គិតល្អបានល្អ! មនុស្ស ៣ ប្រភេទនេះ ទើបអាចទទួលបានពរជ័យ និងលាភសំណាងច្រើននៅក្នុងជីវិត

បុគ្គល​ដែល​មាន​ចិត្ត​ល្អ ជីវិតនឹងជួបតែរឿងល្អៗ សំណាងល្អចូលមក។ យ៉ាងណាមិញ មនុស្ស៣ ប្រភេទខាងក្រោមនេះ ជីវិតនឹងទាក់ទាញបាននូវលាភសំណាងច្រើនចូលមក ចៀសឆ្ងាយពីទុក្ខសោក ជីវិតមិនងាយដុនដាន ធ្លាក់ចុះនោះឡើយ។

១. មិនប្រៀបធៀប

ការរស់នៅក្នុងបច្ចុប្បន្នមិនងាយស្រួលនោះទេ ប៉ុន្តែមនុស្សមួយចំនួនចូលចិត្តប្រៀបធៀបជីវិតធម្មតារបស់ពួកគេ ជាមួយនឹងភាពអស្ចារ្យរបស់អ្នកដទៃ។ តាមពិតទៅ អ្នកគ្រាន់តែឃើញទិដ្ឋភាពមួយចំនួនរបស់គេតែប៉ុណ្ណោះ ចំណែករឿងផ្ទៃក្នុងគេបែបណា ជូរចត់ លំបាកយ៉ាងណា ពួកគេបានស៊ូទ្រាំ និងឆ្លងកាត់អ្វីខ្លះ ទម្រាំតែមានថ្ងៃនេះ យើងសុទ្ធតែមិនដឹងច្បាស់នោះឡើយ។

ការប្រៀបធៀបជីវិតអ្នកដទៃជាមួយខ្លួនឯង មិនត្រឹមតែមិនធ្វើឱ្យអ្នកប្រសើរឡើងនោះទេ ថែមទាំងធ្វើឱ្យអ្នកកាន់តែអស់សង្ឃឹម និងបាក់ទឹកចិត្ត តូចចិត្តនឹងជីវិតខ្លួនឯងតែប៉ុណ្ណោះ។ តែបៃតង និងកាហ្វេ នីមួយៗ គឺមានរសជាតិ កម្លាំង និងភាពទាក់ទាញរបស់វា មិនអាចប្រៀបធៀបបានទេ។

មានពាក្យចាស់ពោលថា "និទាឃរដូវមានផ្កាមួយរយ រដូវស្លឹកឈើជ្រុះ ពន្លឺព្រះច័ន្ទ ខ្យល់ត្រជាក់នៅរដូវក្តៅ ព្រិលក្នុងរដូវរងា" ។ ព្រោះថារដូវនីមួយៗមិនដូចគ្នាទេ ដែលធ្វើឱ្យយើងមានអារម្មណ៍ស្រស់បំព្រងទៅតាមពេលវេលា និងការផ្លាស់ប្តូរនៃរដូវកាល។​ ក្នុងនាមជាមនុស្សកុំប្រៀបធៀប កុំចូលចិត្តលើកគេ ហើយបន្ទាបតម្លៃ មើលងាយខ្លួនឯងឱ្យសោះ។

1

២. មិនច្រណែន

អ្នកនិពន្ធជនជាតិអង់គ្លេស Thomas Fuller បាននិយាយថា "ការច្រណែនធ្វើឱ្យអ្នកដទៃ និងខ្លួនយើងឈឺចាប់"។

តាមទស្សនៈផ្លូវចិត្ត ការច្រណែន គឺជាប្រភេទនៃថាមពលអវិជ្ជមាន។ វាមិនត្រឹមតែអាចធ្វើឱ្យអ្នកបាត់បង់ការវិនិច្ឆ័យត្រឹមត្រូវរបស់អ្នកចំពោះរឿងមួយប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខ្លួនឯងមានការច្រណែន ព្រោះតែការច្រណែន បាត់បង់ហេតុផល សេចក្ដីល្អក៏ធ្លាក់ចុះ។

