ជាការពិត មនុស្សជាច្រើនតែងតែរអ៊ូថា ហេតុអ្វី រកស៊ីមិនកើនទៅណាសោះ ខំរកណាស់ដែរ គំនិតខំគិតណាស់ដែរ រកដូចគេឯងដែរ តែនៅតែប៉ុណ្ណឹង ដូរមុខរបរពីមួយទៅមួយ ដូរចង់គ្រប់របរអស់ហើយ មិនរីកចម្រើន មានតែថមថយចុះទៅវិញ តាមពិត វាអាចមកពីហេតុផលទាំងនេះ
១. មុខរបរខុសជំនាញ
អ្នកខ្លះរកស៊ីតាមគេ ឃើញគេរកបានខំរកតាមគេដែរ ទាំងដែលខ្លួនឯងមិនមានជំនាញច្បាស់លាស់ មិនចេះសោះខាងហ្នឹង តែប្រឹង ព្រោះគិតថា គេធ្វើបាន អញក៏ធ្វើបាន គេរកបាន រឿងអីអញរកមិនបាន តែភ្លេចគិតថា មនុស្សទាំងអស់ មិនមែនសុទ្ធតែដូចគ្នាឡើយ បើយើងគ្មានដុង គ្មានជំនាញ ជាពិសេស ចង់បានលទ្ធផលល្អហួសពីអ្វីដែលខ្លួនប្រឹង វាក៏មិនអាចដែរ។
២. ខ្វះទំនុកចិត្ត មិនខិតខំ
មនុស្សខ្លះ ចាប់ផ្ដើមទាំងគ្មានទំនុកចិត្ត មិនចេះខិតខំទេ ចង់បានតែលទ្ធផលភ្លាមៗ គ្មានទំនុកចិត្តលើខ្លួនឯង គ្មានទំនុកចិត្តលើអ្វីដេលខ្លួនឯងបានធ្វើ នឹកឃើញតែលទ្ធផលបរាជ័យ មិនអាចទៅរួច ខ្លាចខាត ខ្លាចឡុងចុង ខ្លាចនេះ ខ្លាចនោះឥតល្ហែ។
៣. ខ្វះភាពអត់ធ្មត់
អ្នកខ្លះ ប្រឡូកមិនទាន់បានអីផង គ្រាន់តែបរាជ័យលើកដំបូងសោះ ក៏បោះបង់ចោល មិនចេះអត់ធ្មត់ មិនចេះតស៊ូ មិនចេះប្ដូរយុទ្ធសាស្ត្រក្នុងការរកស៊ីទេ បែរជាប្ដូរគោលដៅ ប្ដូរមុខរបរទៅវិញ។
៤. ខ្វះដៃគូសហការណ៍
មនុស្សខ្លះ គិតថាខ្លួនខ្លាំងពូកែ អស្ចារ្យ មិនត្រូវការដៃគូសហការណ៍ បោះបង់ឱកាសវិនិយោគពីអ្នកដទៃ ព្រោះតែគិតថា ខ្លួនអាចធ្វើបានគ្រប់យ៉ាងហើយ រឿងអីទៅយកដៃគូមកបន្ថែម នាំតែបែងចែកប្រាក់ចំណេញ ភ្លេចគិតថា ការដែលមានដៃគូបន្ថែម បើបានដៃគូល្អ អ្នកនឹងចំណេញទ្វេដងនោះឡើយ។
៥. ខ្វះទំនាក់ទំនង
មិនមានទំនាក់ទំនងល្អជាមួយអ្នកណា សូម្បីតែជាមួយអតិថិជនរបស់ខ្លួន គិតថា អញមានអីវ៉ាន់លក់ មិនទ្រអ្នកណា វាជាចំណុចខ្សោយបំផុតរបស់អ្នករកស៊ី បើអ្នកគិតបែបហ្នឹង បិទតូប បិទមុខរបរទៅល្អជាង កុំចំណាយពេលចោលអី។ ព្រោះការរកស៊ី សំខាន់បំផុតគឺ ការសាងទំនាក់ទំនងល្អជាមួយអ្នកជុំវិញ ជាពិសេសគឺអតិថិជន។
៦. ខុសពេលវេលា ខុសកន្លែង
អ្នកខ្លះ ប្រឹងទាំងមិនមានគោលដៅច្បាស់លាស់ ប្រឹងទាំងខុសកន្លែង ខុសពេលវេលាកាលៈទេសៈ។ ការដែលអ្នករកមិនត្រូវកន្លែង ប្រឹងប្រែងខុសពេលវេលា ទោះអ្នកប្រឹងកម្រិតណា ក៏មិនបានផលដែរ វាក៏មិនខុសអីពីការធ្វើល្អនោះឡើយ ទោះអ្នកធ្វើដល់ស្លាប់ខ្លួន តែអ្នកធ្វើទៅលើមនុស្សដែលស្អប់អ្នក ក៏គេនៅតែមើលមិនឃើញដូចគ្នា ចំណែកការរកស៊ីក៏អ៊ីចឹងដែរ។
៧. អំនួត ក្អេងក្អាង
ការអំនួត ភាពក្អេងក្អាង មិនបាននាំឱ្យជីវិតជំនួញរបស់អ្នកជោគជ័យឡើយ ព្រោះថាការអំនួតនេះហើយនឹងនាំឱ្យអ្នកបាត់បង់គ្រប់យ៉ាង សូម្បីតែប្រពន្ធកូន ក្រុមគ្រួសារ និងខ្លួនឯង។
៨. អត់សំណាង គ្មានហុងស៊ុយ
អ្នកខ្លះនិយាយថា ការរកស៊ីដើមទុនសំខាន់បំផុតគឺទំនុកចិត្ត ការខិតខំតស៊ូ និងមានលុយ៊ ជាការពិត ការរកស៊ីគឺត្រូវការទាំង៣ហ្នឹងមែន តែជាក់ស្ដែង បើអ្នកគ្មានសំខាងផ្គួបជាមួយ កន្លែងអ្នករកគ្មានហុងស៊ុយ វាក៏មិនអាចលូតលាស់បានដែរ ដែលឃើញអ្នកខ្លះ បោះទុនរាប់ពាន់ រាប់ម៉ឺន តែចុងក្រោយក៏ត្រូវខាតឡុងចុង បិទទ្វាដូចគ្នា។ អ៊ីចឹងហើយ សំណាង និងហុងស៊ុយ វាក៏ផ្គួបផ្សំគ្នាដែរ។
៩. ឃើញតែលទ្ធផលបាន និងបាន
អ្នកខ្លះ ចាប់ផ្ដើមរកភ្លាម មានឈ្មោះថា អញចេះរកហើយ គិតថាបានលទ្ធផលគាប់ចិត្ត ចង់ឱ្យបានចំណេញលុយខាប់ៗ គិតតែពីបាន គិតតែរឿងចំណេញ តែត្រូវចាំថា ការរកស៊ី មានខាតមានចំណេញ បើចំណេញ ត្រូវទិញរបស់បន្ថែម តែបើខាត យើងក៏បានបទពិសោធន៍។ ត្រូវចាំថា បើចង់ចេញរកស៊ី គឺត្រូវត្រៀមខ្លួនសម្រាប់ខាត បើអ្នកមិនខាត អ្នកក៏មិនអាចរកផលចំណេញបានគុណទ្វេដងឡើយ។
១០. អីវ៉ាន់ខ្វះគុណភាព
អ្នកខ្លះដាក់អីវ៉ាន់មក គិតតែថា ខ្លួនស្រឡាញ់ ខ្លួនពេញចិត្តតែខ្លួនឯង តែមិនខ្វល់ពីសេចក្ដីត្រូវការរបស់ទីផ្សារ និងអតិថិជន អ៊ីចឹង គឺលក់បានតែលក់ឱ្យខ្លួនឯងហ្នឹងហើយ អីវ៉ាន់មិនល្អ គេកែតម្រូវបែរជាខឹងនឹងគេ មិនចេះកែច្នៃអីវ៉ាន់ វាក៏មិនអាចបានល្អប្រសើរលូតលាស់ទៅមុខដែរ។
មួយវិញទៀត ចង់រកស៊ីជោគជ័យ ចង់ក្លាយជាម្ចាស់អ្វីមួយ ការចាប់ផ្ដើមដំបូង ឬមិនថាទៅថ្ងៃមុខទេ អ្នកត្រូវតែជា ថៅកែ និងជាកូនចៅដូចគ្នា មិនមែនមិនចេះអី ចាំតែបញ្ជាគេនោះឡើយ បើអ្នកមិនចេះធ្វើអ្វីសោះ អ្នកក៏មិនអាចប្រើគេបានយូរដែរ ហើយគេអាចក្រឡុក អាចបង្វិល ហើយធ្វើបាបអ្នកបានគ្រប់ពេល ដូច្នេះ អ្នកត្រូវតែចេះដឹង និងមានសមត្ថភាពប្រឡូកដោយខ្លួនឯងសិន ទើបវាមិនមានហានិភ័យ ក្នុងការឱ្យកូនចៅមកបង្វិលអ្នកទៅថ្ងៃក្រោយ។ ហើយអ្វីដែលសំខាន់នោះគឺ ទំនួលខុសត្រូវ ច្បាស់លាស់ នឹងធឹង និងហ៊ានប្រឈមមុខ៕