«កូនខ្ញុំឈឺធម្មតាសោះ ​តែគ្រូពេទ្យថាមានជំងឺគ្រុនឈាម ​ទម្រាំដឹងខ្លួនអស់លុយមិនស្ទើរ» អត្ថបទគួរពិចារណា! ​ផ្ទុះជំងឺគ្រុនឈាម ​អាចនឹងមានការភាន់ច្រលំនៅក្នុងវិនិច្ឆយជំងឺ ​ឬជាការកេងចំណេញទៅលើជំងឺដើម្បីព្យាបាលក្នុងតម្លៃថ្លៃ?

ជាការពិតណាស់ ​នៅក្នុងពេលបច្ចុប្បន្ននេះ​​ ជាពិសេសនៅក្នុងរដូវធ្លាក់ភ្លៀងតែម្តង​​ជំងឺគ្រុនឈាម ​ដែលបណ្តាលមកពី សត្វមូលខ្លាខាំដែលជាសត្វភ្នាក់ងារចម្លងមេរោគគ្រុនឈាមយ៉ាងសាហាវ បាននឹងកំពុងតែផ្ទុះរាល់ដាលស្ទើរពាសពេញប្រទេសកម្ពុជាយើងគ្រប់ខេត្តក្រុង  ហើយអាចកើតឡើងទាំងចំពោះក្មេងៗតូច  រួមទាំងមនុស្សពេញវ័យផងដែរ  ប្រសិនជាមិនការងារខ្លួនពីសត្វមូសខ្លាខាំនោះទេ។

# រោគសញ្ញាមេរោគគ្រុនឈាម

រោគសញ្ញានៃជំងឺគ្រុនឈាម ធ្វើឱ្យអ្នកជំងឺមានអាការដូចកើតជំងឺផ្តាសាយធំដែរ  ដែលមានរោគសញ្ញានៅក្នុងដំណាក់កាលដំបូងដូចជា៖ ក្តៅខ្លួនខ្លាំង តែមិនហៀរសម្បោរ (ដាក់ថ្នាំត្រជាក់មានប្រសិទ្ធភាពរយៈពេលខ្លីប៉ុណ្ណោះ) ឈឺសាច់ដុំ  ក្អួតចង្អោរ   ឈឺក្បាល ល្ហិតល្ហៃ  អស់កម្លាំង ​ចេះតែងងុយគេង រួមនឹងសញ្ញាមួយចំនួនទៀតដូចជាការឡើងកន្ទួលក្រហមលើស្បែក   និងការហូរឈាមតិច ឬច្រើនផងដែរក្នុងអញ្ចាញធ្មេញ ​ដែលករណីនេះអាចជាករណីដំណាក់កាលធ្ងន់ធ្ងរ។

តែទោះជាយ៉ាងនេះក្តី ​សម្រាប់គ្រូពេទ្យមួយចំនួនដែលមិនមានជំនាញច្បាស់លាស់នៅក្នុងការព្យាបាល ​ឬមិនបានពិនិត្យឈាមរបស់អ្នកជំងឺនៅក្នុងមន្ទីរពិសោធន៍ឱ្យបានត្រឹមត្រូវ ដោយគ្រាន់តែយោងតាមការពិនិត្យជាក់ស្តែងនូវស្ថានភាពរបស់អ្នកជំងឺនៅខាងក្រៅរាងកាយ ​អាចនឹងវិនិច្ឆយរោគខុសក៏ថាបាន ​ដោយជំងឺគ្រុនឈាមក៏ត្រូវបានគេដឹងថាមានរោគសញ្ញា ស្រដៀងនឹងជំងឺមួយចំនួនដូចជា៖ ​ការឡើងឈាមសដែលបណ្តាលមកពីការរលាកផ្នែកមួយចំនួននៃរាងកាយ ​ជំងឺគ្រុនពោះវៀន ​ជំងឺគ្រុនចាញ់ ​ជំងឺផ្តាសាយ ​រួមទាំងជំងឺដទៃទៀត ។

