#យើងម្នាក់ៗសុទ្ធតែអាចជួយផ្សះផ្សាសង្គមយើងបាន
ខ្ញុំសូមរៀបរាប់ពីកុមារភាពដ៏ជូរចត់របស់ខ្ញុំ។ ខ្ញុំតែងតែមានអាការៈភ័យខ្លាច ប្រៀបដូចកូនបក្សីធ្លាក់ចូលក្នុងទឹក។ ពេលឡើងមកវិញ ខ្ញុំរងារញ័រទទ្រើត និងធ្លាប់ជាកូនក្មេងដែលរត់ឆ្លងកាត់ទីលានសមរភូមិយ៉ាងខ្វាត់ខ្វែង។ ខ្ញុំធ្លាប់ត្រូវគេវាយដំដូចជនឧក្រិដ្ឋ ហើយបង្ខំឱ្យធ្វើការដូចទាសករ។
ខ្ញុំតែងតែមានអារម្មណ៍ភ័យខ្លាចមិនថាយប់មិនថាថ្ងៃ។ ក្នុងឆាកជីវិតនេះ ខ្ញុំធ្លាប់បានរស់កៀកជាប់នឹងភាពភ័យតក់ស្លុត និងភាពទុរគតអត់ឃ្លាន។ សេចក្តីសុខសុភមង្គលមិនដែលកើតឡើងក្នុងពិសោធន៍ជីវិតរបស់ខ្ញុំកាលនៅពីតូចសោះឡើយ។ ខ្ញុំធ្លាប់ដើរកកាយគំនរសំរាមពេញមួយថ្ងៃ ដោយសង្ឃឹមថានឹងជួបនូវសំណាង។ ភាពស្រេកឃ្លាន និងការហូបចុកមិនគ្រប់គ្រាន់ តែងតែនៅនែបនិត្យជិតកាយខ្ញុំជានិច្ច។
ខ្ញុំធ្លាប់ធ្វើការឱ្យគេដើម្បីដូរបាយហូប និងត្រាច់ចរដើម្បីស្វែងរកអាហារស្ទើរតែរាល់ថ្ងៃ។ ខ្ញុំតែងលូនចេញមកក្រៅរាលៗយប់ ដោយសង្ឃឹងថានឹងអាចរកឃើញមានមួយបាវ ដែលគេលួចយកមកចាក់ចោលនៅក្នុងវាលស្រែ។ ខ្ញុំតែងតែងភ័យរន្ធត់ចំពោះសាកសពដែលស្លាប់ទៅ នៅរៀងរាល់រាត្រីដ៏សែនស្ងាត់ជ្រងំ(សម័យខ្មែរក្រហម)។ ខ្ញុំតែងខំធ្វើការសព្វយ៉ាងដោយមិនរើសមុខដើម្បីរស់។
ហើយខ្ញុំក៏មិនដែលទើសទាល់ដែរ ទោះបីជាកន្លែងការងារនោះមានស្ថានភាពបែបណាក៏ដោយចុះ។ ខ្ញុំបានគូររូបខ្លួនឯងទាំងទឹកភ្នែកស្រក់រហាម ដើម្បីបិទបាំងនូវក្តីទុក្ខវេទនារបស់ខ្ញុំ។ ខ្ញុំយំរហូតទាល់តែព្រលឹងខ្ញុំងងុយដេក និងជីវិតរបស់ខ្ញុំអាណិតសណ្តោសដល់ការបដិសន្ធិខ្ញុំ។ លុះដល់ទីបំផុត ខ្ញុំបានយកឈ្នះសេចក្តីស្លាប់ និងអាចមានកម្លាំងចិត្តគ្រប់គ្រាន់ ដើម្បីប្រជែងនឹងបញ្ហាក្នុងជីវិតដែលសង្គមធ្លាប់ទម្លាក់ឱ្យខ្ញុំ។
ហើយបើទោះបីសង្គមបង្កបញ្ហារាំងស្ទះបែបណាក៏ដោយ ខ្ញុំពុំដែលរាថយ និងបញ្ឈប់សកម្មភាពដែលជួយឱ្យខ្ញុំអាចសាចព្រោះទង្វើវិជ្ជមានទៅឱ្យសង្គមវិញ នោះឡើយ។
សង្គមយើងត្រូវការអ្នកធ្វើឱ្យច្រើនជាងអ្នកនិយាយ។ សង្គមយើង ក៏ត្រូវការអ្នកជួយសង្គ្រោះពិត ឱ្យច្រើនជាងនិយាយថាអាណិតផងដែរ។ បើសិនពួកយើងយកឈ្នះលើវិបត្តិដែលសង្គមបានទម្លាក់លើយើង នៅកំឡុងពេលណាមួយក្នុងជីវិតហើយនោះ វាសមល្មមដល់ពេលដែលយើងចូលរួមជួយផ្សះផ្សា និងប៉ះបូវរាល់កន្លែងបែកបាក់ក្នុងកោសិកាសង្គម ដើម្បីកសាងភាពរឹងមំាឡើងវិញ ដ្បិតអនាគតជាតិសាសន៍យើង ផ្តើមចេញពីសង្គមក្នុងពេលនេះឯង៕
------------------------------------------
ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection
ទំព័រទី៦៨ បោះពុម្ពផ្សាយខែមិថុនា គ.ស.២០២០
និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
#MJQUP #The_Philosophy_Collection #SocietyWeLiveIn
To grab this collection, please visit every bookstore listed in our below website;
https://www.mjquniversitypress.com/.../the-philosophy.../