេងទេសុទ្ធតែមានការលូតលាស់ខ្លាំង និងលឿនមែនទែន ដូច្នេះសូមម្តាយគ្រប់រូបចាំបាច់ធ្វើការអភិវឌ្ឍខ្លួនឱ្យដើរទាន់សម័យកាល បើយើងនៅតែប្រើគំនិតបែបចាស់កម្រិលមកអប់រំកូនទៀត ទោះជាកូនគោរពតាមស្តាប់តាមអនុវត្តតាមក៏មិនប្រាកដថាកូនអាច និងយល់ស្របធ្វើតាមទាំងសប្បាយចិត្តនោះឡើយ ហើយថ្ងៃក្រោយទោះជាមនោសញ្ចេតនាសាច់ញាតិរវាងកូន និងម្តាយមិនបានប្រែធាតុមែន តែទឹកចិត្តរបស់កូនបានឃ្លានឆ្ងាយតាំងពីយូរណាស់ហើយ៕
អត្ថបទ ៖ បក្សី ទេព / Knongsrok