បើមនុស្សស្រីចង់បានគេស្រលាញ់ រស់នៅដោយសុភមង្គល ឬ ចង់ឯករាជ្យ ជឿជាក់ និងទាក់ទាញក្នុងក្រសែភ្នែកអ្នកដទៃ នាងក៏ត្រូវតែស្រលាញ់ខ្លួនឯង និងកែលម្អខ្លួនឯងជានិច្ច។ ចង់មានជីវិតរីករាយ និងក្លាយជាមនុស្សស្រីមានទំនុកចិត្ត និងទាក់ទាញ សូមចាំ ៦ ចំណុចខាងក្រោម៖
១.បើមិនស្អាត យ៉ាងហោចណាស់ត្រូវមានទំនុកចិត្ត៖ អ្នកប្រហែលជាមិនសំណាងទេដែលមានមុខស្អាតនិងរាងសិចស៊ីដូចមនុស្សស្រីដទៃទៀតនៅជុំវិញអ្នក។ ប៉ុន្តែត្រូវចាំថា សម្រស់ជាអ្វីដែលអាចវះកាត់បាន ប៉ុន្តែបុគ្គលិកលក្ខណៈមិនអាចធ្វើបានឡើយ។ ដូច្នេះ ចូររៀបចំខ្លួនអ្នកជា«ជាមនុស្សដែលមានចិត្តដ៏ស្រស់ស្អាត» ដើម្បីបញ្ចេញពន្លឺដោយទំនុកចិត្តតាមវិធីរបស់អ្នក។ ហើយកុំភ្លេចថែរក្សាខ្លួនអ្នកជាមួយនឹងរបបអាហារដែលមានសុខភាពល្អ និងរបៀបរស់នៅដើម្បីការពារសុខភាពរបស់អ្នក។
២.កុំយកការរៀបការនិងការមានកូនមកក្នុងផែនការជីវិតរបស់អ្នក៖ ខ្ញុំនឹងរៀបការនៅអាយុ 25 ឆ្នាំ សម្រាលបានកូនដំបូងរបស់ខ្ញុំនៅអាយុ 26 ឆ្នាំ និងកូនទីពីររបស់ខ្ញុំនៅអាយុ 28 ឆ្នាំ... សូមបោះបង់ផែនការជីវិតលម្អិតទាំងនេះ។ អ្នករស់នៅបានតែម្តងគត់ក្នុងជីវិតនេះ សូមឲ្យអ្វីៗកើតឡើងដោយធម្មជាតិ និងរស់នៅដោយរីករាយ ដែលអ្នកសមនឹងទទួលបាន។ សូមកុំបង្ខំខ្លួនឯងអោយគិតពីរឿងដែលមិនទាន់កើតឡើងច្រើនពេក កុំដាក់សម្ពាធលើខ្លួនឯង។
៣.មនុស្សស្រីមិនអាចស្លាប់ដោយគ្មានមនុស្សប្រុសបានទេ ប៉ុន្តែបើគ្មានលុយ នាងប្រាកដជាវេទនា៖ មនុស្សប្រុសអាចចាកចេញពីអ្នកបាន ប៉ុន្តែលុយមិនអាចទេ ព្រោះបើអត់វាជីវិតអ្នកនឹងលំបាក។ ដូច្នេះហើយ កុំចាប់ចិត្តនឹងអារម្មណ៍ ហើយបោះបង់អាជីព ឬ សមត្ថភាពរបស់អ្នក ដើម្បីតែមនុស្សប្រុសដែលអ្នកស្រលាញ់ ព្រោះនេះជាទង្វើបំផ្លាញខ្លួនឯង។
៤.មនុស្សស្រីមានភាពទាក់ទាញបំផុតនៅពេលដែលពួកគេងប់ងល់នឹងក្តីសុបិនរបស់ពួកគេ មិនមែននៅពេលពួកគេសុំលុយពីប្តីនោះទេ៖ នារីដែលមានភាពទាក់ទាញមិនមែនសំដៅលើមុខស្អាត រាងស្លីម ជាមនុស្សរីករាយ ឬ មានបុគ្គលិកលក្ខណៈគួរឱ្យចាប់អារម្មណ៍នោះទេ។ ទាំងនោះគឺគ្រាន់តែជា "ចំណុចផ្សំ" ដែលជួយឱ្យអ្នកធ្វើឱ្យមានចំណាប់អារម្មណ៍ល្អក្នុងក្រសែភ្នែកអ្នកដទៃប៉ុណ្ណោះ។ អ្វីដែលសំខាន់បំផុតក្នុងជីវិតអ្នកគឺភាពឯករាជ្យ ភាពឆ្លាតវៃ និងធ្វើតាមបេះដូងរបស់អ្នក។ ប្រសិនបើអ្នករស់នៅដោយផ្អែកលើហិរញ្ញវត្ថុរបស់ប្តីអ្នក នោះអ្នកនឹងក្លាយទៅជាមនុស្សស្រីដែលអត់ប្តីមិនបាន ត្រូវចាំគាប់បម្រើប្តីអស់មួយជីវិត។
៥.បើអ្នកគ្មានតម្លៃក្នុងចិត្តនរណាម្នាក់ទេ ចូរដើរចេញ៖ កុំរវល់តែព្យាយាមផ្គាប់ចិត្តអ្នកដទៃដែលគេធ្វើបាបអ្នក ត្រូវចេះទុកពេលវេលាឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ផ្លូវចេញឲ្យខ្លួនឯង ហើយស្វែងរកសុភមង្គលថ្មីដែលអ្នកប៉ងប្រាថ្នា។
៦.អ្នកត្រូវចេះការពារខ្លួនឯង៖ អ្នកកើតមកជាស្រីជារឿងដែលកម្សត់ណាស់ទៅហើយ ព្រោះមនុស្សស្រីធ្វើខុសគឺចាំតែមានអ្នកបន្ទោសទេ ខុសពីមនុស្សប្រុសដែលជាមាសទឹកដប់។ ហេតុនេះបើអ្នកមិនរឹងមាំ ធ្វើខ្លួនឱ្យខ្លាំងទេ ជីវិតអ្នកនឹងត្រូវអ្នកដទៃគាបសង្គប់រហូត មិនអាចរើបម្រាស់នោះទេ៕