ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតដាច់ឆ្នាំ២០២០ហើយ ឈានចូលឆ្នាំ ២០២១ ស្ថានភាពនៃជំងឺជំងឺ COVID-19 នេះក៏មានរយៈពេល១ឆ្នាំផងដែរ។ កាលពីប៉ុន្មានខែមុន ពិភពលោកត្រូវបានគេចុចប៊ូតុងផ្អាកជាបណ្តោះអាសន្ន ហើយជីវិតដែលរស់នៅធម្មតាបានប្រែទៅជាភាពច្របូកច្របល់។
១. ការផ្លាស់ប្តូរនៅក្នុងជីវិតរស់នៅ
ការផ្លាស់ប្តូរដែលយើងឧស្សាហ៍បានឃើញបំផុត គឺការបង្កើនការសង្កត់ធ្ងន់ទៅលើអនាម័យផ្ទាល់ខ្លួន។ សម្ភារប្រើប្រាស់សម្រាប់ការការពារចំពោះការរីករាលដាល បានក្លាយជាអំណោយដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ។
ម៉ាស់ និងជែលលាងដៃបានក្លាយទៅជាឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ការវាស់កម្ដៅបានក្លាយជាសកម្មភាពមួយដែលយើងបានប្រទះឃើញគ្រប់ទីកន្លែង ជាពិសេសនៅតាមហាងទំនើបផ្សេងៗ លើសពីនេះទៀតប្រជាជនបានបង្កើតទម្លាប់នៃការស្នាក់នៅក្នុងផ្ទះជាបណ្តើរៗ។
២. គន្លាតរវាងមនុស្ស និងមនុស្ស
កាលពីមុនយើងតែងតែរកគ្រប់មធ្យោបាយដើម្បីទាញគន្លាតរវាងមនុស្ស និងមនុស្សឲ្យនៅកៀកគ្នា ដូចជា ៖ ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ដែលនេះជាសកម្មភាពដើម្បីបង្កើតទំនាក់ទំនងរវាងបុគ្គលម្នាក់ទៅបុគ្គលម្នាក់។
បច្ចុប្បន្ន គ្រប់ទីកន្លែងសុទ្ធតែបិទស្លាកដែលពោលថា “ត្រូវរក្សាគន្លាត” ដើម្បីចៀសវាសកុំឲ្យមានការឆ្លងរាលដាលពីជំងឺ COVID-19 ការជួបជុំគ្នាបានក្លាយទៅជារឿងដែលមិនអាចទៅរួចឡើយ សូម្បីតែកិច្ចប្រជុំក៏បានកែប្រែទៅជាការប្រជុំតាមអនឡាយវិញដែរ។ ការជួបមុខគ្នាដោយផ្ទាល់ដែលដើមឡើយធ្លាប់តែមាន បានប្រែទៅជាដាច់ឆ្ងាយពីគ្នាទៅវិញ អ្នកទាំងអស់គ្នាបានសម្របនឹងស្ថានភាពមានគន្លាតពីគ្នា ប្រៀបដូចជាដាក់ខ្លួនឯង នៅក្នុង “ប្រអប់តូចមួយ” ដោយសុវត្ថិភាពអ៊ីចឹង។
៣. ការផ្លាស់ប្តូរស្ថានភាពការងារ
ភាពជាក់ស្តែងនៃផលប៉ះពាល់នៃការរីករាលដាលជំងឺ COVID-19 នេះ បានធ្វើឲ្យធ្លាក់ចុះរាល់សកម្មភាពសេដ្ឋកិច្ច ប្រជាជនជាច្រើនបានប្រឈមមុខនឹងការងារដែលគ្មានស្ថិរភាព។
ពិសេសជាងនេះទៅទៀត គឺមនុស្សអាចបង្ខំខ្លួនឱ្យសម្របទៅនឹងការផ្លាស់ប្តូរការងារនាពេលបច្ចុប្បន្ន ទោះជាទទួលបានប្រាក់ខែតិចតួច ឬក៏ជាការងារដែលខ្លួនមិនពេញចិត្ត ក៏ត្រូវខាំមាត់សង្កត់ចិត្តទៅតស៊ូធ្វើបន្តដែរ ព្រោះមានក្រុមហ៊ុនជាច្រើនបានប្រឈមនឹងការក្ស័យធន ។
