កាលពីសម័យដូនតាយើង នៅពេលកូនកើតមកភាគច្រើន គឺរស់នៅជួបជុំគ្រួសារ ហើយនៅពេលដឹងក្ដីឡើង គឺស្គាល់មុខម៉ែឪយាយតា និងមានភាពស្និទ្ធស្នាលបំផុត។ ប៉ុន្តែបច្ចប្បន្ននេះ តាមការសង្កេតរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មិនដូចពីមុនឡើយ គឺខុសគ្នាស្រឡះ។
វាគ្មិនរូបនេះបានបញ្ជាក់ថា ឪពុកម្ដាយចំណាកស្រុកទៅធ្វើការនៅស្រុកឆ្ងាយពីកូនៗនោះ ក៏នាំឱ្យកុមារបាត់បង់ភាពកក់ក្ដៅនិងរងភាពឯកាខ្លាំង។ ចំពោះបញ្ហាទាំងនេះ លោកថា មិនមែនជារឿងលេងសើច និងបណ្ដែតបណ្ដោយទៀតនោះទេ តែសង្គមគួរយកចិត្តទុកដាក់ និងខ្វាយខ្វល់ពីបញ្ហាទាំងនេះ។
ត្រង់ចំណុចនេះ អ្នកជំនាញដដែលអះអាងថា កុមារនៅតាមជនបទភាគច្រើន ដែលលោកបានជួប គឺសុទ្ធតែឪពុកម្ដាយលែងលះគ្នា ឬបែបបាក់គ្នា ម្ដាយយកប្ដីថ្មី ឪពុកប្រពន្ធថ្មីផ្សេងទៀត ដែលជាហេតុធ្វើឱ្យក្មេងៗទាំងនោះបាត់បង់ភាពកក់ក្ដៅពីឪពុកម្ដាយ ហើយអនាគតរបស់ពួកគេក៏បាត់បង់ឱកាសជោគជ័យក្នុងជីវិតនោះដែរ។
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី សង្កត់ធ្ងន់ថា ការបែកបាក់គ្នាបែបនេះ កូនខ្លះត្រូវទៅរស់នៅជាមួយឪពុកឬម្ដាយចុង ហើយខ្លះរស់នៅជាមួយឪពុកឬម្ដាយចុងទី៣ទី៤ទៅទៀត កូនខ្លះត្រូវទៅនៅជាមួយយាយតា បងប្អូន ខ្លះត្រូវទៅស៊ីឈ្នួលឱ្យគេដើម្បីបំពេញតម្រូវការក្រពះ ឬមហិច្ចតារបស់អ្នកដទៃ ដែលត្រូវគេធ្វើបាបឥតឈប់ឈរ និងគ្មានភាពកក់ក្ដី ហើយរស់នៅឯកាបំផុត។
ចំពោះឪពុកម្ដាយចំណាកស្រុក ឬទៅធ្វើពលករនៅក្រៅប្រទេស បើតាមវាគ្មិនដដែលយល់ឃើញថា ការចំណាកស្រុកនៅក្រៅប្រទេសបែបនេះ គឺយូរៗទម្រាំបានជួបជុំគ្នាម្ដង ពេលខ្លះកូនៗភ្លេចមុខឪពុក ភ្លេចមុខម្ដាយ ហើយពេលខ្លះប្រពន្ធរងចាំយូរពេកក៏មានប្ដីថ្មី ហើយប្ដីរងចាំយូរពេកក៏មានប្រពន្ធថ្មីមួយទៀតក៏មានដែរ។
លោកឧកញ៉ាថា បើសង្គមគ្រួសារពោរពេញទៅដោយភាពស្មុគ្រស្មាញបែបនេះ មិនត្រឹមបាត់បង់នូវភាពស្និទ្ធស្នាលនោះទេ សូម្បីការអប់រំទូន្មានរបស់ឪពុកម្ដាយក៏គ្មានដែរ។
ចំពោះបញ្ហាទាំងនេះ អ្នកជំនាញវិស័យអប់រំដដែលបន្តថា គឺបណ្ដាលមកពីឪពុកម្ដាយមិនបានឆ្លងកាត់ការអប់រំ ភាពក្រីក្រ និងសង្គម។ លោកបន្ថែមថា ការបង្កើតកូនហើយយកកូនទៅផ្ញើជាមួយអ្នកជិតខាង សាច់ញាតិ ឬយាយតា ដើម្បីទៅរកការងារធ្វើ ឬធ្វើការនៅឆ្ងាយនោះ គឺបាត់បង់អត្តសញ្ញាណរបស់ឪពុកម្ដាយដែលត្រូវផ្ទេរទៅកាន់កូនៗ ហើយកូនៗខ្លះក៏ត្រូវកំព្រីកំព្រារស់នៅតែម្នាក់ឯងក៏មានដែរ។
ចំពោះកុមារបាត់បង់ភាពកក់ក្ដីពីឪពុកម្ដាយ គ្មានការអប់រំ អត់បានទៅសាលា ហើយខ្វះការទូន្មានពីឪពុកម្ដាយផង ធ្វើឱ្យពួកគេមិនយល់ពីសីលធម៌ បាត់បង់សុជីវធម៌ មិនចេះឱនលំទោនគោរពចាស់ព្រឹទ្ធាចារ្យ ហើយអាចប្រឡូកនៅក្នុងសង្គមមួយដែលគេមិនរាប់រក បាត់បង់ឱកាសចូលរួម និងអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ននិងអនាគត។
នេះបើតាមលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ដល់អ្នកសារព័ត៌មានបន្ថែម៕
ប្រភព៖ interconrooster