អ្នកណាទៅដែលគ្មានអតីតកាលនោះ? អតីតកាលធ្លាប់ធ្វើឱ្យជីវិតខ្ញុំអួរអាប់ខ្លាំង រហូតដល់ចង់ស្លាប់ តែខ្ញុំមានសំណាងត្រង់អាចរស់រួចជីវិតមកវិញបាន។
បើអ្នកយល់ថាជីវិតរបស់អញនកលិចលង់ សូមអានរឿងពិតរបស់ខ្ញុំនៅពេលនេះ អ្នកនឹងដឹងថា តើអតីតកាលរបស់ខ្ញុំវាយ៉ាប់ខ្លាំងយ៉ាងណានោះ។
« ជាកូនស្រីដែលត្រូវឪពុកម្តាយស្រលាញ់ និងតាមចិត្តគ្រប់យ៉ាង ធ្វើឱ្យជីវិតខ្ញុំមើលលោកយើងនេះក្នុងផ្លូវល្អជានិច្ច។ ក្រៅពីរៀនសូត្រ ខ្ញុំតែងតែទៅក្រុមហ៊ុនប៉ារៀនសូត្របន្ថែម។
ដោយខ្ញុំជាមនុស្សមិនចេះប្រកាន់ខ្លួន ខ្ញុំត្រូវបងៗ បុគ្គលិកនៅកន្លែងធ្វើការស្រលាញ់ រាប់អានចូលចិត្តជាច្រើន។ ប៉ុន្តែខ្ញុំមាន អារម្មណ៍ដល់ខ្សែភ្នែកមួយគូតែងតែសម្លឹងមកខ្ញុំ។ គាត់ជាបុគ្គលិកដែលចូលថ្មី តែមានស្នាដៃការងារគួរឱ្យសរសើរ។ ខ្ញុំស្ញប់ស្ញែងគាត់ណាស់ ក្រោយៗមកពួកយើងក៏ចាប់ផ្តើមស្និទ្ធស្នាលគ្នាក្នុងការងារ រហូតដល់មានទំនាក់ទំនងនៅខាងក្រៅ។
តែខ្ញុំដឹងថាប៉ាម៉ាក់មិនសូវចូលចិត្តគាត់ប៉ុន្មានទេ។ ប៉ាប្រាប់ថាឱ្យខ្ញុំ ប្រយ័ត្នប្រយែង ព្រោះតែខ្ញុំនៅក្មេងមិនទាន់ស្គាល់ពីសង្គមមនុស្សច្បាស់។ តែខ្ញុំជឿជាក់ថាគាត់ជាមនុស្សល្អ។
ក្រោយមកពួកខ្ញុំទាំងពីរក៏ជ្រុលជ្រួសនឹងគ្នា ខ្ញុំយំយ៉ាងខ្លាំងប៉ុន្តែគាត់សន្យាថានឹងទទួលខុសត្រូវ ខ្ញុំក៏បានធូរស្បើយចិត្តខ្លះៗដែរ។ គាត់និយាយថាគាត់ពិតជាចង់រៀបការជាមួយនឹងខ្ញុំខ្លាំងណាស់ ប៉ុន្តែគាត់គ្មានឋានៈ គ្មានបុណ្យសក្តិអាចនឹងចូលស្តីដណ្តឹងខ្ញុំ។ ព្រោះតែជាក្មេងស្រីឆោតល្ងង់ ស្នេហាបាំងមុខធ្វើឱ្យខ្ញុំហ៊ានលួចយកឯកសារសម្ងាត់របស់ក្រុមហ៊ុន គ្រាន់តែសង្ឃឹមថាថ្ងៃមុខពួកយើងប្រាកដជាអាចរស់នៅជាមួយគ្នាដោយស្របច្បាប់។
ប៉ុន្តែខ្ញុំបានគិតខុស។ ដោយសារតែកំហុសមួយនោះ ខ្ញុំស្ទើរតែធ្វើឱ្យក្រុមហ៊ុន ប៉ាដួលរលំ។ ខ្ញុំបានទៅរកគាត់សួរនាំពីបញ្ហាតែអ្វីដែលដែលទទួលបានគឺសំដីដែលចំអកថា មកពីខ្ញុំជាមនុស្សស្រីល្ងង់ ឱ្យគេបោកប្រាស់បាន។ គេថាមិនអាចយកមនុស្សស្រីឆោតល្ងង់ដូចជាខ្ញុំធ្វើជាប្រពន្ធបានទេ។ ខ្ញុំបានទះគេមួយកំភ្លៀង គេក៏បានទះខ្ញុំមួយដៃវិញ ហើយឱ្យមនុស្សរបស់គេអូសខ្ញុំចេញ។
ខ្ញុំពិតជាអាក្រក់ និងថោកទាបណាស់។ អ្វីៗត្រូវបានបាត់បង់អស់់ព្រោះតែ ភាពឆោតល្ងង់របស់ខ្ញុំ។ ខ្ញុំយកដៃស្ទាបពោះខ្លួនឯង ហើយយំស្រែកឈឺចាប់យ៉ាងខ្លាំងនៅក្រោមទឹកផ្កាឈូកក្នុងបន្ទប់ម្នាក់ឯង។ សុំទោសម៉ាក់ សុំទោសប៉ាដែលកូនស្រីម្នាក់នេះ ល្ងង់ខ្លៅឱ្យគេបោកប្រាស់បាន ហើយសឹងតែបំផ្លាញក្រុមហ៊ុនរបស់យើង។ ខ្ញុំត្រូវបានម៉ាក់ប៉ានាំមកសង្គ្រោះនៅមន្ទីរពេទ្យ។ ខ្ញុំបាត់បង់ឈាមអស់ជាច្រើន ហើយកូននៅក្នុងផ្ទៃក៏ត្រូវបាត់បង់។
« ខ្ញុំមិនចង់រស់ទេៗៗៗ» ខ្ញុំស្រែកដូចជាមនុស្សឆ្កួត។ ម៉ាក់ប៉ាបានឱបខ្ញុំយំលួងលោម។
« ទោះកូនក្លាយជាអ្វីក៏កូននៅតែជាកូនល្អរបស់ម៉ាក់ប៉ាដែរ» ជំនួសឱ្យការស្តីបន្ទោស ម៉ាក់ប៉ាបែរជាលួងលោមខ្ញុំ និងឈឺចាប់លើសខ្ញុំទៅទៀត។
« វានៅកន្លែងណា ប៉ានឹងសម្លាប់វាចោល»
«កុំអីប៉ា » ខ្ញុំឱបម៉ាក់ប៉ាទាំងយំខ្សឹកខ្សួល។ បន្ទាប់ពីធ្វើចិត្តបានខ្លះ ខ្ញុំគិតថាអ្វីៗដែលហួសហើយឱ្យវាហួសទៅចុះ។ ក្រោយមកប៉ាបានឱ្យមនុស្សទៅស៊ើប ទើបដឹងថាគេជាមនុស្សរបស់ក្រុមហ៊ុនដៃគូប្រកូតប្រជែងរបស់ប៉ា។ គេប្រើរូបភាពជាសុភាពបុរស លួងលោមមនុស្សស្រីទន់ខ្សោយ និងល្ងង់ខ្លៅអស់ជាច្រើនអ្នករួមទាំងខ្ញុំ។ មែនហើយគេឈ្នះ តែមិនមែនឈ្នះអស់មួយជីវិតទេ។
បន្ទាប់ពីគ្រប់យ៉ាងស្ងប់ស្ងាត់ រឿងក្រុមហ៊ុនប៉ាត្រូវបានដោះស្រាយអស់។ ម៉ាក់ប៉ាបានបញ្ជូនខ្ញុំឱ្យទៅក្រៅប្រទេស។ ខ្ញុំខិតខំរៀនណាស់ រហូតត្រលប់មកគ្រប់គ្រងក្រុមហ៊ុនប៉ាវិញពោរពេញដោយសមត្ថភាព។ ខ្ញុំបានវាយបំបាក់ក្រុមហ៊ុនគេរហូតដល់គ្មានកន្លែងជ្រក។
គេពេលនេះប្រៀបបាននឹងអ្នកសុំទានម្នាក់តែប៉ុណ្ណោះ។ តែមើលខ្ញុំពេលនេះចុះ អ្វីៗក៏ទទួលបានជោគជ័យដែរ ក្រុមហ៊ុនបានរីកចម្រើន មានសាខាពេញផ្ទៃប្រទេស និងឈានចូលទីផ្សារអន្តរជាតិ។ជីវិតដែលអួរអាប់របស់ខ្ញុំ បានជួបមនុស្សប្រុសដែលល្អម្នាក់ និងមិនគិតពីអតីតកាលរបស់ខ្ញុំ។
ខ្ញុំបានបណ្តើរស្វាមីរបស់ខ្ញុំដើរលេងតាមសួនសាធារណៈពេញដោយសេចក្តីសុខ ហើយក្រឡេកឃើញគេម្នាក់នោះ ធ្លាក់ខ្លួនដើរតត្រុកតាមស្ត្រីចំណាស់មានទ្រព្យម្នាក់។ ពេលគេឃើញខ្ញុំគេឱនមុខយ៉ាងអាម៉ាស។ តែខ្ញុំវិញ មានតែខំងើបមុខឡើងញញឹមបង្ហាញគេថា ពេលនេះខ្ញុំមានអ្វីៗគ្រប់យ៉ាងហើយ។ ខ្ញុំប្រាប់ហើយ កាលពីមុនគេអាចឈ្នះខ្ញុំ តែពេលនេះជ័យជំនះត្រូវតែបានលើខ្ញុំទាំងដើមទាំងការ។» ។
អ្នកណាដែលថាមិនធ្លាប់មានអតីតកាល? ការពិតអតីតកាលគ្រាន់តែជាស្រមោលខ្មៅងងឹតមួយ។ នៅពេលដែលយើងមិនបោះបង់ខ្លួនឯងយើងប្រាកដជាអាចរកផ្លូវមួយល្អជាងពេលមុនទៅទៀត។ នេះជាបទពិសោធន៍ជូរចត់របស់ខ្ញុំ។
សង្ឃឹមថាអ្នកដែលបានអានហើយទោះជាមានរឿងលំបាក ឬបរាជ័យយ៉ាងណាក៏ដោយ សុំផ្តល់កម្លាំងចិត្តខ្លួនឯង ត្រូវតែប្រឹងប្រែង ដើម្បីជោគជ័យនៅថ្ងៃមុខ៕
រក្សាសិទ្ធ៖ KALIB9