តាមក្បួនវេជ្ជបញ្ជាអន្តរជាតិ គេឱ្យគេងឱ្យបាន៨ទៅ១០ម៉ោងក្នុងមួយថ្ងៃ លោកវេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងថា បើគេងមិនបាន៨ទៅ១០ម៉ោង យ៉ាងហោចណាស់បាន៦ម៉ោងដែរ ក្នុងមួយថ្ងៃ។
លោកវេជ្ជបណ្ឌិត បន្តថា មិនមែនប៉ះពាល់តែប៉ុណ្ណឹងទេ វាអាចប៉ះទង្គិចដល់អរម៉ូនទាំងបុរសទាំងស្រ្តីថែមទៀត ជាពិសេសធ្វើឱ្យស្រ្តីមកថ្ងៃខែអត់ទៀងទាត់ ឬអត់មកថ្ងៃខែ (អត់មករដូវ) តែម្ដង។ បើអត់មកថ្ងៃខែនឹងបង្កឱ្យស្រ្តីមានជំងឺពាក់ព័ន្ធនឹងអូវ៉ុល និងមានជំងឺតឹងតែងផ្លូវចិត្តឬផ្លូវអារម្មណ៍។
ការគេងអត់លក់ស្កប់ស្កល់ លោកអ្នកមិនបានហាត់ប្រាណប្រចាំថ្ងៃ ព្រោះអស់កម្លាំងពីការងារផងនោះ វាអាចនឹងកើតហានិភ័យដូចលោកវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងមិនខាន ប៉ុន្តែប្រសិនលោកអ្នកគេងលក់បានស្កប់ស្កល់ នោះសុខភាពរបស់លោកអ្នកនឹងល្អប្រសើរ កាត់បន្ថយជំងឺ ហើយញ៉ាំតិចជាងធម្មតា។
សម្រាប់អ្នកទទួលទានដំណេកមិនដែលស្កប់ស្កល់ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំឱ្យអនុវត្តនូវរូបមន្តតាមវីធីងាយៗ ដែលអាចធ្វើឱ្យលោកអ្នកគេងបានស្កប់ស្កល់ ដូចជា៖
១. ពេលនៅក្នុងការិយាល័យធ្វើការពេលថ្ងៃ ត្រូវបើកភ្លើងឱ្យភ្លឺ ឬបើកបង្អួចឱ្យមានពន្លឺជះចូល ដើម្បីកុំឱ្យងងុយគេងពេលថ្ងៃ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ដំណេកពេលយប់របស់យើង។ ម្យ៉ាងពន្លឺព្រះអាទិត្យពេលព្រឹកមានវីតាមីន C ជំនួយដល់ប្រព័ន្ធការពាររាងកាយរបស់លោកអ្នកបានយ៉ាងប្រសើរ។
២. ក្នុងមួយថ្ងៃហោចណាស់ត្រូវឱ្យត្រូវពន្លឺថ្ងៃ២ទៅ៣ម៉ោង ប៉ុន្តែបើធ្វើការក្នុងការិយាល័យគ្មានពេលចេញក្រៅត្រូវពន្លឺថ្ងៃទេ លោកអ្នកគួរតែបើកអំពូលភ្លើងឱ្យភ្លឺ ព្រោះអំពូលកាន់តែភ្លឺ ពេលយប់អ្នកនឹងគេងកាន់តែលក់ស្កប់ស្កល់។ សូមចាំថា បើអ្នកត្រូវពន្លឺថ្ងៃបានពីរម៉ោងក្នុងមួយថ្ងៃ អ្នកអាចនឹងគេងលក់បានស្កប់ស្កល់លើសពីពីរម៉ោង។
៣. ពេលយប់ត្រូវបន្ថយភ្លើងពណ៌ខៀវ។ ភ្លើងពណ៌ខៀវ មានទូរសព្ទ ទូរទស្សន៍ លេបថប និងកុំព្យូទ័រជាដើម។ ភ្លើងឧបករណ៍ទាំងនេះ កាន់តែជះពន្លឺខ្លាំង វារឹតតែធ្វើឱ្យគេងអត់លក់។ តាមក្បួនវិទ្យាសាស្ត្រ គេប្រាប់ឱ្យបិទលេបថប និងទូរទស្សន៍ មុនពេលចូលគេង២ម៉ោង ព្រោះវាធ្វើឱ្យប៉ះទង្គិចដល់កោសិកាខួរក្បាល និងអរម៉ូនមួយប្រភេទគេហៅថា អរម៉ូន Melatonin។
៤. ពេលល្ងាចត្រូវកាត់បន្ថយការទទួលទានជាតិកាហ្វេអ៊ីន (Caffeine) ដែលមាននៅក្នុងតែនិងកាហ្វេ។ ជាតិកាហ្វេអ៊ីន វាដំណើរការនៅក្នុងឈាមមនុស្សរយៈពេល៦ទៅ៨ម៉ោង។ ហេតុនេះបើអ្នកញ៉ាំវាពេលល្ងាចក្នុងយប់ហ្នឹងអ្នកប្រាកដជាគេងអត់លក់។ ដូច្នេះចំពោះកាហ្វេនេះមួយ តែនេះពីរ មិនគួរទទួលទានកំលុងពេលម៉ោង៣ឬ៤រសៀលឡើយ បើអ្នកមានទម្លាប់ពិសានៅពេលរសៀល អ្នកគួរតែបញ្ឈប់វា។
ដ្បិតថាជាតិកាហ្វេអ៊ីននៅពេលល្ងាចធ្វើឱ្យប៉ះពាល់ដល់ដំណេក តែបើអ្នកពិសាត្រូវកាលវេលា វានឹងជួយអ្នកហាត់ប្រាណបានល្អ ខួរក្បាលឈ្លាសវៃ ហើយជួយអ្នកឱ្យផ្ចង់បានល្អថែមទៀតផង។
