ទម្លាប់សន្សំប្រាក់ នឹងធ្វើឱ្យអ្នកទទួលបានសន្តិភាពផ្លូវចិត្ត-2

ការមិនចេះប្រាក់សន្សំ នឹងផ្តល់ឱ្យអ្នកនូវជីវិត ដែលមានរឿងកើតឡើងភ្លាមៗនឹកស្មានមិនដល់។

ក្នុងដៃមានប្រាក់ និងគ្មានប្រាក់ គឺជាជីវិតពីរផ្សេងគ្នា ប្រសិនបើអ្នកចង់ឱ្យក្នុងដៃមានប្រាក់ គឺត្រូវរៀនចេះសន្សំប្រាក់ អាចនិយាយម្យ៉ាងទៀតថា មនុស្សចេះសន្សំប្រាក់ និងមិនចេះសន្សំប្រាក់ គឺមានជីវិតខុសគ្នាស្រឡះ។

ប៉ុន្តែបច្ចុប្បន្ននេះ យុវវ័យជាច្រើនបែរជាមិនដឹងពីអត្ថប្រយោជន៍នៃការសន្សំប្រាក់ទៅវិញ អ្វីដែលពួកគេចង់បានតែមួយគត់នោះ គឺធ្វើយ៉ាងណាត្រូវថែរក្សាពេលវេលានៅក្មេងរបស់ខ្លួន បន្ទាប់មក ចាយប្រាក់ដែលខ្លួនមានតាមតែចិត្តនឹកឃើញ។

ស្ទើរតែមាន យុវវ័យខ្លះទៀតមួយខែអាចរកប្រាក់បានដល់ខ្ទង់ពាន់ ភ្លេចៗខ្លួនក៏បានចាយប្រាក់អស់ដោយមិនដឹងខ្លួន ទង្វើបែបនេះ នៅក្នុងភ្នែកមនុស្សជាច្រើន យល់ថាពិតជាឡួយឆាយណាស់ តាមពិតទៅជារឿងល្ងង់ជាទីបំផុត។

1

ហេតុអ្វីបានជានិយាយបែបនេះ?

ពួកយើងតែនិយាយថា ភាពដៃដន្យ និងថ្ងៃស្អែក តើមួយណាមកមុន នរណាក៏មិនដឹងដែរ។

ដូច្នេះ បើមានថ្ងៃមួយអ្នកជួបនឹងបញ្ហាដែលត្រូវការយកប្រាក់មកដោះស្រាយ ប៉ុន្តែនៅក្នុងដៃរបស់អ្នកមិនត្រឹមតែគ្មានប្រាក់សន្សំទេ សូម្បីតែទឹកប្រាក់នៅក្នុងក្រេឌីតកាត (Credit Card) ក៏គ្មានផង តើអ្នកនឹងមានអារម្មណ៍ដូចម្តេច?

ឧទាហរណ៍សាមញ្ញ និងច្បាស់លាស់បំផុតមួយចុះ បើអ្នក ឬគ្រួសារអ្នកមានជំងឺ ពេលត្រូវការលុយប្រញាប់ តើអ្នកនឹងធ្វើយ៉ាងម៉េចទៅ?

កុំយល់ថាឱ្យតែនិយាយដល់រឿងប្រាក់ គឺជារឿងធម្មតាមួយឱ្យសោះ ពីព្រោះនៅក្នុងលោកនេះរឿងរ៉ាវ ៩០ % សុទ្ធតែយកប្រាក់មកដោះស្រាយ មិនថាកិច្ចការតូចតាចនៅក្នុងជីវិតរស់នៅ ការស្លៀកពាក់ហូបចុក សុទ្ធតែត្រូវការប្រាក់ដើម្បីមកទ្រទ្រង់ទាំងអស់។

បើមិនមែនឪពុកខ្ញុំពិនិត្យឃើញមានជំងឺរលាកសួតធ្ងន់ធ្ងរទេ ខ្ញុំពិតជាមិនអាចយល់អំពីសារៈសំខាន់នៃការសន្សំប្រាក់ឡើយ ពីមុនខ្ញុំតែងយល់ថា ទោះជាខ្ញុំចាយប្រាក់ខ្ជះខ្ជាយបន្តិចមែន ប៉ុន្តែឱ្យតែខ្ញុំប្រឹងប្រែងទៅរកប្រាក់ នឹងអាចរកបានវិញជាមិនខាន។ ពេលឪពុកខ្ញុំចូលគេងនៅមន្ទីរពេទ្យ ក្រោយពេលខ្ញុំឃើញវិក័យបត្រហើយ ទើបខ្ញុំដឹងថា ដើមឡើយក្នុងដៃគ្មានប្រាក់មួយសេន ពិតជាពិបាកណាស់ យើងត្រូវការយកមកដោះស្រាយបញ្ហាភ្លាមៗ គឺមិនដឹងយកពីទីណាមកឡើយ។

2

នៅមានឧទាហរណ៍ជាក់ស្តែងមួយទៀត ៖ ការបង់ឥណទានផ្ទះ!

ដូចជាអ្នកដឹងស្រាប់ហើយ ឥណទានផ្ទះនេះ គឺត្រូវបង់ជាទៀតទាត់ មិនអាចលើសខ្វះមួយខែណាបានឡើយ ចុះបើក្នុងខែយើងរកប្រាក់មិនទាន់ ខ្ចីគេមិនឱ្យ តើយើងយកអ្វីមកបង់ឱ្យគេបានទៅ។

បើយើងចេះចាយប្រាក់ដោយភាពវៃឆ្លាត និងត្រឹមត្រូវនោះ វានឹងធ្វើឱ្យជីវិត និងការរស់នៅរបស់យើងពោរពេញដោយភាពងាយស្រួល និងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំង។

តក់ៗពេញបំពង់ របស់អ្វីក៏កើតឡើងពីតិចទៅច្រើនដែរ ដូច្នេះកុំគិតថាការសន្សំប្រាក់ចាប់ពីចំនួនតិចតួចមិនអាចជួយអ្នកបានឱ្យសោះ ព្រោះថ្ងៃទៅជាខែ ខែទៅជាឆ្នាំ គឺយើងមិនដឹងថាច្រើនប៉ុនណានោះឡើយ៕

អត្ថបទ ៖​ បក្សីទេព / Knongsrok