ស្ថានភាពដ៏លំបាកបែបនេះបានធ្វើឲ្យបុគ្គលិករៀនសម្របខ្លួនក្នុងស្ថានភាព ដើម្បីរក្សាឆ្នាំងបាយរបស់ខ្លួន។ ជាអកុសលចំពោះអ្នកដែលបាត់បង់ការងារ ឬត្រូវក្រុមហ៊ុនព្យូរឈ្មោះជាបណ្តោះអាសន្ននោះ គឺមានតែក្តោបក្តាប់ពេលវេលាដើម្បីផ្លាស់ប្តូរតម្រង់ចិត្តខ្លួនឯង និងរៀនសូត្របង្កើនសមត្ថភាពខ្លួន សម្រាប់ការប្រកួតប្រជែងនៅលើដំណើរផ្លូវថ្មី។ បន្ទុកនៃជីវិតបានគាបសង្កត់យើង ហើយយើងមានតែបន្តដំណើរទៅមុខទៀតតែប៉ុណ្ណោះ។
៤. ជម្រុញការសិក្សាថ្មីៗស្ថិតនៅក្នុងការរីករាលដាលជំងឺ COVID-19
ដើម្បីកាត់បន្ថយទំនាក់ទំនងរវាងមនុស្សតាមមធ្យោបាយជាច្រើន ហើយដើម្បីក្តោបក្តាប់ទិន្នន័យដ៏ធំនៃលំហូរប្រជាជន ពួកយើងត្រូវបានបង្ខំដោយកំហិតក្នុងការទៅរៀនសូត្រពីបច្ចេកវិទ្យាចុងក្រោយ។ ពីមុនអ្នកដែលមិនសូវប៉ិនប្រសព្វក្នុងការប្រើប្រាស់កំព្យូទ័រក៏បានកំពុងខិតខំបន្តប្រើប្រាស់បច្ចេកវិទ្យាដោយស្ទាត់ជំនាញផងដែរ។
ជំងឺ COVID-19 បានជម្រុញឱ្យយើងឃ្លាតឆ្ងាយពីតំបន់សុខស្រួលរបស់ខ្លួន ដោយបង្កើនល្បឿនក្នុងការរៀនរបស់ដែលថ្មីៗ។ បើមិនមែនដោយសារតែជំងឺ COVID-19 នេះទេ តើអ្នកមានឱកាសមកបង្កើនសមត្ថភាពខ្លួនបែបនេះដែរឬទេ?
៥. ជីវិតមានឱកាសឆ្លុះបញ្ចាំងខ្លួនឯង និងកែតម្រូវទិសដៅ
ក្រោមឥទិ្ធពលនៃជំងឺ COVID-19 មនុស្សមិនបានរំពឹងទុកថានឹងមានពេលវេលាទំនេររាប់ខែបែបនេះឡើយ។ ដើមឡើយការរស់នៅលើគន្លងដែលមិនផ្លាស់ប្តូរក្រោមឥទ្ធិពលនៃការរាលដាលជំងឺ COVID-19 បានចាប់ផ្តើមមានឱកាសផ្លាស់ប្តូរគម្រូ។
“ វិបត្តិគឺជាការផ្លាស់ប្តូរឱកាស” តាមរយៈការសាកល្បង នៃការរាលត្បាតជំងឺ COVID-19 មនុស្សអាចមើលឃើញកាន់តែងាយស្រួលថាតើទិសដៅជីវិតដែលបានជ្រើសរើសបានស្របតាមការរំពឹងទុកខ្លួនដែរឬទេ?
ជាមួយនឹងទម្លាប់រស់នៅតាមគេតាមឯង បច្ចុប្បន្នគឺជាពេលដែលយើងត្រូវឆ្លុះបញ្ចាំងពីទឹកចិត្ត និងកែតម្រូវទិសដៅព្រមទាំងទម្លាប់របស់ខ្លួន។
ការរីករាលដាលនៃការជំងឺ COVID-19 លើកនេះបានធ្វើឲ្យពិភពលោក “ចុចប៊ូតុងផ្អាកជាបណ្តោះអាសន្ន” ចំពេលដែលឲ្យយើងក្តោបក្តាប់ឱកាសក្នុងការដើរបញ្ច្រាសពីទម្លាប់ខ្លួនឯងដែលធ្លាប់មានផងដែរ៕
https://www.goody25.com/ / ប្រែសម្រួល ៖ Mythical Bird Team (ក្នុងស្រុក)
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក