រឿងខ្លី #បន្លាក្នុងបាតជើង
វារីកដុះដាលដូចផ្សិត ហើយអតិថិជន របស់ខ្ញុំបានបាត់ម្ដងមួយៗ ជារៀងរាល់ថ្ងៃ ធ្វើឱ្យខ្ញុំមានការព្រួយបារម្ភ។ ខ្ញុំគិតអំពីអាជីវកម្មរបស់ខ្ញុំ ឡើងស្រ្តេសទៅហើយ តែថ្ងៃមួយខ្ញុំបាន ទៅចូលរួមសិក្ខាសាលាក្រោមប្រធានបទ “និរន្ដរភាពអាជីវកម្ម”។
វាគ្មិននៃសិក្ខាសាលានេះ គឺលោកឧកញ៉ា គួច ម៉េងលី អគ្គនាយក ប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកឧកញ៉ា គួច ម៉េងលី គឺជាវាគ្មិនដ៏មានប្រជាប្រិយភាពខ្លាំងបំផុតនៅកម្ពុជា ព្រោះគ្រប់ កម្មវិធីសិក្ខាសាលា ឬបទបង្ហាញនានា គ្រាន់តែលោកឡើងដល់លើ វេទិកាភ្លាម សិក្ខាកាមទាំងអស់នាំគ្នាទះដៃអបអរសាទរ ហ៊ោកញ្ច្រៀវ ព្រោះបានជួបរូបលោកផ្ទាល់។
ម្នាក់ៗ បង្ហាញពីជំនឿចិត្ដ និងភាព កក់ក្តៅចំពោះគាត់។ ខ្ញុំក៏ហាក់រំភើបចិត្តជំនួសគាត់ដែរ ព្រោះម្នាក់ៗមើលទៅរីករាយខ្លាំងដែលបានជួបលោក។
នៅក្នុងសិក្ខាសាលានេះ ជាទូទៅប្រសាសន៍របស់លោកឧកញ៉ាអប់រំម្ចាស់អាជីវកម្មឱ្យដឹងពីគុណតម្លៃរបស់មនុស្ស និងតម្លៃអាជីវកម្ម។
នៅក្នុងសិក្ខាសាលាដែលមានមនុស្សចូលរួមច្រើនកុះករនេះ លោកឧកញ៉ាបានលើកឡើងជាច្រើនផ្សេងទៀត ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មជំនាន់ថ្មី។ លោកនិយាយថា ការធ្វើអាជីវកម្មជោគជ័យទៅបាន ពេលខ្លះមិនមែនអាស្រ័យលើទុនថវិកាតែមួយមុខនោះទេ តែទុនសំខាន់បំផុតមួយទៀត គឺធនធានមនុស្ស។ បច្ចុប្បន្ន ការប្រកបអាជីវកម្ម ឬរបរអ្វីមួយ គឺយើងត្រូវការធនធានមនុស្សជាចំាបាច់។
អ្វីដែលខ្ញុំចង់លើកឡើងនៅទីនេះ គឺពេលនោះគ្រាន់តែកម្មវិធីបញ្ចប់ភ្លាម ខ្ញុំបានសុំជួបលោកឧកញ៉ានៅហាងកាហ្វេភ្លាម ដើម្បីសុំយោបល់គាត់ខ្លះទាក់ទងនឹងការបើកអាជីវកម្ម និងគន្លឹះមួយចំនួនដែលគាត់បានលើកឡើង។
លោកឧកញ៉ាមិនប្រកាន់ខ្ញុំបន្ដិចសោះ។ គាត់មិនបដិសេធចំពោះការស្នើសុំរបស់ខ្ញុំទេ ហើយពួកយើងសម្រេចថា នឹងជួបគ្នានៅហាងកាហ្វេទំនើបមួយ។
នៅពេលមកដល់ហាងកាហ្វេ ខ្ញុំបានលើកដៃសំពះជម្រាបសួរគាត់ហើយគាត់លើកដៃសំពះ និងលូកដៃចាប់ដៃខ្ញុំ ខ្ញុំក៏លូកដៃចាប់ដៃគាត់វិញដែរ។
ចាប់ដៃរួច ពេលដាក់គូទអង្គុយ លោកឧកញ៉ាបានប្រាប់ពីមេរៀនទី១ ស្តីពីទំនាក់ទំនងមកដល់ខ្ញុំដោយមិនដឹងខ្លួន។ លោកឧកញ៉ាមានប្រសាសន៍ថា៖ “គ្រាន់តែចាប់ដៃក្មួយមិញ ពូបានដឹងពីគុណសម្បត្ដិ និងគុណវិបត្ដិរបស់ក្មួយបាត់ហើយ គឺក្មួយជាមនុស្សភ័យខ្លាចច្រើន... ក្មួយគ្មានអារម្មណ៍ ឬព្រលឹងក្នុងខ្លួនទេ។”
ខ្ញុំសម្លឹងមុខគាត់ដោយងឿងឆ្ងល់
.បាទ! បាទ! ខ្ញុំពិតជាភ័យមែន នៅពេលបានជួបលោកឧកញ៉ា (ខ្ញុំតបទៅវិញ)
.ក្មួយត្រូវចាំថា ការភ័យខ្លាចមិនអាចជួយអ្វីយើងបានទេ។ ក្មួយដឹងទេ ហេតុអ្វីខ្ញុំអាចដឹងពីចំណុចខ្សោយរបស់ក្មួយ? គឺដឹងតាមរយៈការចាប់ដៃនេះឯង។ ពេលចាប់ដៃ ដៃក្មួយញ័រ និងមិនច្របាច់ណែនទេ។
ពូសូមប្រាប់មេរៀននេះដល់ក្មួយ។ ដើម្បីបង្ហាញពីភាពជឿជាក់ទៅលើអ្នកដទៃ ពេលចាប់ដៃ ក្មួយត្រូវចាប់ដៃគេឱ្យណែន និងរលាក់ឱ្យឮ មិនត្រូវញ័រ មិនត្រូវភ័យឡើយ។
.បាទលោកឧកញ៉ា! (ខ្ញុំតបទៀត)
.ហើយចុះក្មួយណាត់ខ្ញុំមកនេះមានការអ្វីដែរ? (គាត់សួរខ្ញុំ)
.បាទលោកពូ! (ម្តងខ្ញុំហៅគាត់ថាឧកញ៉ា ម្តងហៅថាពូ) ខ្ញុំចង់ដឹងថា ដើម្បីរក្សានិរន្តរភាពអាជីវកម្ម តើយើងគួរធ្វើបែបណា?
.អូ! អាជីវកម្មក្មួយប្រភេទអីដែរ? ហើយអាជីវកម្មមានបញ្ហាអីឬ?
.បាទ! ខ្ញុំបើកកន្លែងកាត់សម្លៀកបំពាក់មួយកន្លែង។ កាលដំបូងមានដំណើរការល្អធម្មតា តែឥឡូវធ្លាក់ចុះខ្លះ ព្រោះតំបន់នោះឥឡូវមានអ្នកបើកច្រើនដែរ។
.ហ៊ឺ! ធម្មតាគោលការណ៍នៃទីផ្សារសេរីគឺអ៊ីចឹងហើយ។ អាជីវកម្មថ្មីតែងតែកើតឡើង ដើម្បីប្រកួតប្រជែងអាជីវកម្មចាស់។ បើយើងមិនប្រយ័ត្នទេ អាជីវកម្មយើងនឹងដួលឬក្ស័យទុន។ ក្មួយត្រូវពិនិត្យមើលថាតើក្នុងអាជីវកម្មរបស់ក្មួយមានអ្វីខ្លះជាបន្លាក្នុងបាតជើង។
.អ្វីទៅជាបន្លាក្នុងបាតជើងលោកពូ? (ខ្ញុំសួរគាត់បញ្ជាក់)
.បាទ! បន្លាក្នុងបាតជើង គឺបន្លាក្នុងបាតជើង។ ប្រសិនបើបាតជើងរបស់ក្មួយមានបន្លា ពេលក្មួយដើរទៅមិនស្រួលប៉ុន្មានទេ គឺបន្លារារាំងឬរំខានមិនឱ្យក្មួយដើរបានស្រួល។ ដូច្នេះ បើមានក្មួយត្រូវជោះបន្លានេះចេញឱ្យហើយ កុំឱ្យវារំខានទៀត។
បន្លាក្នុងបាតជើង មិនធ្វើឱ្យក្មួយដើរដល់គោលដៅដោយងាយស្រួលទេ។ គេខ្លាចបំផុតបន្លាក្នុងបាតជើង ព្រោះវារំខានការដើររបស់យើងគ្រប់ពេល។ ក្មួយត្រូវតែប្រញាប់ព្យាបាលវាឱ្យបានឆាប់ បើមិនដូច្នេះទេ វានឹងបង្កជាខ្ទុះ ឬដំបៅពិបាកនឹងដើរ។
បើសម្រាប់អាជីវកម្មវិញ ក្មួយត្រូវមើលឱ្យច្បាស់ថា តើកត្តាអ្វីខ្លះដែលនាំឱ្យរំខានដល់ដំណើរការអាជីវកម្មរបស់ក្មួយ? តើមានមនុស្សជាបន្លាក្នុងបាតជើងទេ បើមានតើអ្នកណាខ្លះជាបន្លាក្នុងបាតជើង? រកឃើញហើយក្មួយត្រូវដោះស្រាយបន្ទាន់ បើមិនដូច្នេះទេ នឹងមានបញ្ហាធំដល់អាជីវកម្ម។ ក្រៅពីនេះ ក្មួយក៏ត្រូវដឹងដែរ ទី១ ត្រូវពង្រឹងគុណភាពអ្នកកាត់ដេរ។
អ្នកកាត់ដេរត្រូវតែជាអ្នកជំនាញ ថ្នេរស្អាត ហើយបានជាប់ល្អ ទី២ ក្រណាត់ត្រូវតែមានគុណភាព មិនឆាប់បែកព្រុយ ទី៣ សិក្សាលើតម្លៃ។ មិនត្រូវឱ្យលើសគេ ហើយក៏មិនឱ្យក្រោមគេដែរ ទី៤ សិក្សាលើតម្រូវការអតិថិជន តើតំបន់នោះ គេនិយមសម្លៀកបំពាក់យ៉ាងម៉េច?
ទី៥ ត្រូវលើកទឹកចិត្ដបុគ្គលិក ឱ្យប្រាក់ខែគាត់បានសមរម្យស្របតាមអតិផរណា ទី៦ សេវាកម្មរបស់ក្មួយត្រូវតែបានដូចចិត្ដ គឺសេវាកម្មល្អ មានន័យថា ដាក់កំណត់ថ្ងៃណាបាន ត្រូវបានថ្ងៃហ្នឹង ទី៧ ត្រូវកំណត់អត្ដសញ្ញាណខ្លួនឯង។ រឿងទាំងអស់នេះហើយ គឺជាអ្វីដែលក្មួយត្រូវធ្វើមិនមែនមកអង្គុយគិតថា គេមកប្រជែងក្មួយ មកដណ្ដើមអតិថិជនក្មួយនោះទេ។
មួយវិញទៀត នៅពេលដែលក្មួយក្លាយខ្លួនជាម្ចាស់អាជីវកម្មហើយ ក្មួយត្រូវចេះបរិច្ចាគ នូវធនធានរបស់ខ្លះដល់សង្គមវិញ តាមតែលទ្ធភាពក្មួយអាចធ្វើបាន ដូចជាការចែកអំណោយជាថវិកាក្ដី ជាអាហារក្តី ជាកម្លាំងក្ដី ឬក៏ការចែករំលែកចំណេះដឹង ដែលខ្លួនមានទៅដល់អ្នកដែលមិនទាន់ដឹងជាដើម។ ពេលក្មួយជួយដល់សង្គមហើយ សង្គមនឹងជួយក្មួយវិញ គឺជួយតាមរយៈការផ្តល់កិត្ដិយសមុខមាត់។
បន្ទាប់ពីស្ដាប់ប្រសាសន៍លោកឧកញ៉ាភ្លាម ខ្ញុំភ្ញាក់ខ្លួនព្រើតតែម្តង ព្រោះរឿងទាំងអស់នេះ ខ្ញុំមិនដែលគិតសោះពីមុនមក ហើយទឹកចិត្ដ និងភាពស្នេហាជាតិរបស់គាត់ ធ្វើឱ្យខ្ញុំកោតសរសើរ និងគោរពនូវឆន្ទៈដែលលោកមាន។
សំណេះសំណាលគ្នាហើយ ពួកយើងក៏បានបែកគ្នា ហើយខ្ញុំបានសន្យាចំពោះមុខគាត់ថា នឹងជ្រើសរើសគំរូល្អរបស់គាត់សម្រាប់ដើរទៅថ្ងៃខាងមុខ។ ខ្ញុំក៏បានថ្លែងអំណរអរគុណ ចំពោះការបរិច្ចាគពេលវេលា និងមេរៀនដ៏ទូលំទូលាយរបស់លោកឧកញ៉ាមកដល់រូបខ្ញុំ៕
ដកស្រង់ចេញពីសៀវភៅកម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និមិត្ដរូបខ្ញុំ
និពន្ធដោយ៖ អឿ ស៊ីណា (MJQUP)