ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ផ្ដាំទៅកាន់ក្មួយៗយុវជនថា ទោះឆ្នាំនេះប្រឡង​ ឬមិនប្រឡង កុំបាក់ទឹកចិត្ត កុំអស់សង្ឃឹម

ក្នុង​បទ​សម្ភាស​ជាមួយនឹង​អ្នក​សារ​ព័ត៌មាន​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​ផ្ដាំ​ទៅ​សិស្សានុសិស្ស​ ​ជាពិសេស​សិស្ស​ថ្នាក់ទី១​២​ ​ទោះ​ឆ្នាំនេះ​ប្រឡង​ឬ​មិន​ប្រឡង​ក្ដី​ ​កុំ​ព្រួយបារម្ភ​ ​កុំ​ភ័យ​ស្លន់ស្លោ​ ​កុំ​បាក់ទឹកចិត្ត​ ​ឬ​អស់​ស​ង្ឃឹម​ខ្លាំងពេក​។​ ​មិនមែន​មានតែ​ប្រទេស​កម្ពុជា​ទេ​ ​ដែល​ជួបនឹង​ការលំបាក​នេះ​ ​គឺ​នៅ​ទូទាំង​ពិភព​លោក​សុទ្ធតែ​រងគ្រោះ​ដោយសារ​ជំងឺរាតត្បាត​កូ​វី​ដ​-​១​៩​។​ ​ការរៀន​សូត្រ​មិនបាន​ពេញលក្ខណៈ​ក្នុង​ដំណាក់កាល​នេះ​ ​គឺ​មិនមែន​ជា​កំហុស​របស់យើង​ជា​សិស្ស​ទេ​ ​ហើយក៏​មិនមែន​ជា​កំហុស​របស់​​​ក្រសួង​អប់រំ​ ​ឬ​រាជរដ្ឋាភិបាល​នោះ​ដែរ​។​

​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​លើកឡើង​ថា​ ​វិបត្តិ​នេះ​បាន​កើតឡើង​នៅ​ទូទាំង​សាកលលោក​ ​ដែល​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ​ប៉ុន្តែ​អ្វី​ដែល​សិស្ស​ត្រូវ​ខំ​ ​គឺ​ត្រូវ​ខំប្រឹង​ដោយខ្លួនឯង​ ​ខំ​បាន​ប៉ុនណា​យក​ប៉ុណ្ណឹង​ ​កុំ​តែ​ផ្តេក​ផ្សំ​ផ្តួល​តាម​យថាកម្ម​។​ ​ការរៀនសូត្រ​មិនមែន​ចាំតែ​គេ​ប្រាប់​ ​គេ​ដាស់តឿន​ឱ្យ​រៀន​ទើបបាន​យើង​រៀន​នោះ​ទេ​។​

​ការ​ផ្ដាំផ្ញើ​ទៅកាន់​សិស្សានុ​សិស្ស​​នា​ពេល​នេះ​​ធ្វើឡើង​បន្ទាប់ពី​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់ទី១​២​ ​ឆ្នាំ​សិក្សា​នេះ​ជាប់​ស្វ័យប្រវត្តិ​ដោយ​មិនបាច់​ឆ្លងកាត់​ការ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយ​ភូមិ​ (​បាក់ឌុប​) ​នោះ​ឡើយ​។​ ​មូលហេតុ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ជ្រើសរើស​មធ្យោបាយ​នេះ​ ​ព្រោះ​កម្ពុជា​ជួបប្រទះ​នូវ​វិបត្តិ​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

131478768_3905299622848801_7749316179684814502_o

​ទោះ​យ៉ាងណា​ ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បាន​ដាស់តឿន​សិស្សានុសិស្ស​​ថា​ ​ទោះ​ឆ្នាំនេះ​ក្តី​ ​ឬ​ឆ្នាំក្រោយ​ក្តី​ ​សិស្ស​ទាំងអស់​ត្រូវ​ក្រោកឈរ​ឡើង​ ​សាមគ្គី​គ្នា​ ​សស្រាក់សស្រាំ​ចូលរួមធ្វើ​ និង​​តស៊ូ​ដោយខ្លួនឯង​ ​ព្រោះ​វា​ជា​កម្លាំង​ច​លក​រ​មួយ​ដែល​ជំរុញ​ប្រទេសជាតិ​អភិ​វ​ឌ្ឈ​ទៅមុខ​។​ ​ម្យ៉ាងទៀត​ ​យើង​ជា​សិស្ស​កុំ​បន្ទោស​ ​កុំ​ចោទ​ ​កុំ​យក​បញ្ហា​មួយ​នេះ​ធ្វើជា​លេស​​ផ្តេក​ផ្សំ​ផ្តួល​។​

មិនថា​គ្រួសារ​ក្ដី​ ​បុគ្គល​ក្ដី​ ​បញ្ញវន្ត​ក្ដី​ ​និង​អ្នកដឹកនាំ​សហគមន៍​ក្តី​ ​ទោះ​ធ្វើ​តិច​ឬ​ច្រើន​ ​យើង​ត្រូវ​មាន​មន​សិកា​ ​ម្ចាស់ការ​ធ្វើ​ដោយខ្លួន​ ​មិនបាច់​ទាល់តែ​គេ​រុញ​ ​គេ​ធាក់​ ​គេ​បុក​ទើបបាន​ធ្វើ​នោះ​ទេ​។​ ​បុគ្គល​ម្នាក់ៗ​គប្បី​មាន​ឧត្តមគតិ​ ​ម្ចាស់ការ​ ​និង​ដឹង​ពី​អ្វី​ដែល​ខ្លួន​ត្រូវធ្វើ​ ​ព្រោះ​នៅ​លើ​លោក​នេះ​មិន​អាច​រស់​តាម​ការ​បញ្ជា​ ​ឬ​តាម​គេ​ប្រាប់​រហូត​នោះ​ទេ​ ​កុំ​ចាំគេ​បញ្ចុក​ដល់​មាត់​។​

