ថៃ៖ ជីវិតមនុស្សម្នាក់ៗអ្វីដែលសំខាន់បំផុតគឺការងារ របររកស៊ី និងការរកប្រាក់ដើម្បីចិញ្ចឹមជីវិត តែការគិតតែរឿងលុយតែមួយមុខ នឹងធ្វើឱ្យអ្នកបាត់បង់សេចក្តីសុខស្ទើរតែពាក់កណ្តាលជីវិតដើម្បីតែវា ជាពិសេសថែមទាំងអាចកើតស្ត្រេស ឬធុញថប់ជិវិតគ្មានពេលរីករាយទៀតផង។ ធ្លាប់ទេ? ពិបាកចិត្តពេកចង់គេងលើចុងឈើ? ពាក្យនេះត្រូវបានគេនាំគ្នានិយាយលេងពេលស្ត្រេសដោះស្រាយមិនចេញ តែវាលែងជាក្តីស្រមៃទៀតហើយ!
ថ្ងៃនេះ «ក្នុងស្រុក» សូមណែនាំកន្លែងស្នាក់នៅដ៏ពិសសម្យ៉ាង ដែលរៀបចំផ្ទះនៅលើដើមឈើ ប្រៀបបីដូចជាសម្បុកចាប ដែលកំពុងតែទទួលបានភាពល្បីល្បាញនោះគឹ Lanna Wild។
Lanna Wild មិនត្រឹមតែជាកន្លែងបោះជំរុំនៅកណ្តាលព្រៃភ្នំក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ដ៏ប្រណីតតែប៉ុណ្ណោះទេ តែទីនេះមានផ្ទះស្នាក់នៅរចនាម៉ូតលើដើមឈើគួរជាទីពេញចិត្ត សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ និងចង់រកពេលសោយសុខដល់ខ្លួនឯងជាមួយនឹងធម្មជាតិពិតៗ។ បើទោះបីត្រឹមជាផ្ទះស្នាក់នៅធ្វើពីប្ញស្សី និងធ្វើពីឈើក៏ពិតមែន តែផ្ទះស្នាក់នៅមួយនេះរៀបចំជាមួយនឹងបរិក្ខារ និងសំភារៈក្នុងបន្ទប់ឡើងប្រណីតដូចបន្ទប់សណ្ឋាគារលំដាប់ផ្កាយ មានទាំងទឹកក្តៅ ទឹកត្រជាក់ ថែមទាំងមានកូនអាងត្រាំទឹកនៅសំយ៉ាបបន្ទប់ខាងក្រៅគយគន់ទេសភាពកណ្តាលទ្រូងព្រៃផងដែរ។
ក្រៅពីកន្លែងស្នាក់នៅលើចុងឈើដ៏ឥតខ្ចោះ ទីនោះគឺជាតំបន់ដែលសម្បូរទៅដោយទេសភាពស្រស់បំព្រង ព្រៃភ្នំ ទឹកជ្រោះ និងកន្លែងបែបធម្មជាតិដ៏ឥតខ្ចោះស្ទើរតែមិនអាចរៀបរាប់បាន។
គួរឱ្យដឹងផងដែរថា Lanna Wild មានទីតាំងស្ថិតនៅក្នុងសង្កាត់ Mae On ខេត្តឈៀងម៉ៃប្រទេសថៃ ដោយអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 089 - 143 – 9225 ឬទីតាំងផែនទីមួយនេះ៖ https://goo.gl/maps/5C2kysiEow52 ៕
រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក
ប្រភពរូបភាព៖ Sneak out หนีเที่ยว និង Lan Na Wild