ច្បាប់នៃជីវិតរបស់មនុស្សម្នាក់ ប្រសិនបើអ្នកចេះគោរពចំពោះ ៥ យ៉ាង និងប្រកាន់ខ្ជាប់នូវ ៣ចំណុចខាងក្រោមនេះ ជីវិតអ្នកនឹងមានក្ដីសុខ សំណាងល្អ កាន់តែប្រសើរខ្ពង់ខ្ពស់ គ្មានគ្រោះណាមកបៀតបៀនអ្នកបានឡើយ។
១. មនុស្សមានសំណាង ព្រោះរស់នៅចេះគោរពចំពោះ មនុស្សទាំង ៥ នេះ ៖
- ឪពុកម្តាយ
ការគោរពមាតាបិតា គឺជាមូលដ្ឋានគ្រឹះនៃការធ្វើជាមនុស្សកត្តញ្ញូ។ ឪពុកម្តាយ គឺជាអ្នកដែលផ្តល់ឱ្យយើងនូវជីវិត ក៏ជាអ្នកបង្កើតមូលដ្ឋានគ្រឹះសម្រាប់យើងឱ្យឈរយ៉ាងរឹងមាំក្នុងជីវិតដែរ។
ព្រះគុណមាតាបិតា គឺអស្ចារ្យលើសអ្វីទាំងអស់។ ដូច្នេះហើយ កូនៗ ទោះរវល់យ៉ាងណា ក៏ត្រូវគោរពឪពុកម្តាយ ឱ្យបានល្អ និងតបស្នងសងគុណពួកគាត់ ឱ្យទាន់ពេលវេលា ទាន់គាត់នៅមានពេលរស់នៅជាមួយនឹងយើង។
- កូនៗជាទីស្រឡាញ់
កុមារគឺជាការបន្តនៃជីវិតរបស់យើង។ លុះមានកូនទើបអ្នកយល់ពីអត្ថន័យជីវិត ដែលឆ្លងពីជីវិតមួយទៅជីវិតមួយ។
ក្មេងៗប្រៀបដូចជាស្លឹកឈើ។ មិនថាមែក និងស្លឹកសម្បូរបែបណាទេ ឫសនឹងចាក់កាន់តែជ្រៅ។ កូនៗរបស់យើងនឹងបង្រៀនយើងថា តើអ្វីជាសេចក្ដីស្រឡាញ់ដែលគ្មានលក្ខខណ្ឌ និងការលះបង់ដោយគ្មានលក្ខខណ្ឌ?
- ដៃគូជីវិត
លើលោកនេះ មនុស្សដែលនៅជិតយើងបំផុត មិនមែនជាឪពុកម្តាយ ឬកូនទេ តែជាដៃគូជីវិតរបស់យើង។ ឪពុកម្តាយនឹងទៅមុនយើងនៅថ្ងៃណាមួយ កូនក៏ត្រូវរៀបការនៅពេលក្រោយដែរ។ នៅលើវិថីជីវិត មនុស្សតែម្នាក់គត់ដែលអាចកំដរយើងដល់ទីបញ្ចប់ គឺជាដៃគូជីវិតរបស់យើង។
- លោកគ្រូអ្នកគ្រូ
គ្រូបង្រៀន ពាក្យនេះ អ្នកប្រហែលជាគិតថា សាមញ្ញណាស់ ប៉ុន្តែមានការរួមចំណែកយ៉ាងធំធេងក្នុងជីវិត និងអាជីពរបស់យើង។ ដីសមួយដុំ ដៃអាវហុយពីរ តុកៅអីបី រដូវលំបាកបួន។ ពីសិស្សឆោតល្ងង់ម្នាក់ដែលមិនចេះរុករកពិភពលោក គ្រូជាអ្នកនាំផ្លូវសម្រាប់យើងលើវិថីជីវិតមួយនេះ។
- មិត្តភក្តិ
ប្រសិនបើអ្នកចង់ស្គាល់បុគ្គលិកលក្ខណៈរបស់មនុស្ស និងស្គាល់មនុស្សម្នាក់ឱ្យច្បាស់ សូមទាក់ទង និងស្គាល់មិត្តភក្តិជិតស្និទ្ធជុំវិញខ្លួន។ ព្រោះនៅចំពោះមុខមិត្តភក្តិ គ្មានអ្នកណារស់ធ្វើពុតឡើយ។ ពួកគេជួយគ្នាទៅវិញទៅមក និងជួយគ្នាទៅវិញទៅមកពេលមានបញ្ហា។
២. បើចង់រស់នៅដោយសុខសាន្ត ចូរផ្តោតលើរឿងទាំង ៣ នេះឱ្យតិចបំផុត ៖
- លុយកាក់
ខ្លឹមសារនៃជីវិត គឺសាមញ្ញណាស់ ហើយក៏ងាយយល់ដែរ។ លុយច្រើន លុយតិច ល្មមប្រើមិនអីទេ។ ដរាបណាតម្រូវការជាមូលដ្ឋានរបស់មនុស្សត្រូវបានបំពេញ នោះមិនចាំបាច់ស្វែងរកទ្រព្យសម្បត្តិច្រើនពេកឡើយ ត្រឹមរស់នៅឱ្យបានស្កប់ រស់នៅឱ្យសាមញ្ញ គឺគ្រប់គ្រាន់ហើយ។
- គូស្នេហ៍
បើអ្នកខ្វល់ពីអារម្មណ៍អ្នកដទៃខ្លាំងពេក អ្នកនឹងក្លាយជាមនុស្សដំបូងគេដែលឈឺចាប់។ លើលោកនេះគ្មានទេស្នេហាដែលអស់កល្បជានិច្ច។ ដូច្នេះ កុំចេះតែស្រមើស្រមៃអំពីរឿងនិទានដែលមិនមានពិត។ ជំនួសឱ្យការព្យាយាមផ្គាប់ចិត្តអ្នកដទៃ គ្រាន់តែរៀនធ្វើចិត្តល្អចំពោះខ្លួនឯងឱ្យបានច្រើនទៅបានហើយ។
- ការចាញ់ឈ្នះ
ក្នុងជីវិតមនុស្សយើង គឺដូចជាអ្នកធ្វើដំណើរ។ ឈ្នះ ឬចាញ់ សូមឱ្យផុតទៅចុះ។ មិនបាច់យកខ្លួនឯងទៅប្រៀបធៀបនឹងអ្នកណា រឹតតែមិនបាច់ទៅចង់ចាញ់ឈ្នះ ជាមួយអ្នកដទៃនោះដែរ ការឈ្នះចាញ់ ខាត ឬចំណេញ ល្អជាងអ្នកនេះ ឬអ្នកនោះ វាមិនបានផ្ដល់ក្ដីសុខឱ្យយើងនោះឡើយ៕
ប្រភព ៖ Phunutoday / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក