ឧកញ៉ាវេជ្ជបណ្ឌិត គួច​ម៉េងលី! អ្នកមិនត្រូវដេកស្រមៃនោះទេ_តែអ្នកក៏កុំមើលងាយអានុភាពនៃក្ដីស្រមៃរបស់អ្នកដែរ

បុគ្គលគ្រប់រូបរមែងមានក្ដីស្រមៃរៀងៗខ្លួន ហើយតាមរយៈក្ដីស្រមៃនោះ បុគ្គលខ្លះទទួលបានជោគជ័យ ឯបុគ្គលខ្លះទៀតក៏បរាជ័យ។

គ្រប់បុគ្គលជោគជ័យ ក៏ព្រោះដោយសារក្ដីស្រមៃរបស់ពួកគេស្ថិតក្នុងដែនកំណត់មួយច្បាស់លាស់ មិនស្រមៃលើសពីសមត្ថភាពរបស់ខ្លួន ហើយទន្ទឹមនឹងការស្រមៃនោះ ពួកគេតែងតែធ្វើសកម្មភាពយ៉ាងឈ្មុសឈ្មុល និងសស្រាក់សស្រាំ។ ផ្ទុយទៅវិញ បុគ្គលបរាជ័យ គឺដោយសារបុគ្គលនោះមានក្ដីស្រមៃលើសពីសមត្ថភាពដែលខ្លួនមាន លង់លក់ក្នុងក្ដីស្រមៃដូចចៅចាក់ស្មុគ ពិសេសថែមទាំងអសកម្មភាពទៀតផង។

130941085_3923998877645542_8850997542213775651_o

ក្ដីស្រមៃ គឺជាកម្លាំងចលករដ៏អស្ចារ្យមួយដែលជំរុញធ្វើឱ្យមនុស្សមានកម្លាំងចិត្ត មានការប្ដេជ្ញាចិត្តខ្ពស់ ចេះតស៊ូ ទទូច និងហ៊ានពុះពាររាល់ឧបសគ្គក្នុងឆាកជីវិតប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ឧទាហរណ៍ បើយើងមានក្ដីស្រមៃចង់ក្លាយជាសិស្សពូកែប្រចាំថ្នាក់រៀន ឬប្រចាំសាលា ឬក៏ប្រចាំប្រទេស ក្ដីស្រមៃនោះនឹងជំរុញឱ្យយើងមានកម្លាំងចិត្តរៀនសូត្រ ជម្រុះចោលភាពខ្ជិលច្រអូស ហ៊ានលះបង់ទាំងថវិកានិងពេលវេលាដើម្បីសិក្សាស្រាវជ្រាវឱ្យស៊ីជម្រៅ លម្អិត ផ្ចិតផ្ចង់មិនខាន។ ពោលគឺចំណាយពេលវេលាច្រើនលើការសិក្សា និងធ្វើយ៉ាងណាឱ្យខ្លួនក្លាយជាសិស្សពូកែ សិស្សគំរូ ដូចដែលខ្លួនបានគ្រោងទុក។

131118250_3915961518449278_8526792714858396321_o

ផ្ទុយទៅវិញ ការងុបងុលក្នុងក្ដីស្រមៃដោយពុំបានកំណត់គោលដៅ ផែនការ ឬគ្មានការអនុវត្តឱ្យចេញជាសកម្មភាព វានឹងនាំឱ្យបរាជ័យខកចិត្ត ឬបាត់បង់ឱកាសតែប៉ុណ្ណោះ។ មិនខុសអីនឹងការចង់បានផ្លែឈើ​មក​ញ៉ាំតែមិនព្រមរកមធ្យោបាយបោះ បែរជាអង្គុយសំបូងសង្រូងចាំផ្លែឈើនោះធ្លាក់ចូលក្នុងមាត់ទៅវិញនោះទេ។ បើធ្វើបែបនេះ ឬអ្នកជាមនុស្សប្រភេទនេះច្បាស់ជាគ្មានថ្ងៃបានផ្លែឈើដ៏ឈ្ងុយឆ្ងាញ់ពិសានោះឡើយ ព្រោះទម្រាំផ្លែឈើនោះជ្រុះមក គឺវាអាចនឹងស្អុយរលួយអស់ហើយ ថែមទាំងខាតពេលវេលាទៀតផង។

ដូច្នេះដើម្បីឱ្យក្ដីស្រមៃរបស់យើងក្លាយជាការពិត សូមស្រមៃនូវអ្វីដែលជាការពិត ហើយស្រមៃនូវអ្វីដែលខ្លួនអាចធ្វើបាន ពិសេសទន្ទឹមការស្រមៃនោះ ក៏ត្រូវធ្វើសកម្មភាពផងដែរ។ ពោលសូមយើងចងចាំថា ក្ដីស្រមៃរបស់យើងម្នាក់ៗ អាចនឹងក្លាយជាការពិតទៅបាន ល្គឹកណាយើងចេះកំណត់គោលដៅឱ្យបានខ្ពស់ ខិតខំឱ្យខ្លាំងជាមួយថាមពល ការលះបង់ ការប្ដេជ្ញាចិត្ត ការតស៊ូ ការអត់ធ្មត់ និងកម្លាំងញើសឈាមរបស់យើងម្នាក់ៗ នោះទើបធ្វើឱ្យក្ដីស្រមៃក្លាយជាការពិត។

131566162_3916574118388018_6015500242230303608_o

ខ្ញុំពិតជាជឿតាមទស្សនៈបែបវេជ្ជសាស្ត្រថា ពេលបង្កកំណើត អ្នកជាមេជីវិតមួយ ដែលបានប្រជែងជាមួយនឹងមេជីវិតដទៃទៀត រាប់រយ រាប់ពាន់ រាប់លាន រហូតទទួលបានជ័យជម្នះ និងថែមទាំងបានបន្ដជីវិតរស់នៅរហូតមកដល់សព្វថ្ងៃ។ ដូច្នេះ រឿងហេតុអ្វីដែលអ្នកគ្រាន់តែអ្នកបង្កើតក្ដីស្រមៃដ៏ពិតប្រាកដ ហើយដើរតាមក្ដីស្រមៃនោះដោយឆន្ទៈ និងប្រឹងប្រែងសម្រេចក្ដីស្រមៃនោះឱ្យល្អបំផុតតាមតែអាចធ្វើទៅបាន ពោរពេញទៅការតស៊ូ ព្យាយាម ប្រឹងប្រែង យ៉ាងទទូចមិនបាននោះ?

អ៊ីចឹង សូមយើងកុំមើលងាយអានុភាពនៃក្ដីស្រមៃរបស់ពួកយើងឱ្យសោះ ប៉ុន្ដែក៏ពុំមែនមានន័យថាយើងចេះតែដេក ដើរ និងអង្គុយស្រមៃនោះដែរ។ ពោលត្រូវចេះបង្កើតក្ដីស្រមៃប្រកបដោយថាមពល ដោយភាពស្រស់ស្រាយជាមួយនឹងទស្សនវិជ្ជា និងដោយសុទិដ្ឋិនិយមចំពោះជីវិត ព្រមទាំងស្របតាមលក្ខខណ្ឌជីវិត សមត្ថភាព និងការព្យាយាម៕

131642180_3926459537399476_4905027465777554662_o

#ស្រង់ពីសៀវភៅ_១០៨_ចក្ខុវិស័យ_គួច_ម៉េងលី

#និពន្ធដោយ_ឧកញ៉ា_វេជ្ជបណ្ឌិត_គួច_ម៉េងលី

#បោះពុម្ពដោយ គ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច