សៀមរាប៖ ការធ្វើដំណើរកម្សាន្ត ក្រៅពីចង់ទៅដើរលេងឱ្យសប្បាយៗដើម្បីលំហែអារម្មណ៍ពីភាពស្មុកស្មាញហើយនោះ លោកអ្នកប្រាកដគឺចង់ទទួលបានផាសុកភាពទាំងការទទួលទាន និងការស្នាក់នៅជាពិសេស។
ដូច្នេះសម្រាប់អ្នកដែលមកលេងខេត្តសៀមរាបក្រៅពីចង់ទស្សនាប្រាសាទ និងកន្លែងធម្មជាតិដ៏រីករាយ លោកអ្នកពិតជាកំពុងតែស្វែងរកកន្លែងស្នាក់នៅដ៏ល្អ ដែលនៅខេត្តសៀមរាបពិតជាមានកន្លែងស្នាក់នៅដ៏ពិសេសជាច្រើនកន្លែងណាស់ឱ្យអ្នកជ្រើសរើស។ តែប្រសិនជាអ្នកជាមនុស្សមានរសនិយមខ្ពស់ និងស្រលាញ់ភាពស្ងប់ស្ងាត់ «ក្នុងស្រុក » សូមណែនាំកន្លែងស្នាក់នៅដ៏ពិសេសមួយនោះគឺ « Templation Hotel »។
Templation Hotel គឺជាសណ្ឋាគារលំដាប់ផ្កាយ ៤ មួយដែលមានភាពល្បីល្បាញខ្លាំងសម្រាប់ជនបរទេសមកកម្សាន្ត ដោយសារតែវាមានលក្ខណៈស្ងប់ស្ងាត់ មានភាពឯកជនខ្ពស់ ជាពិសេសគឺមានអាងទឹកធំដ៏ប្រណីតមួយ។ ចំពោះកន្លែងស្នាក់នៅគឺបែបវីឡា ដែលមានបណ្តប់មើលកុន ថែមទាំងមានកូនអាងហែលទឹក១ ប្រចាំវីឡានីមួយៗផងដែរ ដោយសណ្ឋាគារមួយនេះក៏ធ្លាប់ទទួលបានពានរង្វាន់ទៅលើការរចនាអាងហែលទឹក និងទេសភាពនៃបរិវេណអាងហែលទឹកទៀតផង។ ជាពិសេសនៅពេលព្រឹកលោកអ្នកអាចទទួលបានបទពិសោធន៍ថ្មី នៃការទទួលទានអាហារលើអាងទឹក ដោយថាសបណ្តែតទឹក ស្រដៀងនឹងការទទួលទានអាហារនៅកោះម៉ាឌីវដូចគ្នា។
គួរឱ្យដឹងផងដែរថា សណ្ឋាគារ Templation មានចំងាយ 3.3 គីឡូម៉ែត្រពី Pub Street 3,4 គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និងពីរោងមហោស្រពអប្សរាមានចំងាយ 500 ម៉ែត្រ ដោយភ្ញៀវដែលស្នាក់នៅទីនេះអាចជួលឡាន ឬជួលកង់ជិះដើរលេងនៅជុំវិញប្រាសាទដោយគិតថ្លៃទៀតផង។ អាចស្វែងរកទីតាំងលំអិតទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 012 233 350 ។ តែចំពោះតម្លៃនៃការស្នាក់នៅវិញ រាងខ្ពស់បន្តិចហើយ ដោយតម្លៃទាបបំផុតគឺខ្ទង់ 129$ ក្នុងមួយយប់ឯណោះ៕