ឧកញ៉ា គួច ម៉េងលី ផ្ដាំយុវជនកុំទម្លាប់ឆាប់ជឿគេស្លុងពេក ហើយក៏កុំហែកទ្រូងឱ្យក្អែកស៊ី!!

ញុំ​សោកស្ដាយ​និង​ខ្លោចចិត្ត​ជំនួស​កូនខ្មែរ​មួយ​ចំនួន​ណាស់​។​ ​ខ្ញុំ​ឃើញ​កូនខ្មែរ​មួយ​ចំនួន​ឆាប់​ចាញ់ច្រាប​គេ​ ​ប្រូ​បាន​ក៏​ប្រូ​បាន​ ​បោក​បាន​ក៏​បោក​បាន​ ​ហើយ​ងាយ​ជឿ​គេ​ស្លុង​ទៅទៀត​ ​គឺ​ជឿ​ដោយ​គ្មាន​ការពិចារណា​។​ ​

​ការណ៍​នេះ​មិនមែន​ជា​រឿង​លេងសើច​ទេ​ ​តែ​ជា​រឿង​មួយ​ដែលគេ​បោក​បាន​។​ ដូច្នេះកុំទម្លាប់ឆាប់ជឿគេស្លុងពេក។

​រឿង​មួយទៀត​ ​បើ​ក្មួយ​ៗ​ខ្វះខាត​ ​ក្មួយ​ៗ​ត្រូវ​ចេះ​សន្សំសំចៃ​ ​កុំ​ទំនើបនិយម​តាម​គេ​ ​ហើយក៏​កុំ​បង្ហាញ​ចំណុច​ខ្សោយ​ឱ្យ​គេ​ដឹង​។​ ​ខ្ញុំ​សូម​និយាយ​ពី​ខ្លួនឯង​បន្តិច​ចុះ​ ​គ្រួសារ​ខ្ញុំ​កាលពីមុន​មាន​ជីវភាព​មិន​ជា​ធូរធារ​ទេ​ ​ទាំង​បងប្អូន​ខ្ញុំ​ ​ទាំង​ខ្ញុំ​ ​ម្នាក់ៗ​មាន​ខោអាវ​សមរម្យ​តែ​ពីរ​សម្រាប់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ពួកយើង​ស្លៀកពាក់​ខោអាវ​ថ្មី​រហូត​ ​ហើយ​គ្មាន​នរណា​ដឹង​ថា​ ​ពួកយើង​ស្លៀកពាក់​របស់​ចាស់​នោះ​ទេ​។​ ​

មូលហេតុ​ ​គឺ​ដោយសារតែ​ថ្ងៃនេះ​ខ្ញុំ​ស្លៀកពាក់​ខោអាវមួយសម្រាប់​នោះ​ ​ហើយ​បោកអ៊ុត​មួយ​សម្រាប់​នេះ​ ​ដល់​ពេលស្អែក​ឡើង​ខ្ញុំ​ស្លៀកពាក់​មួយ​សម្រាប់​នេះ​ ​ហើយ​បោកអ៊ុត​មួយ​សម្រាប់​នោះ​វិញ​ ​និយាយទៅ​ ​គឺ​ខ្ញុំ​ស្លៀកពាក់​ផ្លាស់ប្ដូរ​គ្នា​បែប​នេះ​រហូត​ ​គ្មាន​នរណា​ដឹង​ថា​ ​ខ្ញុំ​ស្លៀកពាក់​ខោអាវ​ដដែល​ៗ​នោះ​ទេ​។​ ​

នេះ​គឺជា​វិធីសាស្ត្រ​មួយ​ ​ដើម្បី​សន្សំសំចៃ​របស់​គ្រួសារ​ខ្ញុំ​។​

​ដូច្នេះ​សូម​ក្មួយ​ៗ​គួរ​ចេះ​សន្សំសំចៃ​ ​ចេះ​រៀបចំ​ខ្លួន​កុំ​ឱ្យ​គេ​ដឹង​ថា​ ​យើង​រហេមរហាម​ ​កុំ​បង្ហាញ​ចំណុច​ខ្សោយ​យើង​ឱ្យ​គេ​ដឹង​។​ ​ខ្ញុំ​ធ្លាប់​ជួប​កូនខ្មែរ​យើង​មួយ​ចំនួន​មាន​វប្បធម៌​មួយ​ ​គឺ​ចូលចិត្ត​ត្អូញត្អែរ​ពី​ភាព​ក​ម្សត់​ដាក់​គេ​ ​ឬ​បង្ហាញ​ពី​ក្ររហេមរហាម​ទុក្ខវេទនា​ឱ្យ​គេ​ដឹង​។​

​យើង​កុំ​គិតថា​ ​ការ​ត្អូញត្អែរ​របស់យើង​ធ្វើ​ឱ្យ​គេ​អាណិតអាសូរ​ឱ្យ​សោះ​ ​គេ​មិន​ស្រណោះស្រណោក​យើង​ទេ​។​ ​ដូច្នេះ​កុំ​ទៅ​ហែកកេរ្តិ៍​ ​កុំ​ត្អូញត្អែរ​ ​កុំ​ហែក​ទ្រូង​ខ្លួនឯង​ឱ្យ​ក្អែក​ស៊ី​ ​ព្រោះ​វា​ជា​ចំណុច​ខ្សោយ​របស់យើង​ ​ដែលគេ​មិន​ចង់​ស្ដាប់​ ​ហើយ​គេ​អាច​ងាយ​មើល​យើង​ថែមទៀត​ផង​។​

​កើតមក​ជា​មនុស្សម្នា​នឹងគេ​ដែរ​ ​យើង​ត្រូវតែ​ក្លាហាន​ ​ចេះ​រៀបចំ​ខ្លួន​ឱ្យ​ថ្លៃថ្នូរ​ ​កុំ​ត្អូញត្អែរ​នឹង​ការលំបាក​។​ ​ការលំបាក​ ​អ្នកណា​ក៏​ធ្លាប់​ឆ្លងកាត់​ដែរ​ ​តែ​គេ​មានការ​តស៊ូ​ ​ប្រសិនបើ​យើង​មិន​តស៊ូ​ដូច​គេ​ទេ​ ​ជីវិត​នៅតែ​បែប​នេះ​ជា​រៀង​រហូត​៕​

​សម្រង់​ដោយក្រុម​ការងារ​ឌិ ​អ៊ី​ន​ធ័​រ​ខន​ រ៉ូស្ទ័​រ​

ប្រភព៖ interconrooster