បន្ទាប់ពីមានការប្រតិកម្មនិងរិះគន់ក្នុងន័យស្ថាបនាទៅលើការប្រកាសដាក់ឲ្យដំណើរការផ្លាកលេខពិសេសសម្រាប់រថយន្តនៅកម្ពុជាកាលពីថ្ងៃទី ៧ មករាកន្លងទៅ ក្នុងចំណោមនោះតារាសម្តែងកញ្ញា សូ ដានីតា ក៏បានដាក់ជាសំណួរចាក់ដោតមួយចំនួនសាកសួរទៅកាន់រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនផងដែរ។
សំណួររបស់កញ្ញា សូ ដានីតាបានសាកសួរទៅកាន់ឯកឧត្តមស៊ុន ចាន់ថុល ឲ្យជួយបកស្រាយជុំវិញការដែលមិនដាក់អក្សរនិងលេខខ្មែរ តែបែរជាដាក់អក្សរឡាតាំង និងមួយផ្សេងទៀតគឺការចាត់វិធានការឲ្យមានភាពងាយស្រួលក្នុងករណីដែលរថយន្តប្រើផ្លាកលេខពិសេសណាមួយបង្កនៅគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមរត់គេចខ្លួនបាត់។
ក្នុងសារលើបណ្តាញសង្គម តារាសម្តែងស្រីរូបស្រស់រូបនេះបានសរសេរថា៖ "នាងខ្ញុំ សូ ដានីតា សុំសួរប៉ុន្មានសំនួរ ទៅ ឯ/ឧទេសរដ្ធមន្ត្រី ស៌ុន ចាន់ថុល នឹង សុំឆ្ងល់បន្តិច ចំពោះស្លាកលេខរថយន្តកម្ពុជា ដែលប្រើបាន១ជីវិត
១- ស្លាកលេខកម្ពុជា ហេតុអី លេខនឹងឈ្មោះ មិនដាក់លេខខ្មែរ នឹង អក្សរខ្មែរ ?
២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរ ដោះដាក់រថយន្តថ្មី តាមចិត្ត រឺ ក៏ យ៉ាងម៉េច ?
៣- ប្រើជាអក្សរ ឈ្មោះជាអក្សរឡាតាំង បើមានរថយន្តណាបង្ករគ្រោះថ្នាក់ចរាចរ ចាប់មិនបាន ថតមិនបាន បានត្រឹមតែមើលស្លាកឈ្មោះជាអក្សរឡាតាំង (អានមិនទាន់ រឺ មិនចេះអាចអាន) អាចនឹងពិបាករករថយន្តបបង្ករ គិតយ៉ាងម៉េច ?
៤- បើរថយន្តនោះ បើកបុក ហើយរត់ ហើយម្ចាស់រថយន្តនោះ ដោះដាក់រថយន្តថ្មី មកប្រើតើត្រូវធ្វើយ៉ាងម៉េច ?
៥-ឈ្មោះប្រជាជនខ្មែររបស់យើង សឹងតែដូចគ្នា ជាន់គ្នា៧០ទៅ៨០% ចុះបើរថយន្តនោះ បើកបុកគេហើយរត់ តែថតបានតែស្លាកឈ្មោះ តែថតមិនបានជាប់ ម៉ាករថយន្ត តើធ្វើយ៉ាងម៉េច រកម្ចាស់ឈ្មោះឃើញ ? បើសិនជាឈ្មោះ គឺឈ្មោះដូចគ្នាទៅនឹងឈ្មោះរថយន្ត១ទៀតដែលមិនបានបង្ករ ? តើមានវិធីណារកថរយន្តបង្ករនោះឃើញ ? ព្រោះឈ្មោះជាន់គ្នា ?
សុំទោស នាងខ្ញុំគ្រាន់តែជាសួរ ចោទជាសំនួរ មិនមែនមានគំនិត មិនស្របតាមឡើយ ព្រោះក្នុងសារពត៌មាននិមួយៗ មិនបានបញ្ជាក់អោយយល់ ក្នុងការបង្កើតស្លាកលេខផ្ទាល់ខ្លួននេះឡើយ .
( ពេលខ្ញុំយល់ហើយ ខ្ញុំនឹងទិញឈ្មោះដាក់រថយន្តខ្ញុំ១ដែរ )"៕