ពិធីមង្គលការ គឺជាពិធីដល់ពិសេសមួយសម្រាប់គូស្វាមីភរិយាថ្មី ដែលត្រូវតែប្រតិបត្តិទៅតាមប្រពៃណី ទំនៀមទំលាប់ និងក្បួនច្បាប់ខ្មែរឱ្យបានភ្ជាប់ផ្ជួនទៅតាមពិធីនីមួយៗ។
ដោយក្នុងនោះពិធីសែនចងដៃ គឺជាពិធីមួយក្នុងចំណោមពិធីជាច្រើននៅក្នុងមង្គលការ ដែលមានមនុស្សមួយចំនួនបានប្រើប្រាស់ពណ៌អំបោះខុសពីទំនៀមទំលាប់ខ្មែរ។
អំបោះចងដៃ ជារបស់ដ៏តូចបំផុត ហើយក៏សំខាន់បំផុតរបស់ខ្មែរក្នុងពិធីមង្គល ក៏អាចនឹងបាត់ថែមិនគង់ព្រោះភ្លេចភ្លាំង ពេលហៅមកវិញហាក់ឆ្ងល់ រហូតសួរថា បងខ្ញុំអ្នកសាមញ្ញ គ្មានយសអំនាច ប្រើបានទេព្រោះឃើញតែកូនអ្នកធំប្រើ អំបោះមាស លឿងនោះ ។
បើអភិសេកជាកូនមាតានាគ និង ព្រះថោង ទោះជានរណាឋានៈប៉ុណ្ណាក៏អាចទទួលប្រើមរតក កេរម៉ែបានដូចគ្នា។
បើយើងមិនគាស់កកាយមរតកដើមមកវិញ វានឹងស្ងាត់បាត់ស្រមោល រហូតប្រើអំបោះឡែនលីឡុងក្រហមហុងស៊ុងតផៅ ភ្លេចមរតកមេជ័យហើយ។
ជាការពិតណាស់ អំបោះគួចចំណងដៃ (អំបោះចងដៃ) ក្នុងក្បួនបុរាណនៃមនុស្សខ្មែរ អំបោះសម្រាប់ចងដៃមាន បីប្រភេទសម្រាប់កិច្ចមង្គលគឺ អំបោះឆៅសសុទ្ធ អំបោះឆៅហូតក្រមួនសុទ្ធ និងអំបោះឆៅស ជ្រលក់ម្សៅរមៀត។
ចំពោះពិធីមង្គលការ ខ្មែរនិយមយកអំបោះឆៅទៅហូតក្រមួនសុទ្ធ ខ្លះជ្រលក់ម្សៅរមៀតហើយហូតទៀនក្រមួន។
ដោយអំបោះនៅក្នុងទំនៀមខ្មែរក៏មានអត្ថន័យ ៣ ពិសេសផងដែរ ដូចជា៖
-អំបោះឆៅ សស្អាតមិនជាប់មន្ទិល
-ទៀនក្រមួន ភាពស្អិតរមួតដូចទឹកឃ្មុំ
-ម្សៅរមៀត ពណ៌តំណាងមាសលឿងឆ្អៅ (ទ្រព្យសម្បត្តិ មាសប្រាក់កែវកង)
ចំណាំ៖ ទំនៀមទំលាប់ខ្មែរមិនប្រើអំបោះធ្វើពីនីឡុង ឬជ្រលក់ពណ៌ក្រហមដូចចិននោះទេ៕
ដកស្រង់ពី៖ យសោធរ បុត្រ
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក