១. មានមុខរបរ ការងារសមគួរ
ជីវិតនេះធំដឹងក្ដី អាយុក៏ច្រើន គឺត្រូវតែមានមុខរបរ មានការងារ ងាចរកលុយបានដោយខ្លួនឯង មិនអាចរំពឹងឱ្យអ្នកណាមករកចិញ្ចឹម ឬពឹងតែទ្រព្យឪពុកម្ដាយនោះឡើយ ហើយម្យ៉ាងវិញទៀត ការមានការងារ ឬមុខរបរជារបស់ខ្លួនឯង ជារឿងសំខាន់ និងចាំបាច់ណាស់ ព្រោះតទៅថ្ងៃមុខ យើងត្រូវរ៉ាប់រង ទទួលបន្ទុកសម្រាប់ការបង្កើតគ្រួសារជារបស់ខ្លួនឯង ដូច្នេះនៅពេលដែលអ្នកអាចរកលុយបានដោយខ្លួនឯង អាចចាយវាយគ្រប់គ្រាន់ហើយ វាក៏ជាសញ្ញាមួយបញ្ជាក់ថា អ្នកអាចមានលទ្ធភាពក្នុងការរៀបការ បង្កើតគ្រួសារដោយខ្លួនឯងហើយ។
២. ចេះអត់ធ្មត់ សង្កត់ចិត្ត
សេចក្ដីអត់ធ្មត់ សង្កត់ចិត្តជារឿងសំខាន់ណាស់ ព្រោះមនុស្សម្នាក់ៗ ត្រូវតែមានចំណុចនេះ ព្រោះជីវិតយើងត្រូវជួបរឿង ជួបបញ្ហា ជាពិសេសគឺជាមួយមនុស្សច្រើនប្រភេទ បើមិនចេះអត់ធ្មត់ទេ ក៏មិនអាចសម្រេចកិច្ចការ ឬរស់នៅជាមួយនរណាម្នាក់បានស្រណុកស្រួលដែរ។
៣. ចេះស្ដាប់ និងមានហេតុផល
ធ្វើជាមនុស្សត្រូវតែចេះស្ដាប់ និងមានហេតុផលឱ្យបានច្បាស់ បើឆេវឆាវ ឆាប់ខឹង នឹងធ្វើឱ្យកើតមានបញ្ហាមិនចេះចប់ ដូច្នេះ នៅក្នុងគ្រួសារ បើកាលណាមិនចេះស្ដាប់គ្នា មិនមានហេតុផលទេ គ្រួសារប្រាកដជាមានតែរឿងឈ្លោះប្រកែកមិនចេះចប់មិនខានឡើយ។
៤. ចេះប្រឈមមុខ និងទទួលខុសត្រូវ
ជីវិតមនុស្សម្នាក់ៗ រមែងជួបបញ្ហាមិនចេះចប់ ជាពិសេសគឺនៅក្នុងគ្រួសារ មានទាំងបញ្ហាខាងក្រៅ រហូតដល់ខាងក្នុង តែសំខាន់យើងត្រូវចេះប្រឈមមុខ និងទទួលខុសត្រូវគ្រប់បញ្ហាដែលកើតឡើង ហើយរឹងមាំក្នុងការដោះស្រាយ ហើយត្រូវតែទទួលខុសត្រូវគ្រប់យ៉ាងទាំងអស់។
៥. ចេះគោរព និងបែងចែកពេលវេលាច្បាស់លាស់
បង្កើតគ្រួសារមួយ ទាល់តែចេះគោរព និងបែកចែកពេលវេលាឱ្យដៃគូ រកស៊ីក៏រក ធ្វើការក៏ធ្វើ តែពេលវេលាសម្រាប់គ្រួសារពិតជាសំខាន់ណាស់ បើមិនចេះបែងចែកពេលវេលាទេ អ្នកនឹងមិនមានពេលនៅក្បែរ ជួបជុំ មើលថែមនុស្សជាទីស្រឡាញ់ មិនមានពេលបង្កើតអនុស្សាជាមួយគ្នា វាក៏មិនមានន័យដែរ។
