ក្រុមចំនួន៨នឹងចូលរួមក្នុងការប្រកួតប្រជែងពានរង្វាន់លីគកំពូលសិង្ហបុរី រដូវកាល២០២១ ប៉ុន្តែក្លិបប្រ៊ុយណេ DPMM FC មិនអាចមកចូលរួមប្រកួតបាននោះទេ។
ម្ចាស់ជើងឯកកាលពីរដូវកាល២០១៩មួយនេះបានបញ្ជាក់ប្រាប់ទៅកាន់សមាគមកីឡាបាល់ទាត់សិង្ហបុរី(FAS)ថាពួកគេត្រូវតែបង្ខំចិត្តដកខ្លួនចេញដោយសារការរឹតត្បិតការធ្វើដំណើរចេញក្រៅដើម្បីការពារការឆ្លងកូវីដ១៩។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្វែងរកការរៀបចំដែលពេញចិត្តទៅវិញទៅមកសម្រាប់ការចូលរួមរបស់ DPMM FC នៅក្នុងលីគ ប៉ុន្តែជាអកុសលវាមិនបានជោគជ័យទេ។
ខណៈពេលដែលស្ថានភាពនេះមិនអំណោយផល សមាគមកីឡាបាល់ទាត់សិង្ហបុរី (FAS) សូមកោតសរសើរចំពោះក្រុម DPMM FC ដែលបានធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីបន្តកន្លែងរបស់ខ្លួននៅក្នុង SPL ប៉ុន្តែត្រូវគោរពតាមគោលនយោបាយជាតិរបស់ប៊្រុយណេដែលបានកំណត់ដើម្បីទប់ស្កាត់វីរុស។ DPMM FC នៅតែជាផ្នែកសំខាន់មួយនៃ SPL ហើយយើងរង់ចាំស្វាគមន៍ពួកគេនៅរដូវកាលក្រោយ។
កាលវិភាគនិងការប្រកួតជាង៩០ត្រូវបានរៀបចំសម្រាប់លីគក្នុងស្រុកដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ខែមីនាដល់ខែតុលា។ កាលវិភាគនេះក៏រួមបញ្ជូលការប្រកួតក្នុងពានរង្វាន់ 2021 Singapore Cupដែលនឹងបញ្ចប់នៅខែកញ្ញា។
ចំណែកពានរង្វាន់ 2021 Community Shield ដែលជាពានរង្វាន់បើករដូវកាលប្រចាំឆ្នាំសម្រាប់រដូវកាលក្នុងស្រុក និងជាការប្រកួតឯកត្តជនត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី ១៩ ខែមិថុនាហើយក្រុមនឹងត្រូវប្រកួតប្រជែងគឺ Albirex Niigata (S)ដែលជាក្រុមជើងឯក និងក្រុមលេខ២ ក្នុងលីគរដូវកាលមុន Tampines Rovers ៕