Nemanja Vidic ត្រូវបានគេគិតថាជាខ្សែការពារដ៏រឹងមាំ និងលេងកាចបំផុតក្នុងអាជីពរបស់គាត់កាលនៅ Manchester United ដែលធ្វើឲ្យខ្សែប្រយុទ្ធក្លិបគូប្រកួតមួយចំនួនមិនហ៊ានធ្វើអីផ្ដេសផ្ដាស់នោះទេ។
តែយ៉ាងណា! អតីតកីឡាករជម្រើសជាតិស៊ែបរូបនេះនៅមិនសាហាវដូចកីឡាករម្នាក់ដែលលោកបានរំលឹកក្នុងអត្ថបទនេះ។ និយាយក្នុងកាសែត The Time កាលពីឆ្នាំ២០១៧ Nemanja Vidic ថា៖
"ខ្ញុំមិនស្គាល់កីឡាករលេងអាក្រក់(លេងកាច)ច្រើននាក់នោះទេ។ ប្រហែលមានតែកីឡាករម្នាក់មកពីក្លិប Southampton គាត់ធ្លាប់លេងឲ្យ Liverpool ដែរ ! Rickie Lambert! បាទហ្នឹងហើយគឺគាត់ហ្នឹងហើយ"។
"ខ្ញុំត្រូវគាត់ដាក់មួយកែង។ ខ្ញុំអាចដោះស្រាយវាដោយរបៀបណា? មកដល់ពេលនេះរឿងនេះក៏មិនទាន់ដោះស្រាយរួចនៅឡើយ។ គាត់មើលតូចណាស់សម្រាប់ខ្ញុំនៅពេលនោះហើយគាត់ជាកីឡាករដែលចង់ធ្វើបាបខ្ញុំ"។
"មូលហេតុដែលខ្ញុំនៅតែបន្តលេងក្នុងការប្រកួតនោះ? គឺតម្លៃជាខ្សែការពារ។ អ្នកអាចកែច្រមុះរបស់អ្នកបាន ប៉ុន្តែប្រសិនបើអ្នកឲ្យនរណាម្នាក់រកគ្រាប់បាល់បាននោះ តម្លៃរបស់អ្នកមិនអាចកែបានទេ។ កាលនោះខ្ញុំចង់ប្រកួតប្រជែងយកឈ្នះគាត់ ហើយឈ្នះការប្រកួតដែលខ្ញុំត្រូវលេងដល់ទៅ១៥០ភាគរយឯណោះ"។
រំលឹកកាលនោះ! Vidic បានឈាមច្រមុះយ៉ាងខ្លាំងហើយឈាមហូប្រឡាក់ពេញមុខរបស់គាត់ ពេលដែលគាត់លេងក្នុងការប្រកួតចុងក្រោយឲ្យ Manchester United ។ពេលនោះគឺជាការប្រជែងគ្នារវាងគាត់និងខ្សែប្រយុទ្ធ Lambert ក្នុងការប្រកួតមួយដែល Manchester United ស្មើគ្នាជាមួយ Southampton ១ទល់១កាលពីថ្ងៃទី១១ខែឧសភាឆ្នាំ២០១៤៕