សត្វចាបព្រៃវែងឬចាបទ្រូងលឿងបង្ហាញវត្តមានជាថ្មីនៅកម្ពុជាក្រោយមិនប្រទះឃើញអស់រយៈពេល០៣ឆ្នាំចុងក្រោយ

សត្វចាបព្រៃវែង ឬចាបទ្រូងលឿង (Yellow Breasted Bunting) ដែលជាបក្សីជិតផុតពូជបំផុត នៅលើពិភពលោក និងនៅកម្ពុជា បានបង្ហាញខ្លួនជាថ្មីម្តងទៀតនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ខេត្តតាកែវ កាលពីពេលថ្មីៗនេះ។

នេះបើយោងតាមការចេញផ្សាយរបស់អង្គការជីវិតសត្វស្លាបអន្តរជាតិ ប្រចាំកម្ពុជា (Birdlife International Cambodia Program) កាលពីដើមខែមករា ថ្មីៗនេះ។

144291631

ក្រុមការងារប្រចាំតំបន់ដឹកនាំដោយលោក លី សម្ភស៍ ជាមន្រ្តីសម្របសម្រួលអង្គការ BirdLife និង លោកឈឿន សុជាតិ ប្រធានក្រុមឧទ្យានុរក្ស បានកត់ត្រាវត្តមានសត្វចាបព្រៃប្រមាណជា ២០ក្បាល នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្រោយពីបាត់ដំណឹងអស់រយៈពេលបីឆ្នាំមកហើយ ក្នុងពេលដែលក្រុមការងារចុះទៅកត់ត្រាសត្វក្រៀល កាលពីពេលថ្មីៗនេះ។

135838218_1316426928719014_8900836553378137852_o

ការបង្ហាញខ្លួនរបស់ចាបព្រៃវែងនេះ បញ្ចាក់ឱ្យឃើញថា ទីជម្រកដែលមាននៅតំបន់ដីសើមនេះបានដើរតួយ៉ាងសំខាន់ក្នុងការរស់នៅ និងពងកូនរបស់សត្វស្លាបទឹកជាច្រើនប្រភេទ ដូចជា ក្រៀល ចង្កៀលខ្យង រនាលពណ៌ ត្រដក់ ។ល។

និងសត្វស្លាបទេសន្តរប្រវេសន៍ ដូចជាសត្វចាបព្រៃវែងនេះជាដើម។ ដោយឡែកការទន្រ្ទានដី កង្វះទឹកនារដូវប្រាំង និងការបំពុលបណ្តាលមកពីការប្រើប្រាស់ថ្នាំ និងជីកសិកម្មហួសកម្រិត គឺជាកត្តាគំរាមកំហែងដែលកំពុងកើតមាននៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។

135528330_1316426855385688_7489158222439391724_o

សូមជំរាបជូនថា សត្វចាបព្រៃវែង គឺជាប្រភេទសត្វស្លាបទេសន្តរប្រវេសន៍ជិតផុតពូជបំផុតដែលកំណត់ក្នុងបញ្ជីក្រហម IUCN អាស្រ័យដោយចំនួនរបស់វានៅលើពិភពលោកបានថយចុះជាង ៨០% នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

បក្សីប្រភេទនេះបង្កកំណើតនៅអឺរ៉ុប និងអាស៊ីខាងជើង បន្ទាប់មកបំលាស់ទីមកកាន់តំបន់អាស៊ី ដូចជាឥណ្ឌា ចិនភាគខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូតដល់រដូវត្រជាក់ ពួកវាត្រទ្បប់ទៅប៉ែកអឺរ៉ុបវិញ។

កាលមុនឆ្នាំ២០០០ នៅកម្ពុជាគេឃើញវត្តមានពួកវាជាហ្វូងធំរហូតដល់ជាង ១ ០០០ក្បាល ប៉ុន្តែនាពេលបច្ចុប្បន្ន វត្តមានរបស់វាមានជាក្រុមតូចពេលខ្លះមានតែ ២ក្បាលក៏មាន។

134995749_1316426905385683_658290523885881013_o

គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់ដីសើមដ៏ធំមួយដែលស្ថិតក្នុងតំបន់ដីសណ្តទន្លេមេគង្គក្រោម និងត្រូវបានកំណត់ជាតំបន់ការពារទេសភាពបឹងព្រែកល្ពៅ តាមរយៈអនុក្រឹត្យលេខ៩០អនក្រ.បក ចុះថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ៕

134413394_1316427032052337_3200288869551158709_o

អត្ថបទ៖ ផែន រតនៈ (AKP)

រូបថត៖ អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា