ជីវិតមិនឋិតថេរឡើយ។ ម្លោះហើយ មានពេលវេលាខ្លះ អ្នកអាចសាកល្បងនៅក្បែរមនុស្សដជាទីស្រឡាញ់ចូលចិត្ត ឈ្វេងយល់ពីគេ ថាតើ អ្នកនិងគេអាចបំពេញគ្នាបានដែរឬអត់?
តម្លៃរបស់អ្នក ក៏ជាសុភមង្គលដែលពុំអាចបាត់បង់បាននោះដែរ។ ដូចដែលធ្លាប់ដឹងរួចមកហើយថា បុគ្គលម្នាក់ៗមិនអាចរស់នៅក្នុងសង្គមដោយប្រាចាកតម្លៃ ឬកិត្តិយសក្នុងអត្ថិភាពជាមនុស្សបាននោះឡើយ។
អ្នកត្រូវការមនុស្សជុំវិញគោរពរាប់អាន និងយល់ពីតម្លៃ។ ផ្ទុយទៅវិញ បើតម្លៃរបស់អ្នកត្រូវបានជាន់ឈ្លីក្រោមទង្វើអ្នក តើមាននរណានឹងជួយស្រោចស្រង់បាន? ប្រសិនបើអ្នកដទៃជាន់ឈ្លីវិញ តើអ្នកត្រូវធ្វើបែបណាដើម្បីរក្សាការពារតម្លៃខ្លួន?
ទាំងនេះទាមទារឱ្យអ្នកគួរគប្បីឈ្វេងយល់។ បើបាត់បង់តម្លៃរស់នៅក្នុងសង្គម ក៏អាចបណ្តាលឱ្យប៉ះពាល់ដល់ផ្លូវចិត្តដែរ។ បើសិនជាតុល្យភាពក្នុងចិត្តត្រូវសាបសូន្យ នោះរាល់ការបដិបត្តិអាចនឹងប្រាចាកសភាពដើម។
ហើយសុភមង្គលដែលអ្នកធ្លាប់មាន នឹងប្រែប្រួលជាក់ជាពុំខានឡើយ។ ដើម្បីរក្សាតម្លៃ អ្នកត្រូវចេះទទួល និងចែករំលែក។ ស្រលាញ់គេឱ្យដូចស្រលាញ់ខ្លួនឯង។ ឯគោរពគេ ក៏ដូចគោរពខ្លួនឯងនោះដែរ។
ខ្ញុំឃើញយុវជនយើងមួយចំនួនចូលចិត្តធ្វើខ្លួនជាអ្នកចែក តែពុំព្រមធ្វើជាអ្នកទទួលយកសោះ។ ក្រឡេកមើលខ្លួនឱ្យសព្វជ្រុងជ្រោយ។ គួររៀនទទួលស្គាល់ខ្លួនឯង មិនថាចំណុចល្អ ឬមិនល្អជាជាងព្យាយាមបង្រៀននរណាម្នាក់ទាំងយើងខ្លួនឯង មិនទាន់ទាំងចេះទទួលយក។
ការចេះទទួលយកបែបនេះ ដូចបានហ្វឹកហាត់ចិត្តឱ្យរឹងមាំក្នុងការរក្សា ឱបក្រសោប និងពេញចិត្តរាល់សមិទ្ធិផលតិចតួចក្តីដែលយើងសម្រេចបាន។ ការពេញចិត្តចំពោះអ្វីៗដែលយើងធ្វើ វាក៏ជាផ្នែកមួយនៃសុភមង្គលផងដែរ។
អ្នកដឹងទេ មានមនុស្សជាច្រើននាក់ណាស់ ពុំដែលសប្បាយចិត្តនឹងសមិទ្ធិផលបន្តិចបន្តួចដែលខ្លួនធ្វើបានសោះឡើយ។ ការណ៍នោះហើយ ធ្វើឱ្យគាត់សឹងតែបាត់បង់នូវសុភមង្គលដែលគាត់គួរតែទទួលបាន។ ក្រោយពេលអ្នកចេះទទួលយកដោយរីករាយ និងពេញចិត្តហើយ ក៏ពុំគួរភ្លេចឡើយនូវការកសាងក្តីស្រមៃ។
ស្រមៃឱ្យល្អបំផុត ហើយព្យាយាមធ្វើសកម្មភាពដើរទៅរកក្តីស្រមៃអ្នក ដោយកុំភ័យខ្លាចតក់ស្លុត។ មានមនុស្សមិនតិចនាក់ទេ ដែលព្យាយាមគេចចេញពីដំណើរការនេះ ដោយក្រែងថានឹងបរាជ័យ ហើយខកចិត្ត។
ពេលខ្លះការចេះពូនផ្តុំក្តីស្រមៃ ក៏ហៅជាចំណុចចាប់ផ្តើមនៃជោគជ័យដែរ។ នៅក្នុងជីវិត មានរឿងរ៉ាវរាប់រយពាន់ដែលយើងនឹងត្រូវឆ្លងកាត់។ ហើយរាល់ការឆ្លងផុតពីមួយទៅមួយបញ្ហា គឺបន្សល់នូវអនុស្សាវរីយ៍ និងការចងចាំដែលមានទាំងល្អ និងមិនល្អ។
តែដើម្បីមានលក្ខណៈសម្បត្តិជាមនុស្សសមរម្យ យើងត្រូវបរិច្ចាគ ចែករំលែក ហើយនិងចេះបដិសេធ។ បទពិសោធជូរចត់របស់មនុស្ស មានរសជាតិខុសៗគ្នា។ ដូច្នេះវាជាការលំបាក ដែលយើងចង់ស្វែងរកអ្នកដែលមានបទពិសោធជូរចត់ជាងគេ។
ខ្ញុំជឿថា រសជាតិនៃសុភមង្គលនៅក្នុងជីវិតដ៏ពិតប្រាកដរបស់យើងម្នាក់ៗ គឺការឆ្លងកាត់នូវរឿងរ៉ាវ អកុសលក្នុងជីវិតបានដោយរលូននោះឯង។
ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection
បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #TheCollectionOfPhilosophy #LifeAndHappiness
To grab this collection, please visit every bookstore listed in our below website;
https://www.mjquniversitypress.com/.../the-philosophy.../