131126172_3911431608902269_2206981806982913841_o

​លោក​ឧកញ៉ា​មានប្រសាសន៍ថា​ ​«​ការរៀនសូត្រ​ ​គឺ​ការ​រៀន​ដោយ​​ទឹកចិត្ត​ ដោយ​​កា​រខិត​ខំប្រឹង​ប្រែ​របស់​មនុស្សម្នាក់​ៗ​ ​បើ​សិន​ចង់បាន​អនាគត​ល្អ​ ​មានការងារ​ល្អ​ ​មហា​ជោគជ័យ​ក្នុង​ជីវិត​ ​សិស្ស​គ្រប់រូប​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​រៀន​ ​ត្រូវតែ​អាន​ ​ត្រូវតែ​សកម្ម​ ​ត្រូវតែ​ឈ្វេងយល់​ ​និង​ស្វ័យ​សិក្សា​ដោយខ្លួនឯង​ ​ប៉ុន្តែ​បើ​នៅតែ​ផ្តេក​ផ្សំ​ផ្តួល​ ​ហើយ​ទៅ​បន្ទោស​អ្នកនោះ​ ​អ​ង្អុ​ល​មុខ​អ្នកនេះ​ ​បើ​មិន​អ៊ីចឹង​ទេ​ ​អនាគត​នៅតែ​បែប​ហ្នឹង​ ​គឺ​មិន​ភ្លឺស្វាង​ក្នុង​ជីវិត​ឡើយ​។​»​

​មិនថា​ក្នុង​ដំណាក់កាល​កូ​វី​ដ​ ​ឬ​ចប់​កូវិ​ដ​ទេ​ ​ការរៀនសូត្រ​មិនមែន​រៀន​លំ​ៗ​ ​ឬ​រៀន​យក​តែ​សញ្ញាបត្រ​នោះ​ទេ​ ​គឺ​រៀន​ដើម្បី​ចេះ​ ​ទោះ​មាន​និ​ទ្ទេស​ឬ​គ្មាន​និ​ទ្ទេស​ ​ក៏​មិនមែន​ជា​បញ្ហា​ធំ​ដែរ​ ​ព្រោះ​ជាទូទៅ​គេ​មិន​ងាយ​សួរ​យើង​រៀនចប់​បាក់ឌុប​មកពី​ណា​ទេ​ ​តែ​គេ​អាច​សួរ​ចេញ​មកពី​សាកលវិទ្យាល័យ​ណា​ ​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ដែរ​ឬទេ​ ​ឬ​មាន​បរិញ្ញាបត្រ​ពីសា​លា​ណា​ ​ជា​សាលា​លក់​សញ្ញាបត្រ​ ​ឬ​សាលា​បណ្តុះ​សិស្ស​ពិតប្រាកដ​។​ ​នេះ​ជា​ការដាស់តឿន​បន្ថែម​របស់​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​។​

131566162_3916574118388018_6015500242230303608_o

​លោក​ឧកញ៉ា​ ​បន្ថែម​ថា​ ​បើជា​​អ្នក​ដឹកនាំ​ ​ជា​ថៅកែ​ ​ឬ​ជា​ម្ចាស់ក្រុមហ៊ុន​វិញ​ ​គ្រាន់តែ​គេ​បង្ហាញ​សញ្ញាបត្រ​បរិញ្ញា​នៅ​ក្នុងស្រុក​អាច​ទទួល​បាន​ប្រាក់ខែ​ត្រឹម​ពីរ​យ​ហាសិប​ដុល្លារ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​បើ​មាន​សញ្ញាបត្រ​មកពី​ស្រុកក្រៅ​អាច​បាន​៥​០​០​ដុល្លារ​។​ ​ដូច្នេះ​សិស្ស​ទាំងអស់​ត្រូវ​សួរ​ខ្លួនឯង​ថា​ ​ខ្លួនឯង​បាន​រៀនចប់​វិទ្យាល័យហើយ​​ឬនៅ​? ​កុំ​ចាំដល់​ពេល​​ទឹកចូលច្រមុះ​ទើប​ស្លន់ស្លោ​រ​ឱ្យ​សោះ​។

​ដូចនេះ​ត្រូវ​បុក​គ្រឹះ​ចាប់ពី​ថ្នាក់ទី១​០​ឡើង​ទៅ​ ​ហើយ​មុននឹង​ចូល​មហា​វិទ្យាល័យ​​ត្រូវ​សម្លឹង​មើល​សាកលវិទ្យាល័យ​ណា​ ​ជា​សាកល​វិទ្យាល័យ​លក់​សញ្ញាបត្រ​ ​និង​សាកលវិទ្យាល័យ​ណា​ ​ជា​សាកលវិទ្យាល័យ​ផ្ដល់​ចំណេះ​ដឹង​ពិតប្រាកដ​ដល់​សិស្ស​។​ ​លោក​ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បញ្ជាក់​ថា​ ​អ្នក​រៀនពិត​ប្រាកដ​​មិនមែន​​យក​សញ្ញាបត្រ​ទៅ​អួត​គេទេ​​ ​អ្វី​ដែល​ត្រូវ​យកទៅ​អួត​គេ​ ​គឺ​ចំណេះ​ដឹង​ ​ចំណេះ​ធ្វើ​ ​បទ​ពិសោធ​ ​និង​ជំនាញ​ពិតប្រាកដ​ ​ទើប​គេ​ហៅថា​ ​អ្នករៀន​ពិ​តប្រាកដ​៕​

ប្រភព ៖ interconrooster