៦. មិនប្រចណ្ឌ ឬខឹងផ្ដេសផ្ដាស
គេថាស្រឡាញ់ ទាល់តែប្រពន្ធខ្លះ តែបើប្រចណ្ឌ ឬខឹងផ្ដេសផ្ដាសពិតជាមិនល្អឡើយ មនុស្សធំៗអស់ហើយ ឱ្យចេះទុកចិត្តលើគ្នា ប្រចណ្ឌពេក នាំតែរឿងឈ្លោះប្រកែកគ្នាអត់ប្រយោជន៍តែប៉ុណ្ណោះ។
៧. ចិត្តទូលាយ ចេះផ្ដល់សេរីភាព
នៅពេលដែលអ្នកយល់ដឹងគ្រប់គ្រាន់ អ្នកប្រាកដជាចេះបែងចែក ចេះបើកចិត្ត និងុល់ច្បាស់ពីការផ្ដល់សេរីភាពដល់ដៃគូ ប្រសិនបើអ្នកអាចមានចិត្តទូលាយគ្រប់គ្រាន់ ចេះផ្ដល់សេរីភាពឱ្យដៃគូបានគ្រប់គ្រាន់ នោះបញ្ជាក់ថា អ្នកចាស់ទុំហើយ សមល្មមអាចនឹងមានគ្រួសារ ហើយដៃគូរបស់អ្នក និងអ្នក ក៏អាចរស់នៅជុំគ្នាយ៉ាងមានសុភមង្គល មិនតឹងតែង ក៏មិនមានសម្ពាធឡើយ។
៨. យល់ពីតម្លៃនៃក្ដីស្រឡាញ់ និងគ្រួសារ
បើអ្នកមានចិត្តស្រឡាញ់ស្មោះ អ្នកប្រាកដជាផ្ដល់តម្លៃឱ្យក្ដីស្រឡាញ់ និងភាពចាំបាច់សម្រាប់គ្រួសារ ដូច្នេះ អ្នកសក្តិសមនឹងមានគ្រួសារហើយ ក្ដីស្រឡាញ់ពិតមិនងាករេ ស្មោះចំពោះគ្រួសារ ជឿថាអ្នកប្រាកដជា មិនចង់ឃើញគ្រួសារបែកបាក់បានឡើយ។
៩. មានគោលដៅជីវិតច្បាស់លាស់
មនុស្សមានគោលដៅជីវិតច្បាស់ ដឹងថាអ្វីខ្លះគួរធ្វើ អ្វីខ្លះមិនគួរធ្វើ ច្បាស់លាស់ក្នុងការប្រើប្រាស់ជីវិត មានកម្រិត និងបែបផែនប្រាកដប្រជា អ្នកអាចបង្កើតគ្រួសារបានហើយ ហើយក៏ជឿថា ជីវិតគ្រួសាររបស់អ្នកនឹងមិនហេលហាលនោះដែរ ព្រោះតែអ្នកជាមនុស្សច្បាស់លាស់នឹងគោលដៅ។
១០. ចេះគ្រប់គ្រងលើការចាយវាយត្រឹមត្រូវ
ជារឿងដែលសំខាន់ មនុស្សយើងបើចេះតែរកមិនចេះចាយ ឬចេះតេចាយ តែមិនចេះរក វាជារឿងដេលពិបាកណាស់ អ្នកខ្លះ ពូកែរកតែក៏ពូកែចាយ វាពិតជាចំណាយផ្ដេសផ្ដាស ទោះអ្នករកបានច្រើនប៉ុនណាក៏មិនសល់ដែរ។ ប៉ុន្តែប្រសិនបើអ្នកអាចកំណត់បានល្អនៃការចំណាយរបស់អ្នក អាចសល់បានខ្លះ នោះបញ្ជាក់ថាអ្នកជាមនុស្សចាស់ទុំ ដឹងក្ដីច្រើនហើយ ហើយពេលអ្នកមានគ្រួសារ វាក៏មិនពិបាក ឬខ្វះខាតនោះដែរ៕
អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