៥. ត្រូវតែចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់និងទាន់ពេលវេលា។ ចៀសវាងថ្ងៃនេះគេងម៉ោងនោះ ថ្ងៃនោះគេងម៉ោងនេះ ថ្ងៃនេះក្រោកពីគេងម៉ោងនេះ ថ្ងៃស្អែកក្រោកពីគេងម៉ោងនោះ។ គួរចងចាំថា ប្រសិនបើមានទម្លាប់បែបនេះ ការគេងរបស់អ្នកក៏អត់បានស្កប់ស្កល់ដែរ។
៦. កុំទម្លាប់គេងពេលថ្ងៃ ព្រោះវាក៏ធ្វើឱ្យដំណេកពេលយប់របស់អ្នកមិនស្កប់ស្កល់ដែរ។ ពលរដ្ឋស្រុកខ្មែរចូលចិត្តតែគេងពេលថ្ងៃ១ទៅ២ម៉ោង ដែលទម្លាប់បណ្ដុះភាពខ្ជិល ខ្សោយកម្លាំង ហើយខួរក្បាលដំណើរការមិនល្អ។ ពលរដ្ឋនៅស្រុកគេ គេមិនដែលគេងថ្ងៃដូចស្រុកខ្មែរទេ គេគ្រាន់តែសម្រាក១០ទៅ១៥នាទីប៉ុណ្ណោះ។ ការសម្រាកពេលថ្ងៃ១៥នាទី វាធ្វើឱ្យខួរក្បាលស្រឡះល្អនិងឈ្លាសវៃ។
៧. ត្រូវហាត់ប្រាណឱ្យបានទៀងទាត់។ ការហាត់ប្រាណជាប្រចាំ រាងកាយអ្នកមាំទាំ និងគេងពេលយប់បានស្កប់ស្កល់។ តាមការកត់សម្គាល់ អ្នកដែលអត់ហាត់ប្រាណ ពួកគេច្រើនតែមានបញ្ហាផ្លូវចិត្ត បញ្ហាសុខភាព និងមានបញ្ហាគេងជាដើម។ ដូច្នេះការហាត់ប្រាណមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែមិនត្រូវហាត់ប្រាណពេលល្ងាចទេ ព្រោះវាក៏ធ្វើឱ្យប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។
៨. គប្បីទទួលទានថ្នាំជំនួយដែលមានជាតិ Melatonin ដ្បិតវាជាប្រភេទថ្នាំងងុយគេងក៏ពិតមែន ប៉ុន្តែវាមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឬញៀននោះឡើយ។
៩. យកផ្កា lavender មកឆុង ឬដាំទឹកញ៉ាំ ព្រោះវាជួយអ្នកឱ្យគេងឆាប់លក់។
១០. មិនគួរទទួលទានជាតិអាល់កុល ឬស្រាឡើយ។ អ្នកខ្លះថាទទួលទានជាតិអាល់កុលធ្វើឱ្យគេងលក់ស្រួល។ នៅពេលស្រវឹងធ្វើឱ្យគេលក់ស្រួលក៏ពិតមែន ប៉ុន្តែថ្ងៃក្រោយវាអាចប៉ះទង្គិចដល់ការគេងជាខ្លាំង។ វាធ្វើឱ្យអ្នកគេងអត់ស្កប់ស្កល់ អន្ទះអន្ទេង។
ម្យ៉ាងការពិសាស្រា វាធ្វើឱ្យអ្នកឡើងគីឡូ។ កាលណាឡើងគីឡូ វានឹងដុះសាច់បំពង់ក ដែលធ្វើឱ្យអ្នកគេងលក់ស្ទះខ្យល់បំពង់ក។ បើសិនជាស្ទះខ្យល់បំពង់ក អ្នកនឹងភ្ញាក់ពីដំណេកមិនខានទេ។
១១. កន្លែងគេងមិនត្រូវមានពន្លឺ និងសំឡេងខ្លាំងពេកឡើយ ហើយក៏មិនត្រូវមានសីតុណ្ហភាពក្ដៅពេក និងត្រជាក់ពេកដែរ។ សីតុណ្ហភាពក្នុងបន្ទប់គេងត្រឹមតែ២០អង្សាសេ គឺល្អបំផុតចំពោះសុខភាព និងដំណេករបស់យើង។
១២. ត្រូវធ្វើសមាធិ ការធ្វើសមាធិធ្វើឱ្យអ្នកមានអារម្មណ៍មូលល្អ ហើយធ្វើឱ្យយើងគេងលក់បានស្កប់ស្កល់។
១៣. មុនពេលចូលគេងមិនត្រូវទទួលទានទឹកច្រើនពេកទេ ព្រោះនៅពេលយប់វាធ្វើឱ្យអ្នកក្រោកបត់ជើងតូចញឹកញាប់។ កាលណាក្រោកបត់ជើងតូចញឹកញាប់ ការដេករបស់អ្នកក៏មិនអាចស្កប់ស្កល់ ឬគ្រាប់គ្រាន់ដែរ។
ប្រសិនបើលោកអ្នកអនុវត្តនូវចំណុចទាំងនេះ ហើយនៅតែគេងមិនលក់ស្កប់ស្កល់ទៀត អ្នកគួរទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីគ្រូពេទ្យតាមដានអាការរោគ និងព្យាបាលឱ្យបានត្រឹមត្រូវ៕
ប្រភព៖ www.interconrooster.com