បាត់ដំបង៖ ខេត្តបាត់ដំបង គឺជាខេត្តមួយនៅភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រជុំទៅដោយទីកន្លែងប្រវត្តិសាស្រ្តតាំងពីសម័យអាណានិគមនិយមបារាំង ថែមទាំងមានទីកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង ចង់ទៅដើរលេងពិតជាមិនខ្វះកន្លែងដើរនោះឡើយ។
ជាក់ស្តែង ថ្មីៗនេះ រូបភាពប៉ុន្មានសន្លឹកនៃរមណីយដ្ឋានបង្កើតថ្មីមួយកន្លែងនៅខេត្តបាត់ដំបង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភាគច្រើនមានការភ្ញាក់ផ្អើល ដោយកន្លែងនេះមានការដាំផ្កាចម្រុះជាច្រើនប្រភេទមើលទៅស្រស់ស្អាត គួរជាទីគយគន់មែនទែន មានឈ្មោះថា « ផ្ទះផ្កា » ។
ស្ថិតនៅទីតាំងមានទីធ្លាដីធ្លីធំទូលាយ « ផ្ទះផ្កា » មានដាំដើមផ្កាស្រស់ស្អាតពូជប្លែកៗជាច្រើនចម្រុះគ្នាយ៉ាងស្រស់ស្អាត មានទាំងសួន មានទាំងតម្រៀបថូកាច់ជារាងស្រស់ស្អាត មើលទៅដឹងតែប្លែកភ្នែកតែម្តង ពិតជាពិសេសណាស់សម្រាប់អ្នកដែលចូលចិត្តថតរូបកម្សាន្តលេង។
គួរឱ្យដឹងផងដែរថា រមណីយដ្ឋាន « ផ្ទះផ្កា» មានទីតាំងស្ថិតនៅភូមិបត់សាលា ឃុំ ឈេីទាល ស្រុក បាណន់ ខេត្ត បាត់ដំបង ក្បែរចំការទំពាំងបាយជូរតាមផ្លូវទៅបាណន់ មួយនេះ នឹងបើកដំណើរការក្នុងពេលឆាប់ៗនេះហើយ ពោលគឺនៅក្នុងខែ កញ្ញា ឆ្នាំ ២០១៩ ដោយពេលនេះស្ថិតនៅក្នុងដំណាក់កាលរៀបចំមិនទាន់រួចរាល់អស់នៅឡើយនោះទេ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ A-PIE PIE