ជាក់ស្តែងក្នុងពេលបច្ចុប្បន្នមានគ្រូពេទ្យមួយចំនួនតូច ​ត្រូវបានគេរកឃើញថាព្យាបាលអ្នកជំងឺខុសពីជំងឺដែលខ្លួនកើតមាន  ដោយការវិនិច្ឆ័យអ្នកជំងឺដែលគ្មានជំងឺគ្រុនឈាមសោះ  ថាកើតជំងឺគ្រុនឈាមទៅវិញ ​ដោយមានមូលហេតុ២យ៉ាង៖

ទី១៖  មិនបានពិនិត្យឈាមរកមេរោគឱ្យបានត្រឹមត្រូវ ​ឬខ្វះជំនាញច្បាស់លាស់

ទី២៖ ​កេងប្រវ័ញ្ជលើជំងឺ  ដោយកុហកថាអ្នកជំងឺមានជំងឺគ្រុនឈាម ​ដើម្បីទទួលបានការព្យាបាលដែលមានតម្លៃថ្លៃ។

ដូចដែលលោកអ្នកបានដឹងហើយថា ​អ្នកដែលកើតជំងឺគ្រុនឈាម ​ត្រូវតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ​ឬកន្លែងថែទាំងសុខភាពជំនាញពី ​៥ថ្ងៃ ​ទៅ៧ថ្ងៃដើម្បីឱ្យជាសះស្បើយ ដោយការបញ្ចូលថ្នាំ ​និងជាតិទឹកតាមរយៈសឺរ៉ូមទៅក្នុងរាងកាយដើម្បីព្យាបាល រួមទាំងការព្យាបាលតាមរយៈក្បួនវេជ្ជសាស្រ្តដទៃទៀត។ ដូច្នេះហើយដោយសារតែការវិនិច្ឆយរោគខុស ​អាចធ្វើឱ្យអ្នកជំងឺទទួលបានការព្យាបាលមិនបានត្រឹមត្រូវដោយមិនត្រឹមតែខាតបង់លុយកាក់ ​តែអាចធ្វើឱ្យជំងឺជាក់ស្តែងកាន់តែធ្ងន់ធ្ងរផងដែរ។

#ត្រូវចងចាំ

ត្រូវចាំថាដើម្បីដឹងថាអ្នកជំងឺ មានជំងឺគ្រុនឈាម ​ឬអត់ ​ត្រូវធ្វើការពិនិត្យឈាមតាមរយៈ ​៣វិធីខាងក្រោមនេះ៖

ទី១៖ ការមើលទៅលើគ្រាប់ឈាម (Hemogramme ) ដោយការរាប់គ្រាប់ឈាម ស ក្រហម និងប្លាកែត ដោយអ្នកជំងឺគ្រុនឈាមនឹងមានលទ្ធផលពិនិត្យដូចជា៖

- ធ្លាក់ចុះនៃចំនួនប្លាកែត (តែជំងឺឆ្លងបង្កដោយវីរុស និងបាក់តេរីមួយចំនួនក៏បង្កឱ្យមានការធ្លាក់ចុះនៃប្លាកែតផងដែរ)

- កើនឡើងនៃចំនួន Hematocrit (កំហាប់ឈាមខាប់)   ដោយសារមេរោគគ្រុនឈាមអាចបង្កឲ្យមានការហូរចេញនៃប្លាស្មា ដែលធ្វើឲ្យបាត់បង់បរិមាណទឹករបស់ឈាមដែលស្ថិតនៅក្នុងសរសៃឈាម

- គ្រាប់ឈាមសមានការធ្លាក់ចុះខ្លាំង ​។

២.  មើលលើឧបករណ៍តេស្តឈាមប្រភេទ NS1៖ ជាការវាស់បរិមាណ អង់ទីហ្សែន NS1 នៅក្នុងឈាមរបស់អ្នកជំងឺ តែតេស្តនេះនឹងិនបង្ហាញលទ្ធផលទេ ប្រសិនបើអ្នកជំងឺចេញរោគសញ្ញាបាន ៤ ឬ ៥ថ្ងៃ រួចមកហើយនោះ ដោយសារតែ អង់ទីហ្សែនដែលបញ្ចេញដោយមេរោគបានបាត់ទៅវិញទៅហើយ។

