គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាកីឡាបាល់ទាត់កម្ពុជាបានបង្ហាញនូវការប្រកួត លីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១ មាន១៣ក្រុមចូលរួមប្រជែងជើងឯកដូចរដូវកាល ២០២០ ដែរ ដែលគ្រោងនឹងចូលមកដល់នាថ្ងៃទី០៦ ខែមីនា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។
ក្រុមនានានៃក្របខ័ណ្ឌលីគកំពូលកម្ពុជាបានចូលរួមប្រកួត្រៀម Pre-Season ជាបន្តបន្ទាប់ ដើម្បី បង្កើនគុណភាពបច្ចេកទេស ក្នុងការត្រៀមប្រកួតផ្លូវការ នាដើមខែក្រោយនេះ។ CNCC មិនទាន់ចេញ នូវកម្មវិធីប្រកួតនៅឡើយទេ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុន្តែគណៈកម្មការជាតិ ដែលគ្រប់គ្រងលើការប្រកួតទាំងពីរកម្រិត គឺពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងលីគកំពូលកម្ពុជានេះបានបង្ហាញនូវលក្ខខណ្ឌសង្ខេបសំខាន់ៗមួយចំនួន ក្នុងដំណើរការក្របខ័ណ្ឌលីគកំពូល រដូវកាលថ្មី២០២១នេះ។
ការប្រកួតលីគនេះប្រើប្រាស់តាមរូបមន្តសន្សំពិន្ទុសុទ្ធចំនួនពីរជើង (ម្ចាសផ្ទះ-ភ្ញៀវ) ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកលីគតែម្តង។ ក្នុងករណីមានក្រុមពីរ ឬច្រើនជាងនេះមានពិន្ទុស្មើគ្នានោះ ការកំណត់ចំណាត់ថ្នាក់នឹងអនុវត្តន៍តាមលំដាប់លំដោយ នៃនីតិវិធីដូចជា លក្ខខណ្ឌជាគោលការណ៍ រួមសំខាន់ៗរួមមាន៖
១.ពិន្ទុសរុប (លទ្ធផល) ក្រុមដែលពាក់ព័ន្ធ (Head to Head)។
២.ផលសងគ្រាប់បាល់ សរុបរវាងក្រុមដែលពាក់ព័ន្ធ(Head to Head) ។
៣.គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្រុមដែលពាក់ ព័ន្ធ (Head to Head) ។
៤. ផលសងគ្រាប់បាល់សរុប។
៥.គ្រាប់បាល់ទាត់ចូលទីសរុប។
៦. ទាត់បាល់១១ ម៉ែត្រ ប្រសិនបើពាក់ព័ន្ធតែពីរក្រុមហើយក្រុមទាំងពីរកំពុងប្រកួតនៅលើទីលាន។
៧.ក្រុមមានចំណាត់ថ្នាក់ Fair Play ល្អជាងគេ។ ចំពោះពិន្ទុតិចជាងគេ ក្នុងការបូកសរុបកាតលឿង និងកាតក្រហមពីការប្រកួតទាំងអស់របស់ក្រុម។
៨.ចាប់ឆ្នោតកំណត់យកក្រុមឈ្នះ។ ការប្រកួតទាំងអស់មិនគិតគ្រាប់បាល់ក្រៅដីទេ (Away Goal)។
ចំពោះក្លឹបដែលបញ្ចប់នៅចំណាត់ថ្នាក់លេខ១៣ (បាតតារាង) នៃក្របខ័ណ្ឌលីគកំពូលនឹងត្រូវកាត់ចេញទម្លាក់ទៅលេងក្របខ័ណ្ឌលីគទី២ (Cambodian League 2)។ ក្លឹបបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ១ នៃក្របខ័ណ្ឌទី២ (Cambodian League 2) នឹងត្រូវបានឡើងមកលេងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាល ២០២២ ដោយស្វ័យប្រវត្តិ។ ក្លឹបដែលបានឡើងពីក្របខណ្ឌទី២ ឆ្នាំ២០២១ ត្រូវមានអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ ដើម្បីចូលរួមការប្រកួតក្របខ័ណ្ឌកំពូល២០២២។
ក្នុងករណីក្លឹបដែលម្ចាស់ជើងឯកនៃលីគទី២ឡើងមកលីគទី១មិនបានបំពេញគ្រប់លក្ខខណ្ឌអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិនោះទេ ដូច្នេះក្លឹបជើងឯករងនៃលីគទី២អាចទទួលបានឱកាសបន្ទាប់ពីម្ចាស់ជើងឯកឡើងមកលីគទី១ ក្នុងករណីមានអាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ ប៉ុន្តែ ប្រសិនបើមិនមាននោះគឺមិនអនុញ្ញាតឡើយសម្រាប់រដូវកាល ២០២២។
ក្នុងករណីក្លិបដែលឡើងពីលីគ ទី២ មកលីគទី១ ដែលមានម្ចាស់ ឬ/និងអ្នកគ្រប់គ្រងជាមួយក្លឹបណាមួយនៅក្នុងលីគទី១ នោះក្លឹបដែលត្រូវឡើងមកលីគទី១ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមការប្រកួតក្នុងលីគទី១ឡើយ លុះត្រាតែក្លឹបក្នុងលីគទី១ ដែលមានម្ចាស់ ឬ/និងអ្នកគ្រប់គ្រងដូចគ្នា/ជាមួយនឹងក្លឹបក្នុងលីគទី២ ដែលត្រូវឡើងមកនោះត្រូវបានធ្លាក់ និងកាត់ជម្រុះចេញពីលីគទី១ ទៅលីគទី២ វិញដោយមានពិន្ទុទាបជាងគេនៅក្នុងតារាងលីគទី១ នាពេលរដូវកាលបានបញ្ចប់៕
ប្រភពនិងរូបភាព៖ CNCC