ភាគច្រើនក្រោយរៀបការជាមួយគ្នាច្រើនឆ្នាំ យើងតែងសង្កេតឃើញថារូបរាងកាយប្រពន្ធនឹងចាប់ផ្តើមផ្លាស់ប្តូរម្តងបន្តិចៗ ដូចជាធាត់ជាងមុន ឬ មិនសូវស្អាតដូចមុន។ ប៉ុន្តែបើសិនអ្នកជាប្តី បែរជាទៅរិះគន់ប្រពន្ធព្រោះតែរឿង៣យ៉ាងនេះគឺបញ្ជាក់ថាអ្នកជាប្តីដែលអសមត្ថភាព មិនអាចមើលថែប្រពន្ធបានល្អ និងជាប្តីដែលគ្មានទំនួលខុសត្រូវលើប្រពន្ធ៖
១.ស្នាមសង្វារក្រោយពេលសម្រាលកូន៖ គ្រប់គ្នាគិតថាស្នាមសង្វាររបស់មនុស្សស្រីគឺអាក្រក់ខ្លាំងណាស់ ហើយប្តីជាច្រើនថែមទាំងរិះគន់ថាមិនចង់ប៉ះប្រពន្ធក្រោយសម្រាលកូន ដោយសារខ្ពើមរអើមនឹងស្នាមនោះថែមទៀត។ ប៉ុន្តែតើបុរសដឹងទេថាស្នាមសង្វារក្រោយសម្រាលគឺជាចំណុចមាសនៅលើរាងកាយរបស់ស្ត្រី។ ស្នាមនោះបង្កប់នូវអត្ថន័យនៃការលះបង់ដ៏ធំធេង ដែលនាងមានចំពោះគ្រួសារ។ ដូច្នេះបុរសទាំងឡាយសូមយោគយល់ដល់ភរិយាផង ការឆ្លងកាត់ការមានផ្ទៃពោះ និងសម្រាលកូនគឺពិបាកណាស់សម្រាប់នាង។ បុរសគួរតែរស់នៅដោយការទទួលខុសត្រូវជាមួយគ្រួសាររបស់ពួកគេ។ មិនថាប្រពន្ធរបស់អ្នកបែបណា ឬ រាងកាយនាងប្រែជាបែបណាទេ ចូររៀនគោរព និងស្រឡាញ់នាងច្រើនជាងមុនឱ្យសក្តិសមនឹងការលះបង់របស់នាង។
២.ខ្លាញ់ក្បាលពោះ៖ កុំល្ងង់ទៅញុះញង់ ឬ រិះគន់ប្រពន្ធថាមិនចេះកែប្រែសភាពរាងកាយខ្លួន។ គ្មានមនុស្សស្រីឯណាដែលអាក្រក់ពីកំណើតទេ ហើយរូបរាងក៏មិនមែនជារឿងសំខាន់នៅក្នុងទំនាក់ទំនងប្តីប្រពន្ធដែរ ប្រសិនបើអ្នកជាប្តីដ៏ល្អនោះអ្នកក៏មិនត្រូវអន់ចិត្ត បើគ្រាន់តែប្រពន្ធធាត់ជាងមុននោះដែរ។ ដោយសារនាងជាប្រពន្ធរបស់អ្នក អ្នកត្រូវតែអាណិតនាង និងរៀបស្វែងយល់បន្ថែមពីបញ្ហារបស់នាង ព្រោះពេលខ្លះបើនាងទទួលបានការស្រលាញ់ថ្នាក់ថ្នម ការមើលថែ និងលើកទឹកចិត្តពីអ្នក ក៏ប្រហែលនាងមិនទៅជាបែបនេះដែរ។
៣.បាត់បង់ចំណូលចិត្តតែងខ្លួន៖ ស្ត្រីណាក៏ចង់នៅតែស្អាត និងក្មេងរហូតដែរ ខុសត្រង់ថាក្រោយរៀបការមានគ្រួសាររួចនាងត្រូវរវល់មើលថែអ្នកផ្ទះ និងកិច្ចការងារចិញ្ចឹមកូនជាងមុន ដូច្នេះហើយទើបនាងលែងមានពេលអោយខ្លួនឯងច្រើនដូចមុន។ ធ្វើជាប្តីគេកុំចាំតែរិះគន់ តែអ្នកត្រូវសិក្សាពីមូលហេតុអោយបានច្បាស់ ថាតើប្រពន្ធប្រែពីស្រីស្អាតទៅជាស្រីសាមញ្ញមិនដែលតែងខ្លួន ដោយសារតែអ្វី? ប្រសិនបើដោយសារនាងរវល់ ហេតុនេះអ្នកគួរតែជួយចែករំលែកការងារនាងខ្លះដើម្បីអោយនាងបានសម្រាក និងអាចសល់ពេលសម្រាប់មើលថែខ្លួនឯង៕