មានពាក្យស្លោកមួយឃ្លាបានពោលថា «មនុស្សស្លាប់ព្រោះតែលុយ សត្វស្លាបស្លាប់ដោយសារតែនុយ» មនុស្សខ្លះបាត់បង់ជីវិតដោយសារភាពលោភលន់ និងមហិច្ឆតារបស់ខ្លួនឯង។ យ៉ាងណាមិញ ក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗ ប្រសិនបើ ៥ ចំណុចនេះ កើនឡើងខ្លាំងហើយនោះ មនុស្សម្នាក់នោះ ច្បាស់ជានឹងត្រូវអន្តរាយ ខ្ចាត់ខ្ចាយ បាត់បង់អ្វីៗគ្រប់យ៉ាង សូម្បីតែជីវិតខ្លួនឯងក៏រក្សាមិនបានដែរ។
១. មហិច្ឆតា ការលោភលន់កាន់តែច្រើន កាន់តែបាត់បង់ក្ដីសុខ
បុរាណមានសុភាសិតមួយឃ្លាថា “មនុស្សស្លាប់ព្រោះតែលុយ សត្វស្លាបស្លាប់ព្រោះតែនុយ” មនុស្សខ្លះស្លាប់ដោយសារមហិច្ឆតា ការលោភលន់។ បុរាណជឿថា ពរជ័យរបស់បុគ្គលត្រូវបានរៀបចំរួចហើយនៅក្នុងគុណធម៌។ ហើយកម្មផលដែលគេបានសាងទាំងជាតិនេះ និងជាតិមុន ក៏មានដែរ។ មនុស្សដែលមានសេចក្តីប្រាថ្នាច្រើនឡើងៗ រហូតដល់មិនអាចស្កប់ចិត្ត ក៏វេទនា នាំឱ្យខ្លួនឯងបាត់បង់ក្ដីសុខ ជីវិតមានតែទម្ងន់ទុក្ខ ចុងក្រោយ អ្វីក៏មិនមានដែរ។
២. និយាយកាន់តែច្រើន កាន់តែមានបញ្ហា
និយាយច្រើន ខុសច្រើន ពាក្យនេះ គឺមិនខុសនោះឡើយ អ្នកដែលនិយាយច្រើន មុន ឬក្រោយ នឹងបង្ហាញពីចំណុចខ្វះខាតរបស់ខ្លួន មិនមានកិត្យានុភាពគ្រប់គ្រាន់ដើម្បីយកឈ្នះអ្នកដទៃបានឡើយ។ ការនិយាយដោយប្រយ័ត្នប្រយែង គឺជាពរជ័យ មនុស្សដែលនិយាយច្រើន គឺមិនសូវបានគិតអ្វីល្អិតល្អន់ ច្រើនតែនិយាយតាមតែអារម្មណ៍ និងការនឹកឃើញរបស់ខ្លួនឯង ចូលចិត្តអួតតែពីខ្លួនឯង ដូច្នេះហើយ មនុស្សបែបនេះ ច្រើនតែគ្រោះ ព្រោះតែមាត់ខ្លួនឯង។
៣. ខ្លាចកាន់តែច្រើន ឱកាសក៏កាន់តែបាត់បង់
មនុស្សគ្រប់រូបមានគំនិតអាត្មានិយម ដូច្នេះហើយពួកគេតែងតែគិតអំពីការចំណេញ និងការខាត។ មានការភ័យខ្លាចរាប់មិនអស់ ដូចជាខ្លាចអត់ឃ្លាន ខ្លាចចាស់ ខ្លាចជំងឺ...។ ប៉ុន្តែនៅទីបំផុត មូលហេតុដែលធ្វើឱ្យមនុស្សងាយនឹងភ័យខ្លាច គឺភាពអាត្មានិយម និងលោភលន់។
ពេលអ្នកមិនអាចមានបាន អ្នកព្រួយបារម្ភពីវិធីយកវា ហើយពេលមាន អ្នកក៏ខ្លាចបាត់បង់។ គ្មានផ្លូវដើម្បីរស់នៅដោយសន្តិភាពបានទេ។ មនុស្សដែលខ្លាចតែងតែងាយនឹងបាត់បង់ឱកាសល្អៗ ដូច្នេះហើយជីវិតទាំងមូលរបស់ពួកគេ គ្រាន់តែជាមនុស្សមធ្យមប៉ុណ្ណោះ។ មនុស្សដែលខ្លាចច្រើន ច្រើនតែកំសាក ពួកគេងាយនឹងឱ្យអ្នកដទៃបញ្ជាបានតាមចិត្ត តែងតែធ្វើអ្វីៗដែលអ្នកដទៃប្រាប់ ប៉ុន្តែមិនអាចធ្វើអ្វីដែលខ្លួនចង់ធ្វើនោះឡើយ។
៤. ការប្រកួតប្រជែងកាន់តែច្រើន អ្នកនឹងកាន់តែចាញ់
ក្នុងជីវិតនេះ ទោះជាអ្នកណាប្រជែងគ្នាដើម្បីអ្វីក៏ដោយ ក៏មិនអាចមានសេចក្ដីសុខបានដែរ ព្រោះតែការប្រជែង តែងតែនាំមកនូវការខកចិត្ត។ បើឈ្នះដើម្បីចំណេញ អ្នកនឹងបាត់បង់ភាពស្មោះត្រង់ បើឈ្នះកេរ្តិ៍ឈ្មោះអ្នកនឹងបាត់បង់មិត្តភាព។
ប្រជែងយកឈ្នះអ្នកដទៃ ចិត្តអ្នកក៏មិនស្ងប់ មិនស្រួលដែរ។ មនុស្សដែលមានការប្រកួតប្រជែង គឺជាប្រភេទមនុស្សដែលមិនចេះដឹងគុណ មនុស្សដែលគិតតែប្រកួតប្រជែង មិនមានពេលដើម្បីអភិវឌ្ឍន៍ខ្លួនឯងទេ ព្រោះរវល់តែចង់ឈ្នះគេ ទាំងងងឹតងងុល។
៥. សង្ស័យកាន់តែច្រើន កាន់តែល្ងង់
មនុស្សដែលមានអារម្មណ៍ឆេវឆាវ ពេលគេគិតថាខ្លួនឆ្លាត ចូលចិត្តស្មានពីការគិតរបស់អ្នកដទៃ នោះនឹងធ្វើរឿងឆោតល្ងង់ថែមទៀត។ មើលឃើញច្បាស់ពេកនឹងខូចភ្នែក គិតច្រើនពេកនឹងនឿយហត់ក្នុងចិត្ត។ ការសង្ស័យនៅទីបំផុតនឹងបាត់បង់ដោយខ្លួនឯង សង្ស័យខ្លាំងពេក លែងទុកចិត្តអ្នកណា សូម្បីតែខ្លួនឯង ចុងក្រោយ លែងមានអ្នកណានៅក្បែរ៕
ប្រភព ៖ បរទេស / Knongsrok