ក្រុមហ៊ុន Suning Appliance Group ដែលម្ចាស់ក្លិប Jiangsu FC លេងក្នុងលីគកំពូលចិន Chinese Super League (CSL) ប្រកាសលក់ក្លិបត្រឹមតែតម្លៃ១សេនប៉ុណ្ណោះទៅឲ្យនរណាក៏បានដែលចង់ទិញដើម្បីទប់កុំឲ្យក្លិបមួយនេះរលាយបាត់រូបពីពិភពបាល់ទាត់។
យោងតាមរបាយការណ៍ពីកាសែតអ៊ីតាលី football-italia ក្រុមហ៊ុន Suning Group កំពុងប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ហើយពួកគេត្រូវលក់ទ្រព្យសម្បត្តិរបស់ពួកគេ ជាពិសេសក្លឹបបាល់ទាត់ដែលនៅតែបន្តខាតបង់ ដើម្បីជៀសវាងបញ្ហាធំៗមួយចំនួន។ ក្រុមហ៊ុន Suning មានឆន្ទៈក្នុងការលក់ក្លិបក្នុងតម្លៃទាបត្រឹមមួយសេន ដោយផ្តល់ឱ្យម្ចាស់ថ្មីយល់ព្រមទទួលយក ដើម្បីដោះស្រាយបំណុលរបស់ក្លឹបដែលមានចំនួន ៦៣,៧៧ លានអឺរ៉ូ ដែលភាគច្រើនទាក់ទងនឹងការជំពាក់ប្រាក់ខែរបស់កីឡាករ។
ប្រសិនបើក្រុមហ៊ុនមួយនេះបរាជ័យក្នុងការស្វែងរកអ្នកទិញថ្មីនាពេលអនាគត Suning Group នឹងត្រូវរំលាយក្លឹបដែលលេចធ្លោក្នុងនាមជាម្ចាស់ជើងឯកលីគកំពូលចិន Chinese Super League (CSL)ដែលទើបឈ្នះពានកាលពីឆ្នាំ២០២០។ ប្រសិនបើរឿងនេះកើតឡើងមែននោះ Jiangsu FC នឹងទទួលទណ្ឌកម្មធ្ងន់ធ្ងរដូចជាមិនអនុញ្ញាតឱ្យលេងពាន AFC Champions League ឬក៏ពាន AFC Cup នៅពេលក្លឹបនេះសកម្មម្តងទៀត។
ក្លិបមួយផ្សេងទៀត ដែលគ្រប់គ្រងដោយក្រុមហ៊ុន Suning ពោលគឺ Inter Milan ក៏ជួបវាសនាដូចគ្នាដែលបច្ចុប្បន្នកំពុងពិភាក្សាជាមួយដៃគូ BC ហើយកិច្ចចចារជាមួយអ្នកទិញជាច្រើនកំពុងត្រូវបានធ្វើឡើង ដើម្បីធានាថាក្លឹបនៅ Serie A មួយនេះនឹងមិនជំពាក់បំណុលគេបន្ថែមទៀតនាពេលអនាគត។
កីឡាកររបស់ Inter ត្រូវបានគេរាយការណ៍ថាមិនបានទទួលប្រាក់បៀវត្សរ៍រយៈពេល ៤ ខែមកហើយ ហើយក្លឹបកំពុងពិភាក្សាជាមួយកីឡាករអំពីការបើកប្រាក់ខែជាដំណាក់កាលៗក្នុងពេលនេះ៕