ពេលដែលប្រិយមិត្តលឺឈ្មោះត្រីបបែល ប្រិយមិត្តគិតវាជាត្រីមួយប្រភេទដែលរស់នៅក្នុងទឹកប្រៃ ក្នុងសមុទ្រជាដើម ប៉ុន្តែត្រីបបែលក៏មានក្នុងទឹកសាបផងដែរ។ ក្នុងចំណោមប្រភេទត្រីទឹកសាបទំហំធំៗបំផុត នៅតាមដងទន្លេមេគង្គ និងទន្លេសាប ក៏មានត្រីបបែលយក្ស ដែលកំពុងមានវត្តមាននៅតាមដងទន្លេមេគង្គកម្ពុជា ចាប់ពីខេត្តក្រចេះ រហូតដល់ព្រំដែនប្រទេសឡាវ។
លោកបណ្ឌិត Zeb Hogan ជាអ្នកជីវវិទូជនជាតិអាមេរិកាំងដ៏ល្បីល្បាញមួយរូប ដែលបានចំណាយពេលចុះសិក្សាស្រាវជ្រាវអំពី ត្រីបបែលយក្សទឹកសាបនៅតាមដងទន្លេមេគង្គ បានប្រាប់កាសែត (AKP) ដឹងតាមរយៈបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា៖
“ត្រីបបែលយក្សទឹកសាប ត្រូវបានរកឃើញថាមានវត្តមានតាមដងទន្លេមេគង្គកម្ពុជា គឺចាប់ពីខេត្តស្ទឹងត្រែង ចុះមកដល់ខេត្តក្រចេះ ពេលខ្លះដល់ខេត្តព្រៃវែង ហើយត្រីបបែលទឹកសាបយក្សនេះ គឺជាត្រីមួយក្នុងចំណោមត្រីធំបំផុតនៅលើផែនដី វាអាចលូតលាស់ និងអាចមានទម្ងន់រហូតដល់ ៦០០ គីឡូក្រាម និងមានប្រវែងរហូតដល់ ជាង៥ម៉ែត្រ គិតទាំងកន្ទុយ ។
ដោយឡែកឆ្អឹងខ្នង ដែលគេហៅថា Spine ឬ Barb បន្តរហូតដល់កន្ទុយរបស់ត្រីបបែលនេះ គឺមុតស្រួចណាស់ ហើយមានពិសផងដែរ ហើយការរងរបួសស្នាមពីកន្ទុយនេះ នឹងធ្វើឱ្យចុកចាប់ណាស់ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថា ត្រីបបែល ពុំមែនជាត្រីដែលកាចសាហាវ និងបង្កគ្រោះថ្នាក់នោះទេ បើសិនជាយើងពុំរំខានវា”។
ជាមួយគ្នានេះដែរ លោកបណ្ឌិត Zeb Hogan ក៏បានសម្តែងក្តីបារម្ភផងដែរ ព្រោះថាតាមការសិក្សាស្រាវជ្រាវរបស់លោកជាច្រើនឆ្នាំនៅតាមប្រទេសដងទន្លេមេគង្គ គឺចំនួនត្រីបបែលមានការថយចុះជាលំដាប់។ ប៉ុន្តែលោកបានសន្និដ្ឋានថា កម្ពុជាគឺជាទីសុខសាន្តជាងគេ របស់ត្រីបបែលដែលកំពុងមានវត្តមាន ជាពិសេសគឺនៅតំបន់កាំពី ក្នុងខេត្តក្រចេះ។
លោកក៏បានសង្កត់ធ្ងន់ផងដែរថា ៖ “ត្រីបបែលយក្ស គឺជាប្រភេទត្រីដែលមិនចូលចិត្តរស់នៅតំបន់ដែលទឹកទន្លេមិនស្អាត ឬបំពុលនោះទេ ហើយដោយសារតែរូបរាងរបស់ត្រីបបែលពិបាកក្នុងការចាប់របស់អ្នកនេសាទ ទើបធ្វើឱ្យប្រភេទត្រីបបែល ពុំសូវរងគ្រោះថ្នាក់ដោយការនេសាទ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ ក៏ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់ សូមកុំបរិភោគ ឬទិញ ត្រីបបែល ហើយការធ្វើនេះគឺដើម្បីអភិរក្សប្រភេទត្រីទឹកសាបប្រភេទធំបំផុតមួយនេះផងដែរ”។
