មហិច្ឆតាតាមរយៈការឈ្លានពានទឹកដី និងការគ្រប់គ្រងរបស់ប្រទេសជប៉ុន នៅអំឡុងសង្គ្រាមលោកលើកទី២ ទៅលើតំបន់អាស៊ីប៉ាស៊ីភិច ជាកត្តាចម្បងមួយបានរុញច្រានឲ្យសហរដ្ឋអាមេរិក សម្រេចចិត្តបញ្ចេញអាវុធប្រល័យលោក ពោលគឺគ្រាប់បែកនុយក្លេអ៊ែរ ២គ្រាប់ទៅទម្លាក់នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្គាសាគី មុនឈានដល់ការបិទបញ្ចប់ នៃសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥។
ក្រោយការដួលរលំនៃអំណាចប្រទេសបក្សសម្ព័ន្ធត្រីភាគី អាល្លឺម៉ង់/អ៊ីតាលី/ជប៉ុន ពោលគឺ បេនីតូ មូសូលីនី របស់អ៊ីតាលី ត្រូវបានគេចាប់យកទៅបាញ់សម្លាប់ ខណៈឯភាគីមួយវិញទៀតនោះគឺ អាដុល ហ៊ីត្លែរ មេដឹកនាំផ្តាច់ការណាស៊ីអាល្លឺម៉ង់ ក៏បានធ្វើអត្តឃាតក្រោយការវាយលុកចូលមកដល់របស់កងទ័ពសហភាពសូវៀត នៅអំឡុងខែមេសា ឆ្នាំ១៩៤៥។
ដ្បិតមានការបាត់បង់ដៃគូឈ្លានពានទាំងពីររបស់ខ្លួនក្តី ជប៉ុន ដែលកំពុងកាន់កាប់ត្រួតត្រាប្រទេសជាច្រើននៅតំបន់អាស៊ីប៉ាស៊ីភិច និងជាពិសេសលើតំបន់អាស៊ីអាគ្នេយ៍ នៅតែមិនបោះបង់មហិច្ឆតារបស់ខ្លួនឡើយ។ តាមរយៈការមើលឃើញភាពលោភលន់ មិនចេះស្កប់ស្កល់ របស់មហាអំណាចយោធា របស់ប្រទេសអាស៊ីបូព៌ានេះហើយ ជាហេតុនាំឲ្យមានសន្នីសីទមួយបានកើតឡើងនៅលើទឹកដីអាល្លឺម៉ង់ ដោយមានភាគី សហរដ្ឋអាមេរិក/អង់គ្លេស/សហភាពសូវៀត ចូលរួមផង ដើម្បីរកវិធីទប់ស្កាត់ និងកម្ចាត់អំណាចរបស់កងទ័ពជប៉ុន។
សហភាពសូវៀត ដែលដើមក៏ធ្លាប់បានចុះសន្នីសញ្ញាជាមួយជប៉ុន នាឆ្នាំ១៩៤១ ថាមិនឈ្លានពានគ្នាទៅវិញទៅមកនោះ ក៏បានសម្រចចិត្តរួមដៃជាមួយភាគីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកផងដែរ។ ដោយក្តីបារម្ភចំពោះការធ្វើសង្គ្រាមនៅបន្តរ៉ាំរ៉ៃយូរ និងធ្វើឲ្យមានការពះលីជីវិតទាហានកាន់តែច្រើន ព្រមទាំងត្រូវការចំណាយធុនធានកាន់តែលើសលុប ខណៈសហរដ្ឋអាមេរិកទើបតែចំណាយថវិកាជាតិយ៉ាងច្រើនក្នុងសង្គ្រាមនៅទ្វីបអឺរ៉ុបរួចរាល់ផងនោះ វីធីសាស្ត្រដើម្បីរុញច្រានឲ្យ ជប៉ុនចុះចាញ់សង្គ្រាមឆាប់ៗ គឺមានតែការប្រើប្រាស់អាវុធប្រល័យលោក និងសាហាវបំផុតលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ គឺការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ (បរាមាណូ) ទាំង២គ្រាប់។
ព្រឹកព្រលឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ ក្រោមការបញ្ជា និងត្រួតពិនិត្យផ្ទាល់ពីលោក ហារី ទ្រូម៉ាន់ ប្រធានាធីបតីសហរដ្ឋអាមេរិកទី៣៣ បានចេញបញ្ជាឲ្យបើកការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទី១ ដែលមានឈ្មោះ Little Boy ដោយបានផ្តោតគោលដៅលើទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដែលបានបណ្តាលឲ្យប្រជាជនទូទៅបាត់បង់ជីវិតភ្លាមៗ ប្រមាណ៧មុឺននាក់ ក្នុងនោះត្រូវបានរាយការណ៍ថាមានទាហានជប៉ុនយ៉ាងតិច ២មុឺននាក់ផងដែរ។
៣ថ្ងៃបន្ទាប់ ពោលគឺចំថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ គ្រាប់បែកនុយក្លេអ៊ែរទី២ ដែលមានឈ្មោះ A Fat Man ក៏ត្រូវបានដាំក្បាលចុះធ្លាក់នៅទីក្រុងណាហ្គាសាគី ខណៈតាមរបាយការណ៍ មានប្រជាជនទូទៅបានបាត់បង់ជីវិតស្ទើរតែរកសាកសពគ្មានភ្លាមៗនោះ ប្រមាណ៨មុឺននាក់បន្ថែមទៀត។ មិនត្រឹមតែសោធនាកម្មដ៏អាក្រក់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនេះទេ ឥទ្ធិពលនៃជាតិវិទ្យុសកម្មរបស់គ្រាប់បែកបាននៅបន្សល់ទុក ធ្វើឲ្យមានជាតិពុលដែលនាំឲ្យមនុស្សស្លាប់បន្តបន្ទាប់ ដែលជាលទ្ធផលសរុបប្រមាណ ២២.៦មុឺននាក់ឯណោះ។ បន្ថែមពីនេះ រចនាសម្ព័ន្ធទីក្រុងទាំងទាំងមូលរបស់ទីក្រុងទាំងទ្វេ ត្រូវខ្ទេចទាំងស្រុងរួមផង។
ទីបំផុត ដូចការរំពឹងទុករបស់សហរដ្ឋអាមេរិកពិតមែន ដោយសារតែអំពើមនុស្សឃាតដ៏ព្រៃផ្សៃមួយនេះបានកើតឡើងនៅប្រទេសខ្លួន ជប៉ុន ក៏បានប្រកាសចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំនោះដដែល។ រឿងហេតុទាំងនេះ គឺជាការចងចាំមួយចំពោះប្រវត្តិសាស្ត្រមនុស្សជាតិយើងជារួម និងជាពិសេសចំពោះប្រជាជនជប៉ុនផ្ទាល់ ដែលតែងតែប្រារព្ធពិធីរម្លឹកខួបជារៀងរាល់ឆ្នាំនៃការបាត់បង់ជីវិតមនុស្ស ហើយផ្តោតសំខាន់លើប្រជាពលរដ្ឋសាមញ្ញ ដែលត្រូវបាត់បង់ជីវិតអមដំណើរទៅជាមួយការរលាយនៃមហិច្ឆតារបស់ជប៉ុន ក្នុងប្រមូលយកទឹកដីនានាលើពិភពលោក មកគ្រប់គ្រងក្នុងអតីតកាលលើដៃខ្លួន៕