៣. ឧបករណ៍តេស្តឈាមប្រភេទ Serology antibod៖  តេស្តប្រភេទនេះនឹងបង្ហាញពីការកើតជំងឺជាក់ស្តែងក្នុងពេលបច្ចុប្បន្ន ​រួមទាំងអាចរកឃើញថាអ្នកជំងឺធ្លាប់មានប្រវត្តិកើតជំងឺគ្រុនឈាមពីមុនមក ឬក៏អត់ទៀតផង ​តាមរយៈការមើលអង់ទីក IgM ឬ IgG ។ ​តែតេស្តនេះរាងមានតម្លៃថ្លៃបន្តិច។

ដូច្នេះដើម្បីចៀសវាងការពិនិត្យ  និងវិនិច្ឆយរោគខុស ​អ្នកត្រូវទាមតារឱ្យគ្រូពេទ្យធ្វើការពិនិត្យឈាមរបស់អ្នកឱ្យបានត្រឹមត្រូវ ​ឬសាកសួរលទ្ធផលពិនិត្យឱ្យបានហ្មត់ចត់ ​ចៀសវាងការព្យាបាលខុស ​ដែលនាំឱ្យមានបញ្ហាសុខភាពផងដែរ។

ដោយសព្វថ្ងៃមានអ្នកជំងឺ និងគ្រួសារអ្នកជំងឺជាច្រើនកើតការកើតទុក្ខ ​មិនសុខចិត្ត ​ដោយមានគ្រូពេទ្យមួយចំនួនតូចបានធ្វើការវិនិច្ឆយរោគខុស ​ថាកើតជំងឺគ្រុនឈាម ​តែក្រោយការព្យាបាលប៉ុន្មានថ្ងៃនៅតែមិនជាសះស្បើយឡើយ  ថែមទាំងរឹតតែធ្ងន់ធ្ងរ។ ​តាមរយៈប្រិយមិត្តរបស់ ​Sad  Life  មួយរូបសុំមិនបញ្ចេញឈ្មោះបានប្រាប់មកក្រុមការងារ ​Saf  Life   ផងដែរថា ​ «កូនខ្ញុំឈឺធម្មតាសោះ ​តែគ្រូពេទ្យថាមានជំងឺគ្រុនឈាម ​ទម្រាំដឹងខ្លួនអស់លុយមិនស្ទើរ» « ​ប្អូនជីដូនមួយខ្ញុំអត់ក្តៅខ្លួន ​តែឈឺតែពោះសោះ  ស្រាប់តែពេទ្យទាមទារឱ្យដាក់សឺរ៉ូម ៤ថ្ងៃ ថាកើតគ្រុនឈាម ​»។

ទោះជាព័ត៌មានដែលទទួលបានជាការពិត ​ឬមិនពិតក្តី ​យើងខ្ញុំសូមសំណូមពរឱ្យគ្រូពេទ្យក្នុងក្របខណ្ឌទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតទៅលើការវិនិច្ឆយ  និងព្យាបាលលើអ្នកជំងឺ ​ដើម្បីបង្ការកុំឱ្យមានការព្យាបាលខុសទៅលើអ្នកជំងឺតទៅទៀត ​ហើយអ្នកជំងឺ ​ឬគ្រួសារអ្នកជំងឺខ្លួនឯងសូមធ្វើការផ្ទៀងផ្ទាត់លទ្ធផល  និងសាកសួរឱ្យបានលម្អិតអំពីជំងឺគ្រុនឈាមផងដែរ៕

រក្សាសិទ្ធអត្ថបទ៖ ​Knongsrok