បរទេស ៖ នៅថ្ងៃពុធនេះ ក្រុមហ៊ុន Google បានដកកម្មវិធីទូរស័ព្ទដៃឈ្មោះថា Remove China Apps ដ៏ពេញនិយមក្នុងប្រទេសឥណ្ឌាចេញពី Play Store ហើយ ដោយសារកម្មវិធីទូរស័ព្ទរបស់ឥណ្ឌាមួយនេះ អាចអោយអ្នកប្រើប្រាស់ទូរស័ព្ទ Android លុបកម្មវិធីទូរស័ព្ទរបស់ចិនចេញពីទូរស័ព្ទដៃបានយ៉ាងងាយស្រួល។
Remove China Apps ដែលជាកម្មវីធីទាញយកពី Play Store ដោយឥតគិតថ្លៃ ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ក្នុងនោះមានអ្នកទាញយកប្រើប្រាស់រហូតដល់ជាង៥លានដង ចាប់តាំងពីចុងខែឧសភាមកនេះ។ ប្រជាប្រិយភាពនេះ បានកើនឡើងខ្ពស់នៅចំពេលមានការអំពាវនាវធ្វើពហិការមិនប្រើប្រាស់កម្មវិធីទូរស័ព្ទប្រទេសចិន នៅក្នុងប្រទេសឥណ្ឌាអំឡុងពេលវិវាទព្រំដែនតំបន់ហិម៉ាល័យរវាងប្រទេសឥណ្ឌានិងចិន។
ក្រុមហ៊ុន Google បានបញ្ជាក់ថាកម្មវិធី Remove China Apps ត្រូវបានដកចេញពី Play store ហើយដោយសារជាកម្មវិធីទូរស័ព្ទនេះ ខុសនឹងគោលការណ៍របស់ Play store របស់ក្រុមហ៊ុន Google៕