ការរស់នៅសព្វថ្ងៃនេះ ការប្រាស្រ័យទាក់ទងគ្នា គឺជារឿងដែលគ្រប់គ្នាត្រូវតែមាន អ្វីដែលកាន់តែសំខាន់ទៀតនោះគឺ សេចក្ដីល្អ ចិត្តល្អចែករំលែកចិត្តទូលាយចំពោះគ្នាទៅវិញទៅមក។ តែយ៉ាងណាមិញ នៅក្នុងជីវិតយើងនេះ គួរតែចេះត្បិតត្បៀតខ្លះ ជាពិសេសចំពោះរឿង ៣ យ៉ាងនេះ កុំទូលាយខ្លាំងពេក បើទូលាយពេក ខ្លួនឯងច្បាស់ជាគ្មានសល់អ្វីនោះឡើយ។
១. ចាយទូលាយខ្លាំងពេក
លុយពិតជាសំខាន់ខ្លាំងណាស់ ដូច្នេះគួរតែចាយនៅកន្លែងដែលត្រឹមត្រូវ និងជាមួយមនុស្សត្រឹមត្រូវ។ ក្នុងជីវិតនេះមានពេលទៅជួបមិត្តភ័ក្ដិ ហូបចុកជួបជុំគ្នាជារឿងធម្មតា ហើយការប៉ាវមិត្តហូបអី វាក៏ជារឿងធម្មតាដែរ តែយ៉ាងណា កុំចេះតែទូលាយប៉ាវគេគ្រប់ពេល គ្រប់គ្នា វាមិនល្អនោះឡើយ។
លុយកាន់តែច្រើន អ្នកកាន់តែមានអារម្មណ៍ថាអ្នកមាន ដូច្នេះពួកគេទាញយកផលប្រយោជន៍ពីវាកាន់តែច្រើន។ ដល់ពេលអ្នកអស់លុយ ប្រាកដជាមានគេបន្ទោសថាមកពីអ្នក ចាយវាយ ផឹកស៊ី ប៉ាវគេប៉ាវឯង សម្ញែងខ្លាំងពេក គេមិនមែនគិតថាយើងនេះឱ្យតម្លៃមិត្តភាព និងទំនាក់ទំនងនោះឡើយ។
គ្រប់គ្នាដឹងថាការចំណាយលុយគឺល្អ ប៉ុន្តែត្រូវចំណាយនៅកន្លែងត្រឹមត្រូវ និងជាមួយមនុស្សត្រឹមត្រូវ។ ប្រសិនបើអ្នកមានចិត្តទូលាយខ្លាំងពេក នឹងមានមនុស្សចាត់ទុកអ្នកថាជាមនុស្សល្ងង់នៅថ្ងៃណាមួយមិនខាន។
២. ទូលាយ មិនចេះនិយាយពាក្យថា "ទេ"
ជីវិតនេះកាន់តែពិបាកក្នុងការបដិសេធ ពេលខ្លះ យើងមិនដឹងថា គួរឆ្លើយថា ទេ ចំពោះសំណើរ ឬសំណូមពរពីមនុស្សក្បែរខ្លួន វាពិតជាពិបាកនឹងហាមាត់ខ្លាំងណាស់។ ប៉ុន្តែ នៅពេលដែលអ្នកចិត្តទូលាយ មិនចេះនិយាយថា ទេ ច្បាស់ជាមានគេយកឱកាសនេះ បំពាន និងកេងចំណេញលើអ្នកលែងក្រែងចិត្តអ្នកមិនខាន។
វាជាការពិបាកក្នុងការឈ្លោះប្រកែកគ្នារវាងមនុស្សដែលរស់នៅជាមួយគ្នា នោះគឺជារឿងធម្មតា។ ប៉ុន្តែប្រសិនបើមានអ្វីដែលអ្នកមិនអាចធ្វើបាន ចូរនិយាយថាទេ មិនបាច់ខ្លាចក្រែងអ្វីទេ ព្រោះយើងមិនអាចជួយគេបានគ្រប់រឿង គ្រប់ពេលនោះឡើយ។ កុំបង្ខំខ្លួនឯងឱ្យធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន ឬធ្វើអ្វីដែលខ្លួនអ្នកមិនចង់ធ្វើ។ ការជួយអ្នកដទៃគឺជារឿងល្អដែលត្រូវធ្វើ ប៉ុន្តែពេលខ្លះ បើយើងជួយគេច្រើនពេក គឺប្រៀបបាននឹងធ្វើបាបខ្លួនឯងទៅវិញ។
៣. ងាយនិយាយ ងាយសន្យា
មនុស្សជាច្រើនគិតថា ការនិយាយគឺជាសិទ្ធិរបស់ពួកគេ ដូច្នេះពួកគេនិយាយអ្វីក៏ដោយដែលពួកគេចង់និយាយ។ ដូចនេះ គេតែងនិយាយដោយងាយ គ្មានខ្វល់អ្វីឡើយ។ មនុស្សប្រភេទនេះអាចទទួលបានការសាទរពីដំបូង ប៉ុន្តែក្រោយមកនឹងធ្វើឱ្យមានការមិនទុកចិត្ត ដែលគេហៅថា មនុស្សបាតដៃខ្នងដៃ។
សន្យា និយាយហើយត្រូវតែធ្វើ តែបើមិនអាចធ្វើបាន កុំសន្យា។ ទោះយ៉ាងណាក៏ដោយ មនុស្សគ្រប់រូបគួរតែដឹងពីរបៀបរក្សាជំនឿរបស់ពួកគេ បើមិនដូច្នេះទេ អ្នកដទៃនឹងកាន់តែឃ្លាតឆ្ងាយទៅៗ៕
ប្រភព ៖ បរទេស / Knongsrok