ក្លិបប្រដាល់ Cambodia Top Team ដែលគ្រប់គ្រងដោយលោក ហ៊ុន ចាន់រាជបានប្រកាសស្វែងរកប្អូនស្រី មរកតដែលត្រូវបានក្មេងស្រីទំនើងបួននាក់ព្រួតវាយនោះ
ឲ្យមកហាត់ក្បាច់គុនដើម្បីការពារខ្លួននិងពង្រឹងស្មារតីរបស់ប្អូនស្រីឡើងវិញ។
ក្នុងទំព័រហ្វេសបុករបស់ក្លិប Cambodia Top Team ដែលមានកីឡាករល្បីៗរបស់កម្ពុជាហាត់នៅទីនោះបានសរសេរថា៖" បន្ទាប់ពីបានតាមដានរឿងរ៉ាវរបស់ប្អូនស្រីមរកត ដែលត្រូវបានគេព្រួតវាយធ្វើបាបយ៉ាងអនោចអធមអស់រយៈពេលប៉ុន្មានថ្ងៃនេះមក ហើយការពិតនៃរឿងរ៉ាវទាំងស្រុង មរកតគឺក្មេងស្រីនិងជាជនរងគ្រោះទទួលរងនូវភាពឈឺចាប់លើរាងកាយនិងផ្លូវចិត្តគួរអោយអាណិតបំផុត"។
"ដោយសារតែឃើញភាពអយុត្តិធម៍នេះ ក្លឹបប្រដាល់ និងហាត់ប្រាណ Cambodian Top Team របស់យើងខ្ញុំសូមប្រកាសផ្តល់ជូនការហ្វឹកហាត់ Cardio kickboxing និង kun khmer ទៅដល់ប្អូនស្រី មរកតដោយឥតគិតថ្លៃទុកជាទុនសំរាប់ការពារខ្លួន និងពង្រឹងផ្នែកស្មារតីអោយបានល្អប្រសើរឡើងវិញ។
"ក្លឹបយើងខ្ញុំនៅម្តុំទូលទំពូងមរកតអាចមកហាត់បានងាយស្រួលព្រោះនៅជិតផ្សារដើមថ្កូវដែលជាទីតាំងដែលប្អូនមរកតរស់នៅស្រាប់។ ដូច្នេះសូម បងប្រុសk01ជួយជម្រាបដល់គ្រួសារប្អូន និងប្អូនមរកតអោយបានដឹងផង ឬទំនាក់ទំនងមកលេខយើងខ្ញុំតាមលេខ 012 282 282 ឬ 089 333 705 នៅពេលវេលាណាមួយដែលលោកឪពុកអ្នកម្តាយ និងមរកតយល់ស្របនិងទទួលយកការផ្តល់ការជូននេះ។
យើងខ្ញុំរង់ចាំទទួលស្វាគមន៍ប្អូនស្រីជានិច្ច ហើយយើងខ្ញុំសង្ឃឹមថាការផ្តល់ជូននេះនិងបានចូលរួមចំណែកផ្លាស់ប្តូរ មរកតពីក្មេងស្រីទន់ខ្សោយម្នាក់ក្លាយជាក្មេងស្រីដែលមានសុខភាពល្អ រាងកាយមុំាមួន ស្មារតីក្លាហានស្វាហាប់ ជាពិសេសអាចការពារខ្លួនពីមនុស្សអាក្រក់ទាំងពូងនោះ តាមរយៈការហាត់ប្រភេទកីឡាក្បាច់គុនមួយនេះ ៕