សកម្មភាពតូចៗគឺជាអាថ៌កំបាំងក្នុងការជួយគ្រួសារជាច្រើនឱ្យកាន់តែមានសុភមង្គល និងរស់នៅជាមួយគ្នាដើម្បីឱ្យគ្រួសាររីកចម្រើន ព្រោះកត្តាតូចៗទាំងនេះនឹងចូលទៅផ្សារភ្ជាប់ចំណងអាពាហ៍ពិពាហ៍មិនអោយមានភាពរង្គោះរង្គើរ ឬ ប៉ះទង្គិចឡើយ ជាហេតុជួយអោយប្តីប្រពន្ធស្រលាញ់គ្នាបានយូរ និងមានសុភមង្គល ជាពិសេសគឺ៥ចំណុចខាងក្រោមនេះ៖
១.បង្ហាញការដឹងគុណ៖ ការដឹងគុណ ការស្ទាបអង្អែល ការនិយាយអរគុណចំពោះភរិយា ស្វាមី និងកូនរបស់អ្នក គឺជាវិធីសាមញ្ញមួយដើម្បីបង្កើនអារម្មណ៍នៅក្នុងគ្រួសារ។ ប្រាប់គេថាអរគុណដោយស្មោះ ដឹងគុណនៅក្នុងចិត្ត ពេលប្តី ឬ ប្រពន្ធធ្វើម្ហូបឆ្ងាញ់ៗ ពេលគេយកទឹកមួយកែវអោយអ្នក ពេលគេច្របាច់ស្មាអោយ និងពេលដែលគេព្យាយាមបង្ហាញការស្រលាញ់មកកាន់អ្នក ព្រោះពាក្យសាមញ្ញបំផុតទាំងនោះជួយបង្កើនភាពរំភើបក្នុងគ្រួសារ។ ក្រោយពេលរៀបការ មនុស្សជាច្រើនចាត់ទុកទង្វើរបស់ប្ដីប្រពន្ធជាកាតព្វកិច្ចជាក់ស្តែង ហើយថែមទាំងប្រៀបធៀបពួកគេទៅនឹងអ្នកដទៃ និងរិះគន់ពួកគេ។ នោះធ្វើឱ្យអាពាហ៍ពិពាហ៍កាន់តែមានបន្ទុក និងការទទួលខុសត្រូវ ដែលធ្វើឱ្យអារម្មណ៍តានតឹង។ ដូច្នេះសូមសរសើរពីភាពខ្លាំងរបស់ប្តី ឬ ប្រពន្ធ ហើយដឹងគុណចំពោះអ្វីដែលពួកគេធ្វើសម្រាប់អ្នក និងគ្រួសាររបស់អ្នក។
២.រីករាយជាមួយពេលវេលាប្រកបដោយគុណភាពជាមួយគ្នា៖ ពេលវេលាប្រកបដោយគុណភាព មានន័យថាជាពេលដែលស្វាមី និងភរិយាមានទំនាក់ទំនងជាមួយគ្នាយ៉ាងជ្រាលជ្រៅ មានភាពឯកជន និងមានទំនោរទៅរកគ្នាទៅវិញទៅមកដោយគ្មានការរំខាន។ យកចិត្តទុកដាក់លើពេលវេលាប្រកបដោយគុណភាពនេះ ព្រោះវាអាចជួយទ្រទ្រង់សុភមង្គលសម្រាប់ថ្ងៃខាងមុខ។ ប្ដីប្រពន្ធគួរប្រើពេលវេលាស្និទ្ធស្នាលរបស់គ្នាទៅវិញទៅមកឱ្យបានល្អបំផុត ណាត់ជួបគ្នាជាលក្ខណៈឯកជន និងផ្តល់អារម្មណ៍រំភើបចំពោះគ្នាទៅវិញទៅមក។ ក្រោយរៀបការរួច ប្ដីប្រពន្ធអាចនឹងមានភារកិច្ចមមាញឹកជាច្រើន ដែលរារាំងដោយកូន និងសាច់ញាតិ។ ប្ដីប្រពន្ធនៅឆ្ងាយគ្នាច្រើនដង ដូចនេះត្រឹមតែរយៈពេលខ្លីមួយប្រកបដោយគុណភាពនឹងធ្វើឱ្យពួកគេចងចាំគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ និងធ្វើឱ្យស្នេហារវាងស្វាមីភរិយាជំនះរាល់ឧបសគ្គផ្សេងៗ។