នៅក្នុងជីវិតពិត មនុស្សជាច្រើនមានអារម្មណ៍ច្រណែន នៅពេលដែលពួកគេឃើញអ្នកដទៃរស់នៅប្រសើរជាងខ្លួន។ ពួកគេមិនបង្ហាញការអន់ចិត្តរបស់ពួកគេចេញមកខាងក្រៅទេ ប៉ុន្តែនឹងរកវិធីដើម្បីវាយប្រហារទៅលើអ្នកដទៃ ការធ្វើបែបនេះ វាមិនបានជួយខ្លួនឯងឱ្យឆ្ពោះទៅមុខ បានល្អប្រសើរទេ ប៉ុន្តែវាបែរជាធ្វើឱ្យខ្លួនឯនេះ កាន់តែធ្លាក់ចុះតែប៉ុណ្ណោះ

មនុស្សចិត្តចង្អៀតបែបនេះ មិនត្រឹមតែគ្មានមិត្តពិតប្រាកដទេ ថែមទាំងបាត់បង់គោលដៅជីវិតខ្លួនឯងបន្តិចម្តងៗទៀតផង ពួកគេកប់ឧត្តមគតិរបស់ពួកគេដោយការច្រណែន ទីបំផុតក្លាយជាការបោះបង់ចោលទាំងស្រុង។

ធ្វើជាមនុស្សមិនគួរច្រណែននឹងជីវិតអ្នកណាទេ។ រៀនចេះអធ្យាស្រ័យ ទទួលយកពិភពប្លែកៗ និងភាពល្អនៃជីវិតអ្នកដទៃ ទោះល្អយ៉ាងណាក៏មិនមានអ្វីជាប់ទាក់ទងនឹងអ្នកដែរ។ ដរាបណាអ្នករស់នៅដោយខ្លួនឯង អ្នកនឹងសប្បាយចិត្ត។ នៅពេលដែលអ្នកកាត់បន្ថយការច្រណែនរបស់អ្នកបន្តិចម្តងៗ អ្នកនឹងឃើញថាបញ្ហារបស់អ្នកចាប់ផ្តើមថយចុះ។

2

៣. មិនត្អូញត្អែរ

អ្នកនិពន្ធ Romain Rolland បាននិយាយថា "ការបង្វែរអារម្មណ៍នៃការត្អូញត្អែរអំពីបរិស្ថាន ទៅជាការលើកទឹកចិត្តសម្រាប់ការកែលម្អ គឺជាការធានានៃភាពជោគជ័យ" ។

តាមពិតទៅ ពេលជួបនឹងឧបសគ្គ ឬការលំបាក យើងមានទំនោរចង់បោះបង់ការត្អូញត្អែររបស់យើងភ្លាមៗ ដោយចេតនាបំផ្លើសរឿងតូចតាចមួយចំនួន ហើយចាត់ទុកខ្លួនយើងថាជាជនរងគ្រោះពិតប្រាកដនៃជោគវាសនា។

ទោះជាយ៉ាងណាក៏ដោយ ការត្អូញត្អែរ គឺពិតជារឿងគ្មានប្រយោជន៍បំផុតដែលអ្នកអាចធ្វើបាន។ វាមិនត្រឹមតែធ្វើឱ្យអ្នកបាត់បង់ភាពក្លាហានក្នុងការដើរទៅមុខ ធ្វើឱ្យអ្នកម្តងហើយម្តងទៀតមិនហ៊ានឆ្ពោះទៅមុខនោះទេ ប៉ុន្តែថែមទាំងបង្កើតនូវទស្សនៈទុទិដ្ឋិនិយមចំពោះអនាគត ធ្វើឱ្យមានភាពអវិជ្ជមាន ទីបំផុតគ្មានអ្វីនឹងកើតឡើងនោះទេ។

ផ្ទុយ​ទៅ​វិញ ចូរ​រស់​នៅ​ដោយ​អាកប្បកិរិយា​ល្អ ប្រើ​ភ្នែក​សុទិដ្ឋិនិយម​ដើម្បី​មើលអំពីជីវិត។ ការ​ត្អូញត្អែរ​នឹង​មិន​អាច​ដោះស្រាយ​អ្វី​បាន​ឡើយ ហើយ​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ស្អប់​អ្វី​ៗ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​។ ផ្ទុយទៅវិញ នៅពេលដែលអ្នកក្រឡេកមើលអ្វីគ្រប់យ៉ាងដែលអ្នកឆ្លងកាត់ដោយអាកប្បកិរិយាវិជ្ជមាន និងសុទិដ្ឋិនិយម នោះអ្នកអាចឃើញទិដ្ឋភាពដ៏ល្អបំផុតនៅគ្រប់ទីកន្លែង៕

ប្រភព ៖ បរទេស / Knongsrok