លោក ចាន់ សុខហេង អនុប្រធានការិយាល័យ ស្រាវជ្រាវបច្ចេកទេសជលផល នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងជាអ្នករៀបរៀងសៀវភៅ “ត្រីទឹកសាប នៅព្រះរាជាណាចក្រកម្ពុជា” បានឱ្យ AKP ដឹងដែរថា ៖
“នៅកម្ពុជាយើង ត្រីបបែលមានចំនួន ០៥ប្រភេទ ក្នុងអំបូរដាសយាធីដេ (Family DASYATIDAE) ទី១ ត្រីបបែល មានឈ្មោះវិទ្យាសាស្ត្រ Dasyatis laosensis និងមានឈ្មោះជាភាសាអង់គ្លេស Mekong Stingray ទី២ ត្រីបបែលយក្ស មានឈ្មោះវិទ្យាសាស្ត្រ Urogymnus polylepis ឬ Himantura chaophraya និងមានឈ្មោះជាភាសាអង់គ្លេស Giant Fresh water Stingray ឬ Fresh water whipray ទី៣ ត្រីបបែល មានឈ្មោះវិទ្យាសាស្ត្រ Himantura imbricata និងមានឈ្មោះជាភាសាអង់គ្លេស Scaly whipray ទី៤ ត្រីបបែលក្រឡា មានឈ្មោះវិទ្យាសាស្ត្រ Himantura krempfi និងមានឈ្មោះជាភាសាអង់គ្លេស Marbled freshwater whipray និងទី៥ ត្រីបបែលស មានឈ្មោះវិទ្យាសាស្ត្រ Himantura signifer និងមានឈ្មោះជាភាសាអង់គ្លេស White-edge freshwater whipray ហើយក្នុងចំណោមត្រីបបែលទាំង០៥ប្រភេទនេះ គឺត្រីបបែលយក្សមានទំហំធំជាងគេបំផុត”។
លោក ចាន់ សុខហេង បានបន្តថា ត្រីបបែលយក្ស មានលក្ខណៈសម្គាល់ខ្លះៗ គឺបាតពោះមានពណ៌ត្នោតប្រផេះ ហើយជាយក្រែងនៃពោះមានពណ៌ខ្មៅ ខណៈកន្ទុយគឺមានប្រវែងកន្ទុយវែងជាងដងខ្លួន និងប្រវែងដងខ្លួនអាចលូតលាស់រហូតដល់៣ម៉ែត្រ។
វាមានវត្តមាន នៅទន្លេមេគង្គ និងទន្លេសេកុង ដែលមានបាតខ្សាច់ និងចរន្តទឹកមិនហូរ ហើយមានប្រភេទខ្លះនៅពេលរដូវបន្តពូជ វានឹងផ្លាស់ទីទៅសមុទ្រដើម្បីបន្តពូជ ដោយកើតកូនបានម្តងៗមានចំនួនច្រើន ហើយកូនដែលកើតមកមានទំហំប្រមាណ ៣០សង់ទីម៉ែត្រ ហើយវាលាក់កូនក្នុងស្រកី នៅអំឡុងខែ៧-ទៅ៩ខែ។ ចំពោះចំណីរបស់ត្រីបបែល គឺស៊ីត្រី សត្វឥតឆ្អឹងកង និងសត្វល្អិតជាអាហារ។
ពុំមានការសន្និដ្ឋានជាក់លាក់នោះទេថា ត្រីបបែលអាចរស់នៅដល់អាយុប៉ុន្មាន ប៉ុន្តែតាមការសន្និដ្ឋាន គឺវាអាចរស់នៅក្នុងអាយុប្រហែល១០ឆ្នាំប៉ុណ្ណោះ ប៉ុន្តែវាគឺជាប្រភេទត្រីដែលរីកធំធាត់លឿនបំផុត ដូចជាត្រីគល់រាំងជាដើម។
ត្រីបបែល ត្រូវបានកំណត់ដោយ អនុក្រឹត្យលេខ១២៣ អនក្រ.បក. ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីការកំណត់ប្រភេទផល ផលិតផលជលផលដែលកំពុងរងគ្រោះថ្នាក់។
សព្វថ្ងែនេះ ប្រជានេសាទនៅតាមដងទន្លេមេគង្គ ចាប់បានម្តងម្កាលប៉ុណ្ណោះដោយមង ដែលមានទម្ងន់ពី៤-៥៥ គីឡូក្រាម ចំពោះតម្លៃនៅតាមទីផ្សារវិញ គឺប្រហែល ៨ ០០០រៀល ទៅ ១០ ០០០រៀល ១គីឡូក្រាម និងទៅតាមទំហំរបស់បបែលផងដែរ គឺកាន់តែធំ កាន់តែថ្លៃ ដោយឡែកពាក់ព័ន្ធនឹងការនេសាទបានវិញ គឺប្រជានេសាទអាចស្ម័គ្រចិត្តព្រលែងវាទៅក្នុងធម្មជាតិវិញ ឬទាក់ទងទៅខាងរដ្ឋបាលជលផល ព្រោះថាត្រីបបែលជាប្រភេទត្រីកម្រ ប៉ុន្តែពុំត្រូវបានហាមឃាត់ក្នុងការនេសាទនោះទេ។
លោក ចាន់ សុខហេង បានរម្លឹកផងដែរថា កាលពីឆ្នាំ២០០៦ នៅក្នុងខេត្តស្ទឹងត្រែង មានប្រជានេសាទមួយរូប នេសាទបានត្រីបបែលយក្សនេះ មានទម្ងន់ប្រហែល ៣០០គីឡូក្រាម និងមានទទឹងខ្លួនប្រវែង ៣ម៉ែត្រ ហើយនៅឆ្នាំ២០១៩ គឺមានចាប់បានចំនួនមួយ ដែលមានទម្ងន់ ៥៥គីឡូក្រាម នៅខេត្តស្ទឹងត្រែងដូចគ្នា។
ក្នុងឱកាសនេះផងដែរ លោកបណ្ឌិត Zeb Hogan បានរម្លឹកផងដែរថា កាលពីពេលលោកមកកម្ពុជាកន្លងមក និងបានធ្វើដំណើរជាមួយ លោក ថាច់ ផាណារ៉ា ដែលជាប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប នៃរដ្ឋបាលជលផល និងជាបុរសឆ្នើមក្នុងការងារអភិរក្សទន្លេមេគង្គ ជាច្រើនដង ដើម្បីចុះសិក្សា ស្រាវជ្រាវ អំពីត្រីបបែលយក្សនេះ ហើយក៏បានប្រទះឃើញ ត្រីបបែលយក្សដែលមានមាឌធំបំផុតចំនួនពីរ ដែលមានប្រវែងប្រហែល ៤ម៉ែត្រដូចគ្នា ហើយត្រូវគេនេសាទបាននៅខេត្តព្រៃវែង និងមួយទៀតនៅខេត្តក្រចេះ។ លោកបណ្ឌិត និងមន្ត្រីជំនាញនៃរដ្ឋបាលជលផល ក៏បានសហការជាមួយអ្នកនេសាទដែលនេសាទបាទត្រីបបែលយក្សទាំងពីរនោះ ដោះលែងទៅក្នុងទន្លេវិញផងដែរ។
