មនុស្សដែលយើងបានស្គាល់ មានមនុស្សខ្លះយើងគួររក្សាទុកនៅក្បែរកាយ តែក៏មានមនុស្សខ្លះ គួរតែចេញឱ្យឆ្ងាយពីពួកគេ កុំសូវនៅក្បែរពេក ព្រោះមនុស្សមួយចំនួន រាប់អានបាន តែហាមស្និទ្ធ បើមិនដូច្នោះទេ មនុស្សទាំងនោះអាចនឹងនាំបញ្ហា ឬគ្រោះមកដល់ខ្លួនយើងជាមិនខាន។
ត្រូវចាំទុកថា មនុស្សដែលយើងបានស្គាល់ទាំងអស់ មិនមែនសុទ្ធតែមានចិត្តស្មោះត្រង់ សុចរិត មានគំនិតល្អចំពោះយើង ដូចដែលយើងមានចំពោះគេនោះឡើយ បើទោះបីជាយើងល្អនឹងគេយ៉ាងណាក៏ដោយ ក៏មិនមែនគេមានចិត្តដូចយើងនោះដែរ។ មនុស្សខ្លះ ឃើញយើងល្អនឹងគេ ស្លូតបូត ស្មោះត្រង់ចំពោះគេ គេក៏បានលេសធ្វើបាប បោកបញ្ឆោត កេងប្រវញ្ចយើងយ៉ាងងាយ។
យ៉ាងណាមិញ ចំពោះមនុស្ស ៣ ប្រភេទខាងក្រោមនេះ យើងមិនគួរយកខ្លួនបៀតទេ មនុស្សទាំងហ្នឹង ទោះបីយើង និងគេ ស្គាល់រាប់អាន ស្និទ្ធស្នាលយ៉ាងណា ក៏មិនអាចរាប់បានយូរអង្វែងដែរ យកល្អ គួរតែចេញឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះ ព្រោះគ្មានបានសាច់ការអ្វីនោះឡើយ។
១. មនុស្សដែលចូលចិត្តចេះដឹងរឿងឯកជន និងលុយកាក់ ប្រាក់ចំណូលយើង
បើជាមិត្តភក្តិល្អនឹងគ្នា ក៏មិនគួរសួរនាំ ឬចេះដឹងរឿងផ្ទាល់ខ្លួនលម្អិតពេកនោះឡើយ ដរាបណាយើងមិននិយាយប្រាប់គេ ក៏មានន័យថា មិនចង់ឱ្យអ្នកណាដឹង តែបើគេនោះនៅតែចង់ដឹង សួរនាំ ដេញដោល នោះមានន័យថា បុគ្គលនោះ កំពុងតែចង់ដឹង ចេះដឹងរឿងយើងខ្លាំងណាស់។
ការមិនសួរនាំរឿងផ្ទាល់ខ្លួន គឺជាការគោរពចំពោះមនុស្សជិតស្និទ្ធ មនុស្សម្នាក់ៗ គឺមានជីវិតឯកជន សូម្បីតែពេលខ្លះ ប្ដីប្រពន្ធគេ គេនៅមិនចង់និយាយប្រាប់ ដូច្នេះ គួរតែទុកចន្លោះឱ្យគ្នា បើយល់ថាជាមិត្តស្និទ្ធស្នាល ជាមនុស្សរាប់អានគ្នាដោយស្មោះ ការដែលទៅសួរនាំរឿងអ្នកដទៃ ទាំងដែលគេមិនចង់និយាយ ក៏មានន័យថា មនុស្សនោះ មិនគោរពអ្នក ជួនកាល ការដែលទៅសួរគេ គឺអាចនាំឱ្យគេទើសទាល់ចិត្តយ៉ាងខ្លាំង។
កុំថាឡើយរឿងផ្ទាល់ខ្លួន សូម្បីតែរឿងដែលពាក់ព័ន្ធនឹងលុយកាក់ ស្ថានភាពហិរញ្ញវត្ថុ ក៏មិនត្រូវទៅសួរនាំគេនោះទេ មិនថាគេមានប៉ុន្មាន រកបានប៉ុន្មាន នោះជាទ្រព្យរបស់គេ ដាច់ខាតកុំសួរឱ្យសោះ តែបើមានមនុស្សណាមកសួរនាំយើងអំពីបញ្ហានេះ ក៏បញ្ជាក់ថា គេជាមនុស្សដែលមិនចេះគិត គ្មានការក្រែងចិត្តយើងនោះឡើយ ដូច្នេះហើយ មនុស្សប្រភេទនេះ ក៏មិនគួរទុកនៅក្បែរខ្លួនដែរ។
