បរទេស៖ នៅវេលាប្រមាណម៉ោង ៦ និង ២០នាទីល្ងាច ថ្ងៃទីនេះ មានការផ្អើលឈូឆរនាំគ្នាថតនៃបាតុភូតចម្លែកមួយ ដែលមានរូបរាងជាដុំមូលពណ៍ស តំរៀបគ្នាជាជួរហោះនៅលើអាកាស ដែលធ្វើឱ្យប្រជាពលរដ្ឋនាំគ្នាផុសពីបាតុភូតចម្លែកនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកព្រោងព្រាត រហូតមានទស្សនៈមួយចំនួនខ្លះយល់ឃើញថា នេះជាថាសហោះ UFO ថែមទៀតផង។
បើយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ " Cambo Space and Science " ក៏បានសសេររៀបរាប់នូវចម្លើយស្រាយបំភ្លឺយ៉ាងលម្អិតពីបាតុភូតដែលកំពុងកើតមានកាលប៉ុន្មានម៉ោងមុននេះ ថែមទាំងភ្ជាប់បញ្ជាក់ថា ៖
« មានបងប្អូនជាច្រើនឆាតមកសួរ Cambo Space និងខ្លះទៀតចែករំលែករឿងនេះពាសពេញ Facebook អំពីទិដ្ឋភាពដ៏ចម្លែកនេះ ដែលពួកគេអះអាងថា បានកើតឡើងនៅខេត្តភាគឦសានកម្ពុជាយើង ។
ខ្ញុំមិនបានឃើញផ្ទាល់ទេ ប៉ុន្តែរឿងរ៉ាវដូចគ្នានេះក៏បានកើតឡើងនៅប្រទេសផ្សេងៗទៀតដែរ ហើយអ្វីដែលជាការពិតនោះ វាគឺជាបណ្តាញផ្កាយរណប «Starlink» របស់ក្រុមហ៊ុនអវកាសអាមេរិក SpaceX ដែលត្រូវបានបាញ់ឡើងទៅទីអវកាស ជាបន្តបន្ទាប់ច្រើនខែមកហើយ។
ពួកវានៅបណ្តាក់គ្នាដូចជារថភ្លើង អាចបញ្ចេញពន្លឺឲ្យយើងឃើញនៅពេលមេឃងងឹត និងមានកម្ពស់ជាង ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី។ រូបភាពនៅបរទេសដែលត្រូវបានថតកាលពីអំឡុងខែឧសភា កន្លងទៅនេះ គឺមានផ្កាយរណបរហូតដល់ទៅ ៦០គ្រឿងនៅគោចរបណ្តាក់ៗគ្នា។
គួរបញ្ជាក់ថា Starlink មានគោលដៅក្នុងការផ្តល់សេវាអ៊ីនធើណិត តាមរយៈបណ្តាញផ្កាយរណប ដោយធ្វើការផ្សារភ្ជាប់ពីលើដី ទៅកាន់គន្លងគោចរជុំវិញផែនដី។ SpaceX មានគំរោងបាញ់ពួកវារាប់ពាន់គ្រឿងឯណោះ៕
ប្រភព និងរូបភាព៖ FOX News