៣.សូមអភ័យទោស និងអធ្យាស្រ័យគ្នាទៅវិញទៅមក៖ សុំទោស គឺជាពាក្យសាមញ្ញមួយ ប៉ុន្តែមនុស្សជាច្រើនមិនអាចនិយាយវាទៅកាន់ប្តីប្រពន្ធរបស់ពួកគេបានទេ។ ពេលខ្លះដឹងថាយើងខុស ប៉ុន្តែយើងមិនសុំទោស យើងគ្រាន់តែបិទបាំង ឬ ធ្វើអ្វីផ្សេងដើម្បីធ្វើឱ្យយើងភ្លេចថាខ្លួនបានធ្វើរឿងដែលមិនគប្បី។ តែដើម្បីសុភមង្គលគ្រួសារអ្នកត្រូវតែប្រឈមមុខនឹងវាដោយស្មោះត្រង់ហើយសុំទោស ព្រោះបន្ទាប់មករបួសរបស់ដៃគូនឹងជាសះស្បើយយ៉ាងឆាប់រហ័ស។ ការសុំទោសបង្ហាញពីភាពស្មោះត្រង់ ហើយនឹងជួយលុបបំបាត់រឿងជាច្រើន និងសម្រាលរបួសក្នុងចិត្ត។ ក្នុងជីវិតអាពាហ៍ពិពាហ៍ យើងត្រូវដឹងពីវិធីសុំទោស និងអភ័យទោសឲ្យគ្នាទៅវិញទៅមក។ ការអភ័យទោសគឺជាដំណើរការអន្តរកាលដែលពាក់ព័ន្ធនឹងការចាកចេញពីភាពអវិជ្ជមាន ដែលត្រូវបានបង្ហាញដោយការភ្លេចនិយាយអំពីអតីតកាល។
៤.ទទួលយកភាពខុសគ្នារបស់ប្តី/ប្រពន្ធ៖ គ្មានប្ដីប្រពន្ធណាដែលដូចគ្នាទាំងស្រុង ឬ យល់ស្របក្នុងអ្វីគ្រប់យ៉ាងដោយមានមតិដូចគ្នាទាំងអស់នោះទេ។ ដូច្នេះយើងត្រូវរៀនទទួលយក និងគោរពចំពោះភាពខុសគ្នា។ ប្រសិនបើមានជម្លោះនៅក្នុងការសម្រេចចិត្តត្រូវតែមានគោលការណ៍បង្រួបបង្រួម។ កុំលេងសើចនឹងភាពខុសគ្នារបស់គ្នាទៅវិញទៅមក។ នៅពេលដែលអ្នកដឹងពីរបៀបយកចិត្តទុកដាក់ចំពោះទស្សនៈរបស់អ្នកដទៃ នោះអ្នកដ៏ទៃនឹងមានអារម្មណ៍យកចិត្តទុកដាក់ ជិតស្និទ្ធ និងកាត់បន្ថយអារម្មណ៍នៃជម្លោះរវាងគ្នា។ ដូច្នេះ ប្តីប្រពន្ធត្រូវស្តាប់គ្នាអោយបានច្រើនតាមដែលអាចធ្វើទៅបាន។
៥.គ្រប់គ្រងអារម្មណ៍របស់អ្នកនៅពេលនិយាយ៖ ប្រសិនបើអ្នកខឹង យកល្អគួរតែនៅឱ្យឆ្ងាយពីគ្នា ហើយកុំនិយាយអ្វីផ្សេង។ ការនិយាយពេលខឹងនឹងបង្កើនអារម្មណ៍ និងបង្ហាញពីចំណុចអាក្រក់ទាំងអស់ ដែលនៅពេលក្រោយនឹងជាប់ក្នុងចិត្តរៀងខ្លួន។ ដូច្នេះក្នុងការរៀបការគួរតែមានភាពសប្បាយរីករាយនិងកំប្លែងដើម្បីធ្វើឱ្យមានអារម្មណ៍ធូរស្រាល ដែលនោះអាចជួយសម្រាលភាពតានតឹងក្នុងគ្រួសារ។ ដូច្នេះហើយ ប្តីប្រពន្ធគួរចែករំលែករឿងកំប្លែងជាមួយគ្នា និងកុំតឹងរ៉ឹងពេក។ រៀនគ្រប់គ្រងអារម្មណ៍ខ្លួនឯង រៀននៅស្ងៀមពេលខឹង ឬ យកល្អគួរតែនៅឆ្ងាយគ្នានៅពេលនោះ ព្រោះមនុស្សម្នាក់ៗមានកន្លែងរៀងៗខ្លួន ចាំបាត់ខឹងសឹមនិយាយគ្នានៅពេលក្រោយ។ ព្រោះការនិយាយគ្នានៅពេលខឹងពេក នឹងមិនអាចគ្រប់គ្រងអារម្មណ៍បាន ដែលជាប្រភពនៃការបែកបាក់៕