២. មនុស្សដែលខ្ជិលច្រអូស និងមានតែគំនិតអវិជ្ជមាន
មនុស្សខ្ជិលច្រអូស គឺជាមនុស្សដែលដេកចាំតែសំណាង មនុស្សទាំងនេះ មិនមានចិត្តគិតចង់ធ្វើការ រកស៊ីអ្វីទេ ដូច្នេះហើយ បើយើងរាប់រកគេ គេច្បាស់ជាមកពឹងផ្អែកលើយើងទាំងស្រុង។ ដ្បិតមានពាក្យមួយឃ្លាពោលថា « រាប់អានមិត្ត កុំគិតប្រយោជន៍ » តែប្រភេទមនុស្សខ្ជិល អត់ប្រយោជន៍បែបហ្នឹង ក៏មិនដឹងថា រាប់អានដើម្បីអ្វីដែរ មនុស្សនេះ មិនអាចនាំអ្វីដែលប្រសើរ ឱ្យយើងអាចរៀនសូត្រតាមគេបាន ក្រៅតែពីដេកចាំសំណាង និងសុំជំនួយពីអ្នកដទៃតែប៉ុណ្ណោះ។
មួយវិញទៀត ចំពោះមនុស្សដែលមានតែគំនិតអវិជ្ជមាន ក៏មិនគួរនៅក្បែរដែរ មនុស្សនេះ ថែមទាំងគ្រោះថ្នាក់ទៀតផង ក្នុងគំនិត និងចិត្តគេមានតែថាមពលអាក្រក់ ដែលកើតពីគំនិតអវិជ្ជមានដែលគេមាន យ៉ាងណាមិញ បើគេនៅក្បែរយើង គេច្បាស់ជាជះនិងចំហាយថាមពលមិនល្អមកដល់យើងជាមិនខាន ដូច្នេះហើយ បើទុកគេក្បែរខ្លួនយូរ យើងនឹងរងគ្រោះព្រោះតែគេ មនុស្សនេះអាចអូសទាញយើងបានយ៉ាងងាយ ដោយគំនិតមិនល្អនោះឯង។
៣. មនុស្សមាត់អត់គម្រប និយាយស្ដីមិនចេះគិតពិចារណា
មនុស្សប្រភេទទី ៣ នេះដែរ គឺជាមនុស្សដែលគ្មានកិត្តិយស គ្មានសេចក្ដីថ្លៃថ្នូរ ក្រុមមនុស្សទាំងនេះ និយាយស្ដីអ្វី មិនសូវជាឆ្លងកាត់ខួរក្បាល គិតពិចារណាអ្វីឡើយ មិនស្រួល យើងអាចនឹងបាត់បង់ភាពថ្លៃថ្នូរ បាក់មុខ រងភាពអាម៉ាស ដោយសារតែពួកគេផងក៏ថាបាន។
លើសពីនេះ មនុស្សទាំងនេះ មិនខ្វល់ថានៅក្នុងចំណោមមនុស្សមានមុខមាត់ ឬថ្លៃថ្នូរយ៉ាងណាទេ គេអាចនិយាយបានគ្រប់យ៉ាងតាមតែអារម្មណ៍ និងការនឹកឃើញភ្លាមៗរបស់ខ្លួន មិនខ្វល់ មិនគិត រឹតតែមិនដឹងពីលទ្ធផលដែលនឹងទទួលបានពីការនិយាយស្ដីរបស់ខ្លួនឡើយ ហើយមនុស្សពួកនេះហើយ រមែងមានគ្រោះព្រោះតែមាត់។
ម្យ៉ាងទៀត មនុស្សទាំងនេះ ក៏ច្រើនតែនិយាយស្ដីនូវពាក្យមិនល្អ ពាក្យអពមង្គលគ្រប់យ៉ាង សូម្បីតែពាក្យសើចចំអក និយាយលេងមិនចេះគិត រួមទាំងពាក្យមាក់ងាយ ប្រមាថអ្នកដទៃ ក៏ពួកគេអាចនិយាយបានដែរ ព្រោះមនុស្សនេះមិនចេះបែងចែក និងមិនដឹងពីកាលៈទេសៈដែលគួរនិយាយ ឬពាក្យដែលគួរស្ដីនោះឡើយ។ ដូច្នេះហើយ កុំឱ្យខ្លួនឯងបាត់បង់តម្លៃ ភាពថ្លៃថ្នូរ ចូរចេញឱ្យឆ្ងាយពីក្រុមមនុស្សទាំងនេះ មិនស្គាល់គឺល្អជាង ៕
អត្ថបទ ៖ pHknongsrok / Knongsrok
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក