ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េង លី! បកស្រាយអំពី ការធ្វើបុណ្យ និងធ្វើទានគឺជាជម្រើស

#ធ្វើបុណ្យនិងធ្វើទានគឺជាជម្រើស

ព្រះពិតជាមាន បើអ្នកជឿលើព្រះ។ កម្មពៀរពិតជាមាន បើអ្នកជឿលើកម្មពៀរ។ ហើយប្រសិនបើអ្នកជឿថាមានព្រះ និងកម្មពៀរ នោះអ្នកគួរតែដឹងថាអ្វីៗគ្រប់យ៉ាង គឺនៅវិលវល់ជុំវិញរឿងល្អ ល្អប្រសើរ និងល្អអស្ចារ្យ ឬផ្ទុយពីនេះទាំងអស់ក៏ថាបាន។ ម៉្លោះហើយ ខ្ញុំកម្រប្រមាថខ្លាំងណាស់។ ខ្ញុំតែងតែគោរព និងផ្តល់តម្លៃដល់ជំនឿសាសនា ទំនាមទម្លាប់ និងប្រពៃណី ព្រោះថាទាំងនេះជាវប្បធម៌រស់នៅរបស់ជាតិសាសន៍យើង ក៏ដូចប្រទេសដទៃដែលមានវប្បធម៌រស់នៅរបស់គេនោះដែរ។ ហើយខ្ញុំបានជ្រើសរើសយកការធ្វើទាន ព្រោះវាគឺជាមនោសញ្ចេតនា និងក៏ជាចំណង់ចំណូលចិត្តរបស់ខ្ញុំផងដែរ។

132754666_3932995930079170_7183602957030580054_o

អ្នកនឹងពិតជាមិនខ្វល់សោះឡើយអំពីកំដៅសូរសែង និងតំណក់ញើស ប្រសិនបើអ្នកបានដឹងពីសភាពរបស់អ្នកទាំងអស់នេះ គឺ“កូននេនដ៏ល្អបរិសុទ្ធរបស់ខ្ញុំ!”។ ព្រះសង្ឃទ្រទ្រង់សាសនា។ បើគ្មានព្រះសង្ឃ ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនឹងឯកា។

បើសាសនាឯកា អ្នកបដិបត្តិតាមគន្លងព្រះពុទ្ធសាសនានឹងទៅជាយ៉ាងណា? ហើយសាសនានេះទៀតសោត ក៏ជាបំណែកមួយនៃសុភមង្គលផងដែរ ដ្បិតសាសនាបានបង្រៀនយើងឱ្យចេះឈ្វេងយល់ពីរបៀបសង្រួមផ្លូវចិត្ត។ បញ្ញាតិជាច្រើនក្នុងព្រះពុទ្ធសាសនាហាក់បង្ហាញពីហេតុផលនៃទុក្ខ និងទីរំលត់ទុក្ខ។ ពិធីបុណ្យក្នុងសាសនា បានរួបរួមពួកយើងឱ្យមកជុំគ្នា ចែករំលែក និងទទួលយក។

133088825_3947574465287983_4972090913075686970_n

ខ្ញុំតែងតែអាណិតកូននេន នេន និងភិក្ខុ ដែលតែងនិមន្តត្រាចចរបិណ្ឌបាត្រនៅក្នុងទីក្រុងពេកណាស់។ ពេលខ្លះ ព្រះអង្គត្រូវគេបដិសេធ ពុំប្រគេនចង្ហានបិណ្ឌបាត្រ។ មានពេលខ្លះ ព្រះអង្គក៏ទទួលបាន។ ស្ថិតក្នុងសភាពខ្លះ មើលទៅហាក់ដូចព្រះអង្គពុំមែនបិណ្ឌបាត្រទៅវិញ។ អ្វីដែលខ្ញុំខ្វល់ខ្វាយបំផុត គឺកាលណាពុទ្ធឱវាទពុំត្រូវបានចែករំលែកទៅពុទ្ធបរិស័ទ នោះបញ្ហាក្តៅក្រហលក្រហាយ និងផុសផុលឡើងផងដែរ។

សង្គមដែលឥតសីល គឺនឹងមានបញ្ហាអាក្រក់ៗកើតឡើងជាញឹកញាប់ពុំខានឡើយ។ ព្រះពុទ្ធមានពុទ្ធដីការថា គ្រប់គ្នាគឺនៅលើផ្លូវឆ្ពោះទៅរកភាពភ្ញាក់រឭក សុខសន្តិភាពក្នុងចិត្ត ការគ្រប់គ្រងចិត្ត និងឱ្យយើងចេះជួយខ្លួនឯងសិន មុននឹងសុំឱ្យព្រះជួយ។ មិនតែប៉ុណ្ណោះ បង្ហាញយើងឱ្យឈ្វេងយល់ពីហេតុនិងផល។ ខ្ញុំស្តាយដែរ ដែលនៅតំបន់ខ្លះ វត្តអារាមចេះតែកើន តែពុំសូវមានព្រះសង្ឃស្នាក់នៅ ហើយក៏ពុំមានសាលាបង្រៀនច្រើន។

134725794_3959576757421087_4507470534195602086_o

កាលពីមុន វត្តអារាមគឺជាសាលារៀន។ ពោលជាថ្នាលបណ្តុះកូនខ្មែរ ឱ្យយល់ដឹងនិងចេះស្នេហាជាតិ។ ក៏ប៉ុន្តែ ក្នុងពេលឥឡូវ អ្វីៗប្រួលប្រែ។ តែទោះជាយ៉ាងណាក៏ដោយ ចំពោះខ្ញុំ ខ្ញុំចូលចិត្តធ្វើទាន ព្រោះខ្ញុំបានមើលឃើញដល់ទៅបីជំនាន់ គឺជំនាន់យើង ជំនាន់កូន និងជំនាន់ចៅ។

ពេលគេឥតមានអ្វីញ៉ាំ យើងដឹង ម៉្លោះហើយយើងអាចចែកបានប៉ុនណា យើងចែកប៉ុណ្ណឹង។ រីឯជាតិក្រោយ គឺជារឿងជាតិក្រោយ។ សំខាន់ ឃើញគេកំពុងលំបាក បើយើងបិទភ្នែក ខ្ទប់ត្រចៀក វារឹតតែលំបាកទៅទៀត។ ខ្ញុំជឿជាក់ថា បើយើងសាងអំពើល្អ យើងនឹងទទួលបានផលល្អតបស្នងមកវិញនៅថ្ងៃណាមួយជាមិនខាន។ បើមិនបានដោយសារកត្តាខាងក្រៅ ក៏បានសុខស្ងប់នៅក្នុងចិត្តយើងនោះដែរ។

ចំពោះខ្ញុំ បើខ្ញុំបានធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ខ្ញុំក៏មានសុភមង្គលក្នុងចិត្តដូចគ្នា។ ម៉្លោះហើយខ្ញុំយល់ថា បើធ្វើអ្វីមួយ ត្រូវចេះសន្សំសេចក្ដីគោរព កសាងក្ដីស្រឡាញ់ និងការទុកចិត្តពីអ្នកដទៃឱ្យបាន៕

134816385_3963277417051021_6089252262444218326_o

ដកស្រង់ពីសៀវភៅ #បណ្តុំទស្សនៈ_The_Philosophy_Collection

ទំព័រទី៥០-៥៣ បោះពុម្ពផ្សាយខែមិថុនា គ.ស. ២០២០

និពន្ធដោយ៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

#MJQUP #TheCollectionOfPhilosophy #LifeAndHappiness

To grab this collection, please visit every bookstore listed in our below website;

https://www.mjquniversitypress.com/.../the-philosophy.../