ជឿទៅថា មនុស្សល្អ រមែងតែជួបនូវរឿងល្អៗ មនុស្សល្អៗ ព្រោះតែអំពើល្អគ្មានថ្ងៃសាបសូន្យជាដាច់ខាត ដូច្នេះហើយ រាល់អំពើល្អ និងការដឹងគុណទាំងឡាយ នឹងជួយកែប្រែជីវិតរបស់ពួកគេ ឱ្យក្លាយជាមនុស្សចម្រុងចម្រើន ចៀសផុតពីទុក្ខលំបាក ឧបសគ្គ បញ្ហា និងរឿងចង្រៃទាំងពួង។ ដូច្នេះខាងក្រោមនេះ គឺជាលក្ខណៈ៤ចំណុចរបស់មនុស្សដែលល្អ ដែលជាសញ្ញាបង្ហាញថា ពួកគេនឹងជួបតែរឿងល្អក្នុងជីវិត អនាគតនឹងមានតែឡើង គ្មានថ្ងៃស្រុតចុះនោះឡើយ។
១. បុគ្គលដែលស្គាល់ខ្លួនឯងច្បាស់
ក្នុងនាមជាមនុស្សម្នាក់ដែលរស់នៅក្នុងពិភពលោក អ្នកត្រូវតែចេះទទួលស្គាល់ការពិត អ្វីដែលសំខាន់ គឺដឹង និងស្គាល់ខ្លួនឯងច្បាស់ ហើយត្រូវដឹងថា មានរឿងច្រើនណាស់ដែលនឹងត្រូវបាត់បង់។ តែយ៉ាងណាមិញ ប្រសិនបើមនុស្សម្នាក់ ស្រាប់តែបាត់បងឆន្ទៈ មនសិការ ច្បាស់ណាស់ថា អ្នកនឹងត្រូវបាត់បង់អ្វីៗគ្រប់យ៉ាងទៅដូចគ្នា សូម្បីតែភាពជាខ្លួនឯង។
អ្នកត្រូវដឹងថា លុយកាក់ មាសប្រាក់ មុខមាត់ កិត្តិយស ប្រសិនបើបាត់បង់ហួសទៅហើយ ថ្ងៃក្រោយអ្នកក៏អាចយកវាមកវិញបានដែរ។ ប៉ុន្តែប្រសិនបើអ្នកប្រែជាមនុស្សម្នាក់ដែលបាត់បងគុណធម៌ បាត់បង់មនសិការ បាត់បង់ឆន្ទៈ និងក្ដីសង្ឃឹម និងបែរជាទៅជាមនុស្សម្នាក់ដែលលោភលន់ហួសហេតុ ក្លាយជាមនុស្សអាក្រក់ នោះអ្នកនឹងមិនសេសសល់អ្វីទៀតឡើយ។
នៅលើពិភពលោកនេះ ប្រសិនបើអ្នកប្រព្រឹត្ដចំពោះមនុស្សដោយសុច្ឆន្ទៈដោយចិត្តស្មោះត្រង់ នោះអ្នកប្រាកដជាត្រូវបានព្រះយកចិត្ដទុកដាក់ ទេវតាតាមថែរក្សាមិនខាន។ ជាពិសេសអ្នកដែលចេះគិតពីអ្នកដទៃ អ្នកប្រាកដជាទទួលបាននូវអ្វីដែលល្អៗជាច្រើនសម្រាប់ជីវិតរបស់អ្នកខ្លួនឯងវិញ។
២. បុគ្គលដែលមានភាពអំណត់ ចេះអត់ធ្មត់ តស៊ូ
មនុស្សដែលមានស្មារតីស្ងប់ មិនត្រឹមតែក្នុងចិត្តសប្បាយរីករាយ និងមានសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសុខភាពល្អទៀតផង ជាពិសេសគឺ ផ្លូវចិត្តល្អប្រសើរ។ ព្រោះតែសេចក្ដីល្អ ភាពអំណត់របស់ពួកគេ គឺជាការដាំដុះភាពធន់ដើម្បីបង្កើតកម្មផលដ៏អស្ចារ្យនៅថ្ងៃក្រោយ។ អ្នកត្រូវដឹងថា បញ្ហាទាំងឡាយ ដែលនឹងកើតឡើង គឺសុទ្ធតែជាមេរៀន និងប្រស្នាសម្រាប់ឱ្យយើងដោះស្រាយ ដូច្នេះប្រសិនបើយើងចេះរក្សាការអត់ធ្មត់ អំណត់តស៊ូ នោះយើងនឹងអាចឆ្លងផុតរាល់បញ្ហា និងដំណាក់កាលលំបាកៗទាំងអស់ទៅបាន។
៣. មនុស្សដែលធ្វើខុសហ៊ានសារភាពកំហុសរបស់ខ្លួន ហើយព្យាយាមកែប្រែឡើងវិញ
មនុស្សដែលធ្វើខុស តែមិនហ៊ានសារភាពកំហុសរបស់ខ្លួន ហើយរកវិធីស្តីបន្ទោសអ្នកដទៃ នឹងមិនអាចមានថ្ងៃរួចផុតពីសេចក្ដីល្ងង់ល្ងិតបានឡើយ។ ការគេចបវេះពីបញ្ហា ជាពិសេស គឺកំហុសរបស់ខ្លួន កុំគិតថាជារឿងល្អឱ្យសោះ ធ្វើជាមនុស្សត្រូវដឹងអ្វីខុសអ្វីត្រូវ រឿងដែលសំខាន់ គឺកំហុសដែលខ្លួនបានសាងឡើយ មិនថាដោយចេតនា ឬអចេតនានោះឡើយ។ ផ្ទុយទៅវិញមនុស្សដែលធ្វើខុសពួកគេដឹងពីរបៀបសារភាពកំហុសរបស់ពួកគេ និងរកវិធីដើម្បីកែប្រែកំហុសខ្លួន ទើបជាមនុស្សដែលមានការរីកចម្រើនទៅមុខល្អ សំខាន់ នឹងមានអនាគតភ្លឺត្រចះត្រង់ ព្រោះកំហុសជាមេរៀន ហើយអ្វីដែលពួកគេអាចទទួលបានពីកំហុសនោះគឺ ការរៀនសូត្របន្ថែម ដើម្បីច្នៃខ្លួនឯងឱ្យមានភាពប្រសើរឡើងវិញ។
៤. បុគ្គលដែលចេះដឹងគុណ និងសងគុណ
មនុស្សដែលចេះដឹងគុណ និងសងគុណចំពោះមនុស្សដែលបានជួយជ្រោមជ្រែងចំពោះខ្លួន ច្បាស់ណាស់ថា នឹងនាំឱ្យពួកគេរឹតតែមានជីវិតល្អប្រសើរឡើងជាលំដាប់ ភាពកត្តញ្ញូ ការដឹងគុណ មិនសម្ដៅតែទៅលើឪពុកម្ដាយយើងប៉ុណ្ណោះទេ រួមមានទាំង គ្រូបាអាចារ្យ អ្នកដែលជួយជម្រុញ ជ្រោមជ្រែង និងបង្ហាត់បង្រៀនយើងផងដែរ គឺមនុស្សដែលបានធ្វើល្អ និងជួយស្រោចស្រង់យើង ទាំងនេះគឺសុទ្ធតែជាមនុស្សដែលយើងគួរតែដឹងគុណដល់ពួកគេ។
ផ្ទុយទៅវិញ សម្រាប់មនុស្សរមិឡគុណ មិនដឹងល្អអាក្រក់ ខុសត្រូវ ដល់ត្រើយសោយគូថ ច្រើនតែជួបបញ្ហា ការវិនាសទៅថ្ងៃមុខ ព្រោះទេវតាមិនដែលជួយតាមថែរក្សាមនុស្សដែលមានគំនិតអាក្រក់ទាំងអស់នេះនោះឡើយ ដូច្នេះហើយ មនុស្សរមិឡគុណ មិនអាចថ្កុំថ្កើងរហូតនោះទេ៕
ប្រភព ៖ Phunutoday/Knongsrok