ប្រហែលជាអ្នកធ្លាប់មានអារម្មណ៍បែបហ្នឹងហើយមែនទេ? មានអារម្មណ៍ថាខ្លួនឯងឯកា គ្មានអ្នកណាខ្វល់ គ្មានអ្នកណានៅក្បែរ សូម្បីតែអ្នកស្រឡាញ់ក៏គ្មាន គ្មានមិត្តយល់ចិត្ត គ្មានសង្សារដូចគេ ... អារម្មណ៍បែបហ្នឹង បើគិតៗទៅ ពិតជាធ្វើឱ្យតូចចិត្តខ្លាំងណាស់។ ជួនកាលក៏សួរខ្លួនថា ៖
- មកពីយើងមិនល្អមែនទេ?
- មកពីយើងមិនមែនជាប្រភេទមនុស្សសម្ភារនិយមមែនទេ?
- មកពីយើងក្រជាងគេមែនទេ?
- មកពីយើងអន់ពេកមែនទេ?
- មកពីយើងមិនស្អាតមែនទេ?
- មកពីយើងរៀនមិនបានច្រើនមែនទេ?
- មកពីយើងជាកូនអ្នកក្រមែនទេ?
- ឬមកពីគេប្រកាន់សមាសភាពគ្រួសារយើងមែនទេ?
ជាការពិត អារម្មណ៍ពេលឯកា អារម្មណ៍ពេលគ្មានអ្នកណាខ្វល់ ឬនៅក្បែរ គឺតែងតែគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង គិតហើយគិតទៀត គិតចុះគិតឡើង គិតឃើញតែរឿងមិនល្អ នឹកតូចចិត្តដល់អ្នកខ្លះ គេមករកយើងតែពេលគេមានការ គេមកអើពើនឹងយើង តែពេលដែលគេត្រូវការប្រើយើងប៉ុណ្ណោះ។
តែមកដល់ពេលនេះ ក៏យល់ថា ការដែលយើងឯកា គ្មានអ្នកណាខ្វល់ វាក៏មានសេរីភាពម្យ៉ាង យើងអាចក្លាយជាមនុស្សរឹងមាំ នឹងធឹង និងស្គាល់ច្បាស់ពីខ្លួនឯងដែរ។ មួយវិញទៀត ការដែលគេមករកយើងឱ្យជួយ ក៏មកពីយើងជាមនុស្សពូកែ រឹងមាំនេះហើយ ទើបគេមកពឹងយើង។
បើគិតក្នុងផ្លូវអវិជ្ជមាន ភាពឯកា គឺមានតែធ្វើឱ្យយើងឃើញតែរឿងអាក្រក់ៗប៉ុណ្ណេាះ តែបើយើងគិតវិជ្ជមាន នោះភាពឯកា គឺជារឿងដែលល្អប្រសើរណាស់។ អ្វីៗគ្រប់យ៉ាងក្នុងជីវិតនេះ មិនថាល្អ ឬអាក្រក់ វាក៏មកពីការគិតរបស់យើងខ្លួនឯងហ្នឹងហើយ៕
អត្ថបទ ៖ ភី អេច
ក្នុងស្រុករក្សាសិទ្ធ