ភាពរីករាយ គឺជារបស់សំខាន់បំផុត សម្រាប់ជីវិតមនុស្ស

មនុស្សរស់នៅក្នុងលោកនេះ សុទ្ធតែមានពេលកំណត់មួយដូចៗគ្នា មិនខ្វល់ថាអ្នកមាន ឬអ្នកក្រនោះទេ មិនថាជាជនជោគជ័យ ឬជនសាមញ្ញនោះទេ ឱ្យតែដល់ពេលកំណត់មួយ នឹងចាកចេញពីពិភពលោកមួយនេះជាមិនខាន ដូច្នេះហើយត្រូវរស់នៅដោយភាពរីករាយ បែបនេះទើបមិនធ្វើឱ្យឆាកជីវិតមួយនេះកន្លងផុតទៅដោយមិនអសារបង់។

ភាពរីករាយ គឺសំខាន់បំផុតសម្រាប់ជីវិតមនុស្ស ដាច់ខាតមិនអាចរស់នៅដើម្បីតែផ្ទះ អ្នកប្រឹងប្រែងប្រមែប្រមូលលុយកាក់ តែអ្នកខំរកបានយកទៅបង់ឥណទានផ្ទះដោយត្រដាបត្រដួស បែរជាយកបំណុលមករុំខ្លួនអស់ពាក់កណ្តាលជីវិតទៅវិញ ចុងក្រោយឱ្យខ្លួនឯងរស់នៅក្នុងសម្ពាធមួយដែលនិយាយមិនចេញ ដូច្នេះ កុំដោយសារតែចង់បានផ្ទះធំហ៊ានទទួលយកឥណទានដែលហួសពីសមត្ថភាពរបស់ខ្លួនរកបាន ផ្ទុយមកវិញពេលដែលអ្នកបង់ឥណទានដែលមិនប៉ះពាល់ដល់ចំណាយផ្សេងទៀតរបស់អ្នក ឬគ្រាន់តែជាការចំណាយ ៣/១០ នៃចំណូលរបស់អ្នកនោះ អ្នកនឹងរស់នៅដោយគ្មានសម្ពាធ ព្រមទាំងរីករាយធូរស្រាល។

០

ភាពរីករាយ គឺសំខាន់បំផុតសម្រាប់ជីវិតមនុស្ស ដាច់ខាតកុំព្រោះតែឡានទំនើបសុខចិត្តឱ្យខ្លួនឯងក្លាយជាទាសករដោយមិនដឹងខ្លួន វាមិនត្រឹមតែឱ្យអ្នកចំណាយប្រាក់ដ៏ច្រើននោះទេ ព្រមទាំងឱ្យអ្នកចំណាយប្រាក់ថែទាំវាជាច្រើនទៀតផង ដូច្នេះហើយ ភាពស៊ីវិល័យគួរតែឱ្យមានកម្រិត កុំដោយសារតែឃើញគេមានឡានទំនើប ហ៊ឺហា ហើយយើងចង់បាន និងដេញតាមរបស់ទាំងនោះ បែបនេះទើបធ្វើឱ្យយើងរស់ដោយគ្មានភាពរីករាយទៅវិញ។

ភាពរីករាយ គឺសំខាន់បំផុតសម្រាប់ជីវិតមនុស្ស ដាច់ខាតកុំរស់នៅព្រោះតែមាសប្រាក់ ដ្បិតតែមនុស្សរស់នៅក្នុងពិភពលោកមួយនេះមិនអាចខ្វះប្រាក់បានមែន ប៉ុន្តែបើអ្នកលោភលន់ខ្លាំងពេកនឹងបាត់បង់សុភមង្គលជាមិនខាន។ ដូច្នេះ ប្រាក់ច្រើន ឬតិច ឱ្យតែគ្រប់ចាយ មិនជំពាក់ឥណទាន មិនចងការគេ ឱ្យតែខ្លួនឯងចេះស្កប់ស្កល់ បែបនេះជីវិតរបស់អ្នកនឹងរស់នៅដោយមានសន្តិភាពផ្លូវចិត្ត។

១

មិនថាជានរណាឡើយ សូមអ្នកដាច់ខាតត្រូវចងចាំ ភាពរីករាយនៅក្នុងចិត្ត គឺជារបស់សំខាន់បំផុតនៅក្នុងជីវិតមនុស្ស ការរស់នៅដោយភាពសាមញ្ញ គឺជារឿងដែលរីករាយបំផុត ការរស់នៅដោយភាពសុខសាន្ត គឺជាសុភមង្គលបំផុត ដាច់ខាតមិនអាចលោភលន់នឹងមាសប្រាក់ខ្លាំងពេកនោះទេ បើពុំដូច្នោះទេ នឹងធ្វើឱ្យការរស់នៅពោរពេញដោយភាពនឿយហត់ជាមិនខាន។

នៅក្នុងលោកនេះ មានមនុស្សប៉ុន្មាននាក់ ដើម្បីតែផ្ទះ ត្រូវស្ពាយបំណុលអស់មួយជីវិត ដើម្បីតែឡាន ត្រូវប្រជែងបង្អួតគ្នាអស់មួយជីវិត ដើម្បីតែក្រដាសប្រាក់ ត្រូវលោភលន់អស់មួយជីវិត តាមពិតទៅ របស់ទាំងនេះសុទ្ធតែជាវត្ថុក្រៅខ្លួនតែប៉ុណ្ណោះ ដល់ពេលវេលាមួយ របស់ទាំងនេះនឹងសាបសូន្យ មួយក៏យើងមិនអាចយកទៅបានដែរ មើលឱ្យស្រាលបន្តិច ទើបរស់នៅមានភាពធូរស្រាល។

ឱ្យតែរស់នៅប្រកបដោយភាពរីករាយ ដាច់ខាតកុំចង់បានច្រើនពេក ទោះជាអ្នកមានប្រាក់ច្រើនប៉ុនណា រស់នៅមិនអាចលើសពី ៣ ម៉ឺនថ្ងៃដែរ ទោះជាអ្នកមានអំណាចបុណ្យសក្តិប៉ុនណា ក៏មិនអាចលើស ១០០ ឆ្នាំបានដែរ ព្រោះជីវិតខ្លីណាស់ ពេលវេលាមិនចាំយើងទេ៕

រៀបរាងដោយ ៖ Mythical bird / Knongsr0k