ដំណើរជីវិតប្រចាំថ្ងៃ ការពិតទៅ វាមិនមានអ្វីដែលសាំញុំា ឬស្មុគស្មាញនោះឡើយ ឱ្យតែយើងចេះធ្វើឱ្យខ្លួនឯងមានក្ដីសុខ ចេះគ្រប់គ្រងលើចិត្ត គំនិត និងទម្លាប់ខ្លួនឯងឱ្យបាបល្អ ត្រឹមត្រូវ អ្វីៗក៏នឹងប្រសើរតាមហ្នឹងដែរ។ យ៉ាងណាមិញ ប្រសិនបើចង់ឱ្យខ្លួនឯងមានក្ដីសុខ សំណាងល្អ និងទទួលបានជោគជ័យទៅថ្ងៃខាងមុខ អ្នកត្រូវចេះផ្លាស់ប្ដូរនូវ ៣ ចំណុចដ៏សំខាន់នេះ។
១. ប្ដូរចិត្ត
ជាការពិត មនុស្សដែលគ្មានក្ដីសុខ ចេះតែកើតទុក្ខ ស្មុគស្មាញ ក៏ព្រោះតែមិនចេះគ្រប់គ្រងផ្លូវចិត្តរបស់ខ្លួនឯងបានល្អ ទើបបង្កទៅជាបញ្ហា មួហ្មង កើតទុក្ខគ្រប់ពេលបែបនេះ។
យ៉ាងណាមិញ ប្រសិនបើចង់ឱ្យខ្លួនឯងមានក្ដីសុខ រីករាយ សប្បាយចិត្ត អ្នកត្រូវចេះផ្លាស់ប្ដូរចិត្តខ្លួនឯងជាមុនសិន ចិត្តដែលចេះតែខ្វល់ដល់រឿងអត់ប្រយោជន៍ ចិត្តដែលចេះតែខ្វល់ដល់រឿងអ្នកដទៃ ចិត្តដែលចេះតែអន់ចិត្តនឹងគេផ្ដេសផ្ដាស ចិត្តដែលចេះតែច្រណែននឹងអ្នកដទៃ ចិត្តដែលតូចចង្អៀត ព្រោះតែចិត្តទាំងអស់នេះហើយ ដែលធ្វើឱ្យយើងគ្មានក្ដីសុខ ជួបតែទុក្ខ និងបញ្ហាចូលមកបៀតបៀន ដូច្នេះ ប្រសិនបើយើងចេះផ្លាស់ប្ដូរចិត្តទាំងអស់ហ្នឹងបាន ជីវិតយើងក៏នឹងមានក្ដីសុខកាន់តែច្រើន។
២. ប្ដូរគំនិត
បើយល់ថា ជីវិតរបស់ខ្លួនឯងនៅតែដដែល ជីវិតនេះហាក់មិនមានអ្វីដែលល្អប្រសើរជាងមុនសោះនោះ វាក៏ដល់ពេលហើយ ដល់ពេលដែលយើងត្រូវផ្លាស់ប្ដូរគំនិតខ្លួនឯងជាងមុនសិន ទើបគ្រប់យ៉ាងក៏ប្រែជាបានល្អប្រសើរបន្តិចម្ដងៗ។
ចង់ផ្លាស់ប្ដូរជីវិត ចង់ឱ្យខ្លួនឯងជោគជ័យ និងមានអ្វីៗគ្រប់យ៉ាងទៅតាមអ្វីដែលខ្លួនឯងចង់បាន គឺត្រូវផ្លាស់ប្ដូរផ្នត់គំនិត ដុសខាត់ការគិតខ្លួនឯងឱ្យមុះមុតជាងមុន វិភាគអ្វីមួយឱ្យល្អិតល្អន់ កុំគិតអ្វីងាយពេក តែត្រូវតែមានគំនិតទូលំទូលាយ ចក្ខុវិស័យវែងឆ្ងាយ ចង់ធ្វើកិច្ចការធំ កុំគំនិតតូចចង្អៀតពេក ព្រោះមនុស្សគំនិតខ្លី មិនអាចជោគជ័យធំបានឡើយ។ ផ្លាស់ប្ដូរគំនិតឱ្យល្អ គិតនូវអ្វីដែលវិជ្ជមាន ទើបអាចឈានទៅរកជីវិតជោគជ័យ ល្អប្រសើរបានលឿន។
៣. ប្ដូរទម្លាប់
មនុស្សខ្លះ ចង់ឱ្យខ្លួនឯងបានល្អ ចង់មានជីវិតល្អប្រសើរ តែនៅតែរក្សាទម្លាប់ចាស់ ទម្លាប់មិនល្អ ទម្លាប់ខ្ជិលច្រអូស ទម្លាប់ខ្ជះខ្ជាយ មិនចេះរិះថាំ មិនចេះសន្សំទុកដាក់ នៅតែមានទម្លាប់មើលងាយអ្នកដទៃ និងទម្លាប់អាក្រក់ជាច្រើនទៀត ដែលនាំឱ្យជីវិតរបស់ខ្លួនកាន់តែធ្លាក់ចុះ សូម្បីតែមនុស្សជុំវិញខ្លួនក៏គេមិនចង់នៅក្បែរដែរ។
ដូច្នេះហើយ ប្រសិនបើអ្នកចង់ឱ្យខ្លួនឯងបានល្អជាងនេះ មានក្ដីសុខជាងនេះ សំណាងច្រើនជាងនេះ អ្នកត្រូវក្រឡេកមើលនូវទម្លាប់របស់ខ្លួនឯងជាមុនសិន ទាំងទម្លាប់នៃការរស់នៅ ទម្លាប់នៃការធ្វើការ ទម្លាប់នៅក្នុងជីវិតរបស់អ្នក គឺសរបញ្ជាក់ពីស្ថានភាពជីវិតខ្លួនឯងទាំងថ្ងៃនេះ និងទៅអនាគត៕
អត្ថបទ ៖ លីម បញ្ញា / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក