បើចង់មានបាន សល់ទ្រព្យ កេរ្តិ៍ឈ្មោះ និងលាភសំណាង ដាច់ខាត ហាមចូលក្នុងកន្លែងទាំង ៣ ខាងក្រោមនេះ បើមិនដូច្នោះទេ អ្នកច្បាស់ជាគ្មានសល់អ្វីឡើយ ជាប់ស៊យ បាត់បង់លាភសំណាងកាន់តែខ្លាំង។
១. កន្លែងកម្សាន្ត ស៊ីផឹកដែលគ្មានប្រយោជន៍
រឿងដំបូងដែលមនុស្សគួរចៀសវាង គឺកន្លែងកម្សាន្តដែលមិនអាចរកប្រាក់ចំណេញបានដូចជា បារ ក្លឹប និងកន្លែងផ្សេងទៀត។ អ្នកខ្លះមានទម្លាប់ផឹកស្រាក្រោយពេលធ្វើការ ដើម្បីបំបាត់ភាពតានតឹង។ ជាការពិត ជីវិតសម័យទំនើបកាន់តែតានតឹង និងពិបាកឡើងៗ ដូច្នេះហើយការសម្រាកពីមួយពេលទៅមួយពេល គឺចៀសមិនផុតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកយកចិត្តទុកដាក់ខ្លាំងពេកទៅលើកន្លែងស៊ីផឹក សប្បាយៗទាំងនេះ វានឹងពិបាកសម្រាប់អ្នក ដើម្បីរក្សាចិត្តឱ្យស្ងប់ណាស់។
ផ្ទុយទៅវិញ មានវិធីជាច្រើនដើម្បីសម្រាកចិត្ត ដោយមិនបាច់ទៅកន្លែងកម្សាន្តដែលគ្មានប្រយោជន៍។ ជាឧទាហរណ៍ អ្នកអាចចំណាយពេលជាមួយក្រុមគ្រួសារ ការធ្វើដំណើរ ឬចូលរួមក្នុងសកម្មភាពដូចជា សមាធិ និងហាត់យូហ្គាជាដើម។ សកម្មភាពទាំងនេះធ្វើឱ្យរាងកាយមានសុខភាពល្អ ហើយក្នុងពេលតែមួយល្អសម្រាប់សុខភាពផ្លូវចិត្តផងដែរ។
២. កន្លែងលេងល្បែងស៊ីសង
ទី២ អ្នកត្រូវនៅឱ្យឆ្ងាយពីល្បែងស៊ីសង។ កុំគិតថាអាចរកប្រាក់បានច្រើន ហើយក្លាយជាអ្នកមាន។ ផលវិបាកនៃការលេងល្បែងស៊ីសង គឺធ្ងន់ធ្ងរណាស់ មិនត្រឹមតែបាត់បង់ទ្រព្យសម្បត្តិទាំងអស់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យគ្រួសារក្ស័យធនទៀតផង។
ដូច្នេះ កុំត្រេកត្រអាលព្រោះការឈ្នះប៉ុន្មានដងនោះ។ កាន់តែលេង កាន់តែលោភលន់ ពេលឈ្នះក៏សប្បាយអរ ពេលចាញ់ក៏ខ្ចីលុយដើម្បីបន្តលេង ដើម្បីស្រង់ដើមមកវិញ។ ប៉ុន្តែនៅទីបំផុត អ្នកលេងមិនដឹងថាខ្លួនបានបាត់បង់អ្វីទាំងអស់ដោយសារការលេងល្បែងនឡើយ។
បើអ្នកមានលុយ វិនិយោគលើការងារពិតប្រាកដ ឬប្រើលុយដើម្បីសងគុណឪពុកម្តាយរបស់អ្នក។ នោះជាវិធីដ៏ពិតប្រាកដដើម្បីក្លាយជាអ្នកមាន និងរក្សាគ្រួសារអ្នកឱ្យមានភាពចម្រុងចម្រើនជារៀងរហូត។
៣. កន្លែងស្រី
កន្លែងដូចជាផ្ទះបន ឬផ្ទះស្រីខូចត្រូវបានគេចាត់ទុកថាជាកន្លែងបម្រើតណ្ហា។ មកទីនេះគ្រាន់តែស្វែងរកការបំពេញនូវតណ្ហារបស់ខ្លួន ងាយនឹងបាត់បង់កិត្តិយស អាជីព និងគ្រួសារ។
ទៅថ្ងៃអនាគតនឹងចៀសមិនផុតពីការក្បត់ និងវាយធ្វើប្រពន្ធកូន និងសង្គមទាំងមូល។ ដូច្នេះហើយ ទើបបុរាណបានណែនាំថា បុរសៗមិនគួរទៅកន្លែងផ្លូវភេទបែបនេះទេ ព្រោះវាមិនត្រឹមតែប៉ះពាល់ដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់មនុស្សជុំវិញខ្លួនទៀតផង។
ក្នុងនាមជាមនុស្ស យើងត្រូវដឹងពីរបៀបគ្រប់គ្រងចំណង់ដែលមិនចាំបាច់របស់យើង។ ត្រូវនៅឲ្យឆ្ងាយពីកន្លែងអាក្រក់ទាំងនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់ខ្លួនឯង និងសង្គម ព្រមទាំងគ្រួសាររបស់យើងផងដែរ៕
ប្រភព ៖ បរទេស / Knongsrok