មិនមែនឱ្យតែចំណុចអវិជ្ជមាន សុទ្ធតែមិនល្អ ឬក៏គួរឱ្យស្អប់នោះឡើយ ព្រោះនៅក្នុងចំណោមចំណុចអវិជ្ជមានទាំងអស់ ក៏មានចំណុចខ្លះ បែរជាល្អ និងបង្ហាញពីភាពវៃឆ្លាត ខ្លាំងពូកែរបស់បុគ្គលម្នាក់ៗទៅវិញ។
ខាងក្រោមនេះសុទ្ធតែជាចំណុចអវិជ្ជមាន តែវាក៏ជាចំណុចដែលបង្ហាញថា អ្នកជាមនុស្សឆ្លាត ពូកែខ្លាំង ៖
១. ភាពខ្ជិល
អ្នកណាថា ខ្ជិលមិនល្អ គឺខុសហើយ ផ្ទុយទៅវិញ ភាពខ្ជិលក៏មានគុណសម្បត្តិច្រើនដែរ ឧ.ទា ដូចជា ខ្ជិលឈ្លោះ ខ្ជិលប្រកែក ខ្ជិលចេះដឹងរឿងគេ ... ទាំងនេះសុទ្ធតែជាគុណសម្បត្តិរបស់ភាពខ្ជិល។ មួយវិញទៀត ភាពខ្ជិល ក៏បង្ហាញឱ្យដឹងថា មនុស្សដែលខ្ជិល ច្រើនតែជាមនុស្សដែលឆ្លាតថែមទៀតផង ព្រោះតែភាពខ្ជិលរបស់គេនេះហើយ ទើបធ្វើឱ្យគេមានការគិត ច្នៃប្រតិដ្ឋ និងធ្វើអ្វីដែលងាយៗ ហើយធ្វើបានយ៉ាងឆាប់រហ័សថែមទៀត។
២. រញ៉េរញ៉ៃ
គេថាមនុស្សដែលរញ៉េរញ៉ៃ សាំញុំា គួរឱ្យធុញទ្រាន់ខ្លាំងណាស់ តែបើអ្នកមានភាពរញ៉េរញ៉ៃក្នុងដែនកម្រិតដែលត្រឹមត្រូវ វាមិនមែនជាភាពសាំញុំា គួរឱ្យធុញទេ តែវាជាភាពឆ្លាតវៃមួយបែប។ មនុស្សដែលមានភាពរញ៉ៃរញ៉ៃច្រើន ច្រើនតែចូលចិត្តស្វែងរកអ្វីដែលថ្មីៗ ចូលចិត្តរញ៉េរញ៉ៃ ធ្វើនេះធ្វើនោះ គេហៅថា ស្វា មិនចេះនៅស្ងៀមនោះអី អ៊ីចឹងហើយ ទើបធ្វើឱ្យគេ ចេះ និងដឹងបានច្រើន ព្រោះតែភាពមិននៅស្ងៀមនេះឯង។
៣. កំប្លែងច្រើន
មនុស្សចូលចិត្តសប្បាយ កំប្លុកកំប្លែង តែងត្រូវគេចំណាំបានថា ជាមនុស្សមានទុក្ខ និងឯកា ជីវិតមានបញ្ហាច្រើន ប៉ុន្តែសភាពខាងក្រៅរបស់គេ គឺធ្វើដូចមិនមានរឿងអ្វី ដើម្បីបំភ័ន្តភ្នែកអ្នកដទៃតែប៉ុណ្ណោះ។ ក៏ព្រោះតែចំណុចនេះហើយដែលបង្ហាញថា គេជាមនុស្សដែលឆ្លាត គឺមកពីជីវិតគេ ជួបបញ្ហា ការលំបាកច្រើន ទើបធ្វើឱ្យគេមានគំនិត ចេះគិតក៏ច្រើនដែរ។
៤. និយាយម្នាក់ឯង
ជឿថាអ្នកគ្រប់គ្នា ប្រាកដជាគិតថា មានតែមនុស្សឆ្កួតទេ ដែលតែងតែនិយាយម្នាក់ឯងនោះ តែការពិតទៅ មួយភាគនៃមនុស្សដែលចូលចិត្តនិយាយម្នាក់ឯង គឺជាមនុស្សឆ្លាត ពូកែទៅវិញទេ ព្រោះតែគេចេះនិយាយទៅកាន់ខ្លួនឯង មានសំណួរ និងមានចម្លើយឱ្យខ្លួនឯង ទើបធ្វើឱ្យគេកាន់តែមានការវិវត្តផ្នែកគំនិត ការគិត ខួរក្បាល មានការដំណើរការបានល្អ និងគិតឃើញរឿងថ្មីៗ និងដំណោះស្រាយបានយ៉ាងល្អ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