មនុស្សជាច្រើនតែងនិយាយថា មនុស្សស្រីសម័យនេះ ស្រឡាញ់រកតែអ្នកមាន អ្នកមានរាងសង្ហា រូបស្អាតបាត ជាសេដ្ឋី ជាអ្នកជំនួញ តែតាមការពិត មនុស្សស្រីសម័យនេះ នាងរឹងមាំគ្រប់គ្រាន់ អាចជួយឱ្យខ្លួនឯងក្លាយជាសេដ្ឋីបាន ដោយមិនពឹងលើនរណាម្នាក់ឡើយ ដូច្នេះហើយគូជីវិតដែលនាងសម្រេចចិត្តជ្រើសរើស គឺស្ថិតលើទឹកចិត្ត ទើបអាចទិញទឹកចិត្តនាងបាន។
– ទ្រព្យសម្បត្តិ មុខមាត់ ក៏មិនប្រាកដថា អាចជួយលើកស្ទួយនាងឱ្យឈរក្នុងចំណោមអ្នកខ្ពង់ខ្ពស់ដែរ ប្រសិនបើ ម្នាក់នោះ មិនអនុញ្ញាឱ្យនាងចេញមុខក្នុងចំណោមអ្នកមុខអ្នកការ។
– ជាគ្រួសារអភិជន ក៏មិនប្រាកដថា អាចឱ្យនាងក្លាយជាព្រះនាងម្ចាស់ក្នុងចំណោមគ្រួសារគេដែរ ប្រសិនបើម្នាក់នោះ មិនដែលឱ្យតម្លៃ និងគោរពនាង។
ជីវិតគូ ឬគូជិវិត ដែលមនុស្សស្រីរឹងមាំម្នាក់ជ្រើសរើស មិនសំខាន់លើរូបរាង ខ្ពស់ ឬទាប ភ្នែកតូច ឬធំ ច្រមុះស្រួច ឬកំពិត សម្បុរខ្មៅ ឬស ធនធានក្រ ឬមាន នោះទេ សំខាន់ គេជាមនុស្សដែលមានទឹកចិត្ត មានភក្ដីភាព មានសេចក្ដីទៀងត្រង់ គោរព និងឱ្យតម្លៃនាង និងគ្រួសារ មិនកុហក បោកប្រាស់ ឬធ្វើបាបចិត្តនាង នោះហើយជាអ្វីដែលមនុស្សស្រីត្រូវការ មិនមែនលុយរបស់អ្នកអាចទិញនាងបាននោះឡើយ៕
ក្នុងស្រុក រក្សាសិទ្ធ