មនុស្សគ្រប់រូបតែងមានចំណុចខ្សោយរៀងខ្លួន ប៉ុន្តែអ្នកខ្លះមានភាពភ័យខ្លាចដោយមិនហ៊ានប្រឈមមុខនឹងចំណុចខ្សោយរបស់ខ្លួនដោយខ្លាចថាខ្លួនធ្វើខុសហើយខ្មាស់គេ។ ប៉ុន្តែភាពភ័យខ្លាចនេះហើយជាដើមហេតុធ្វើឲមនុស្សមានភាពបរាជ័យក្នុងខ្លួន។ ការខ្លាចខុសនេះហើយជាឧបសគ្គដ៏ធំក្នុងខ្សែជីវិតរបស់មនុស្ស។
"ការគិតគូរមុនធ្វើអ្វីមួយ ដោយការពិចារណាឱ្យបានវែងឆ្ងាយ ហ្មត់ចត់ ជារឿងដ៏ត្រឹមត្រូវ ប៉ុន្តែពេលខ្លះបើគិតច្រើនពេកវានាំឱ្យអាក់ខាន ឬរំខានដល់ការសម្រេចចិត្តទៅវិញទេ ព្រោះបើយើងនៅតែអល់អែក ឬរារែកចិត្ត មិនព្រមសម្រេចចិត្តធ្វើអ្វីដែលខ្លួនចង់ធ្វើ នោះអ្វីៗនឹងរំលងទៅហួស ឬហួសពេល។
ឧទាហរណ៍ថា បើអ្នកចង់បើកហាងអ៊ុតសក់នៅកន្លែងណាមួយ ប៉ុន្តែអ្នកចេះតែខ្លាចនេះខ្លាចនោះ ឬអ្នកគិតថា ចាំឱ្យគេបើកមុនសិន បើគេចំណេញចាំបើកតាមក្រោយ នោះអ្នកកម្រជោគជ័យខ្លាំងណាស់ ព្រោះជំនួញអ្វីក៏ដោយ បើគេបើកជោគជ័យហើយ ហើយយើងទើបតែទៅបើកក្រោយគេ គឺពិបាកប្រកួតប្រជែងជាមួយគេខ្លាំងណាស់។
សាកគិតលមើល! បើមិនហ៊ានរៀនជិះកង់ផង តើធ្វើម៉េចនឹងចេះជិះកង់ទៅ? បើអ្នករៀនជិះ យ៉ាងច្រើនដួលតែម្ដងពីរដង អ្នកនឹងចេះជិះ។ ដូចគ្នានេះដែរ បើអ្នកធ្វើអ្វីខុសម្ដងពីរដង នោះអ្នកច្បាស់ជារកផ្លូវត្រូវឃើញមិនខានទេ។ ដូច្នេះ ចូរក្លាហានធ្វើ ក្លាហានសាកល្បង កុំខ្លាចខុសខ្លាំងពេក។
ខ្ញុំសូមរម្លឹកម្ដងទៀតថា កាលណាបណ្តោយឱ្យជំងឺភ័យខ្លាចមកស្ថិតឬដក់ជាប់ក្នុងចិត្ត វានឹងក្លាយជារនាំងបិទបាំងភាពរីកចម្រើនលូតលាស់របស់យើង ដែលធ្វើឱ្យយើងគិតអ្វីក៏មិនចេញ គ្មានសកម្មភាព បាក់ទឹកចិត្ត តឿគំនិត តឿចំណេះដឹង ពិសេសធ្វើឱ្យយើងមានអារម្មណ៍ជានិច្ចថា ធ្វើនេះខ្លាចខុស ធ្វើនោះខ្លាចខុស យូរៗទៅលែងហ៊ានធ្វើអ្វីទាំងអស់៕"