និយាយដោយសម្ដីប្រកបដោយរំជួលចិត្តខ្លាំង លោក Jurgen Klopp បញ្ជាក់ថា Liverpool លែងតាមប្រកួតប្រជែងយកជើងឯកលីគ ហើយលោកក៏សារភាពថាពេលនេះ Liverpool មិនអាចការពារតំណែងជើងឯកឡើយ។
បច្ចុប្បន្នក្រុមហង្សក្រហម Liverpool មាន ១៣ ពិន្ទុតាមពីក្រោយក្រុម Manchester City ដែលឈរកំពូលតារាង។ Klopp ទទូចថាវាមិនអាចទៅរួចទេសម្រាប់ Liverpool ក្នុងការកាត់បន្ថយគម្លាតពិន្ទុជាមួយក្រុមកំពូលតារាង។ ការរងបរាជ័យក្រុមថ្វីជើងកញ្ជ្រោងខៀវ Leicester City យប់មិញបានបង្ហាញថាពួកគេកត់ត្រាភាពចាញ់៦ដងហើយក្នុងរដូវកាលនេះនៅលីគកំពូលអង់គ្លេស។
នៅពេលអ្នកកាសែតសួរថាតើហង្សក្រហម ព្រមលើកទង់សទទួលចុះចាញ់ហើយឬនៅក្នុងការប្រកួតប្រជែងពាន Premier League រដូវកាលនេះ ហើយលោក Klopp បាននិយាយថា៖“ បាទ! វាពិតជាពិបាកសម្រាប់ខ្ញុំដែលត្រូវជឿលើស្ថានភាពនេះ ប៉ុន្តែចម្លើយគឺត្រូវហើយ” ។
"និយាយតាមត្រង់ទៅ! ខ្ញុំមិនគិតថាយើងអាចកាត់បន្ថយគម្លាតពិន្ទុនៅឆ្នាំនេះទេ។ យើងត្រូវតែឈ្នះការប្រកួតនេះ ប៉ុន្តែសកម្មភាពរបស់យើងភាគច្រើននៅថ្ងៃនេះគឺល្អណាស់។ យើងត្រូវតែព្យាយាមជៀសវាងពីកំហុស និងការយល់ច្រឡំលើទីលាន។ តាមរយៈស្ថានភាពពីរនៅថ្ងៃនេះយើងមិនបានធ្វើដូច្នោះទេ។ យើងបានធ្វើឲ្យរបូតគ្រាប់២គ្រាប់ដែលមិនគួររបូត"
លោកបានបន្តទៀតថា ៖" លទ្ធផលគឺទាក់ទងទៅនឹងការបង្ហាញទម្រង់លេង យើងលេងល្អណាស់នៅថ្ងៃនេះដែលសក្តិសមនឹងឈ្នះការប្រកួតប៉ុន្តែវាមិនមែនទេ។ យើងបានបង្កើតកំហុសនៅនាទីចុងក្រោយ។ មុនពេលការប្រកួតយើងទាំងអស់គ្នាដឹងថា OZAN ជាកីឡាករល្អណាស់។ ប៉ុន្តែគាត់មិនទាន់ជិតស្និទជាមួយទម្រង់លេងដែលយើងរៀបចំនៅឡើយទេ"។
"ពេលអ្នកជាកីឡាករថ្មីរឿងរ៉ាបបែបនេះគួរតែកើតឡើងក្នុងការប្រកួតមុនបើករដូវកាលប៉ុន្តែជាអកុសលវាមិនមែនទេ។ យើងលែងខ្វល់ពីការប្រកួតប្រជែងជើងឯកទៀតហើយ ហើយយើងក៏មិនល្ងង់ទៀតទេ។ យើងនៅមានការប្រកួតដ៏ស្វិតស្វាញមួយនៅថ្ងៃអង្គារ និងការប្រកួត Derby នៅសប្តាហ៍ក្រោយ។ នោះគឺជាអ្វីដែលយើងកំពុងតែគិតនៅពេលនេះ»៕