ក្លឹប Real Madrid ត្រូវគេរាយការណ៍ថាបានស្នើចំៗទៅកាន់កីឡាករ Sergio Ramos ឲ្យព្រមក្នុងការកាត់បន្ថយថ្លៃពលកម្ម លើកុងត្រាថ្មីនាពេលខាងមុខ ដើម្បីជាការប៉ះប៉ូវជួយទូទាត់ដល់ថ្លៃពលកម្មរបស់ Gareth Bale។
ខ្សែការពារវ័យ ៣៤ ឆ្នាំគេសេសសល់សុពលភាពកុងត្រាជាមួយក្លឹបអេស្ប៉ាញ ដល់ចុងខែមិថុនា ឆ្នាំ ២០២១ ហើយមកទល់បច្ចុប្បន្នមិនទាន់សម្រេចថានឹងបន្តកុងត្រាថ្មី ឬចាកចេញទៅក្លឹបណាមួយនោះទេ។
តាមរបាយការណ៍ពី Diario AS ចុះផ្សាយថា ក្លឹបដឹកនាំដោយប្រធានលោក Florentino Perez បានទទូចទៅកាន់ Ramos ពាក់ព័ន្ធនឹងការកាត់បន្ថយថ្លៃពលកម្ម ក្នុងចំណែកជួយក្លឹបទូទាត់ដល់ប្រាក់ឈ្នួលរបស់ Bale ដែលជាមិត្តរួមក្រុម។ សព្វថ្ងៃខ្សែប្រយុទ្ធស្លាបសញ្ជាតិវែល កំពុងខ្ចីជើងទៅក្លឹប Spurs ហើយ Real ជួយចេញតែ ៥០ ភាគរយប៉ុណ្ណោះនៃថ្លៃពលកម្មសរុប។
យើងនឹងរង់ចាំមើលថាតើ Ramos គេព្រមលក្ខខណ្ឌបន្តកុងត្រាថ្មីនេះឬអត់ ទាំងដែលគេជាកីឡាករកាន់ឆ្នាំឈរជើងនៅទឹកដី Bernabeu តាំងពីឆ្នាំ ២០០៥ មកម្ល៉េះ។ ទ្រនំធំ ២ អាចនឹងត្រងយកកីឡាករអេស្ប៉ាញនៅពេលខាងមុខរួមមានក្លឹបបារាំង Paris Saint-Germain ឬអាចជា Manchester United៕
ប្រភព៖ SportBible | ប្រែសម្រួល៖ ក្នុងស្រុក