លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលសាធារណជនទូទៅស្គាល់ថា ជាអ្នកនិពន្ធដ៏មានកេរ្តិ៍ឈ្មោះ និងមានប្រជាប្រិយមួយរូប បានបើកចំហរ និងអនុញ្ញាតដល់អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជនទូទៅ ចូលរួមពិធីសម្ពោធសៀវភៅស្នាដៃនិពន្ធលើកទី៨ របស់ខ្លួនដោយសេរី។
ការដាក់ឱ្យអាន និងសម្ពោធជាផ្លូវការនូវ «កម្រងកំណាព្យពីដួងចិត្ត» ដោយអ្នកនិពន្ធ គួច ម៉េងលី នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ខាងមុខនៅបណ្ណាគារម៉ូនូមែនប៊ុក ចាប់ពីម៉ោង៩ព្រឹកតទៅ។
គិតចាប់តាំងពីនិពន្ធសៀវភៅ រហូតមកទល់ពេលនេះ កម្រងស្នាដៃនិពន្ធរបស់កវីនិពន្ធ គួច ម៉េងលី បានចំនួន៨ចំណងហើយ។ ក្នុងនោះមានដូចជា ទី១ អ្នកជាមនុស្សល្អ ល្អប្រសើរ និងល្អអស្ចារ្យ ទី២ ទស្សនៈអាជីវកម្ម គួច ម៉េងលី ទី៣ ជំនួបតុកាហ្វេ រវាងដុកទ័រ ម៉េងលី និងខ្ញុំ ទី៤ ភ្នំដងរែក ទីពុំអាចភ្លេច ទី៥. ១០៨ ចក្ខុវិស័យ គួច ម៉េងលី ទី៦. គំនិតរកស៊ី គួច ម៉េងលី ទី៧. បណ្ដុំទស្សនៈ គួច ម៉េងលី និងចុងក្រោយនេះ គឺមានចំណងជើងថា កម្រងកំណាព្យពីដួងចិត្ត គួច ម៉េងលី។
សូមជម្រាបថា រាល់ថវិកាបានពីការលក់សៀវភៅនេះ នឹងបង្វិលចូលទៅមូលនិធិម៉េងលី ជេ. គួច ដើម្បីបម្រើទៅនឹងកិច្ចការសប្បុរធម៌ដូចជាការបរិច្ចាគអាហារ សង់សាលារៀន បណ្ណាល័យ ធ្វើផ្លូវ សង់ស្ពាន សម្ភារសិក្សា និងចែកកង់ដល់សិស្សក្រីក្រសម្រាប់រួមចំណែកលើកស្ទួយវិស័យអប់រំនៅកម្ពុជា។
រាល់ស្នាដៃនិពន្ធដោយកវីនិពន្ធ គួច ម៉េងលី ក៏មានវត្តមាននៅលើទីផ្សារ បណ្ណាគារនៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត ព្រមទាំងនៅក្នុងបណ្ណាល័យជាតិ គ្រឹះស្ថានសាធារណៈ និងឯកជនជាច្រើនផងដែរ៕
ប្រភព៖ interconrooster