ជាចុងក្រោយ លោកបណ្ឌិត Zeb Hogan បានផ្តល់ការណែនាំខ្លះៗផងដែរ ដើម្បីរក្សាផលស្តុកត្រីបបែល នៅតាមទន្លេមេគង្គនៅកម្ពុជា គឺសូមចៀសវៀងការទិញប្រភេទត្រីបបែលនេះ យកមកបរិភោគ ព្រោះលោកជឿជាក់ថា ការមិនទិញត្រីបបែលយក្សមកបរិភោគ គឺមិនប៉ះពាល់ដល់ជីវភាពអ្នកនេសាទនោះទេ ហើយក៏ជាវិធានការមួយដើម្បីចូលរួមការពារ និងអភិរក្សប្រភេទត្រីដែលកំពុងរងការគំរាមកំហែងនេះផងដែរ។
លោកក៏បានស្នើឱ្យមានតំបន់ដែលគ្មានការនេសាទ បន្ថែមទៀត ដើម្បីអាចជួយការពារប្រភេទត្រីដែលជិតផុតពូជ ជាពិសេសត្រីធំៗ ដូចជាបបែលយក្សនេះជាដើម ដូចជានៅតំបន់កាំពី ក្នុងខេត្តក្រចេះ ដែលត្រូវបានបង្កើតឡើង ដើម្បីការពារផ្សោតទឹកសាប ហើយក៏អាចជួយការពារបបែលយក្សផងដែរ។
ដោយសារត្រីបបែលជាប្រភេទដែលចូលចិត្តទឹកដែលមានគុណភាពល្អ លោកស្នើឱ្យត្រួតពិនិត្យ និងកំណត់ការបំពុលបរិស្ថានចូលក្នុងទន្លេ តាមរយៈការអនុវត្តរបស់អាជ្ញាធរដែនដី ដោយមិនអនុញ្ញាតឱ្យរោងចក្រ ឬឧស្សាហកម្មផ្សេងទៀតបញ្ចេញជាតិពុល ឬសារធាតុគីមីដែលបង្កគ្រោះថ្នាក់ចូលក្នុងទន្លេ ការធ្វើដូចនេះក៏ផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សនៅតំបន់ជុំវិញផងដែរ។
លោកក៏បានសំណូមពរឱ្យរក្សាចរន្តទឹកទន្លេមេគង្គភ្ជាប់ និងហូរដោយសេរី ដោយលោកគិតថាទន្លេមេគង្គកម្ពុជា នៅតែជាទន្លេដែលមានទឹកហូរសេរី និងមានគុណភាពទឹកនៅល្អ ដែលជាហេតុធ្វើឱ្យវត្តមានរបស់ត្រីបបែលយក្សនៅបន្តមាន ហើយចំពោះការស្ថាបនាទំនប់វារីអគ្គិសនី និងការផ្លាស់ប្តូរផ្សេងៗ នៅតាមដងទន្លេមេគង្គ គួរតែត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្នបំផុត ព្រោះថាអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ផលស្តុករបស់ត្រី និងប្រភេទត្រីធំៗ ហើយកម្រផងដែរ។ លោកបានសង្កត់ធ្ងន់ និងជឿជាក់ថា ៖
“តាមរយៈការធ្វើសកម្មភាពខាងលើនេះបាន នោះប្រទេសកម្ពុជា នឹងបន្តក្លាយជាកន្លែងរស់នៅដ៏សុខសាន្តបំផុតនៅលើពិភពលោក របស់ត្រីបបែលយក្ស និងប្រភេទត្រីកម្រដទៃទៀត”។
ត្រីបបែល ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែង៕
ដោយ៖ ផែន រតនៈ AKP
រូបថតផ្តល់ដោយ៖ Dr. Zeb Hogan
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក